ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ៖ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ទើបកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជាង ៩០ភាគរយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 52
សម្តេចតេជោ ហ៊ុន សែន ៖ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ទើបកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជាង ៩០ភាគរយ មន្ទីរពេទ្យព្រះអង្គឌួង

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ឥឡូវនេះកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងការពារសុខភាពពីជំងឺកូវីដ-១៩ ជាង៩០ភាគរយហើយនៃចំនួនប្រជាជនសរុបក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនេះជាភាពស៊ាំក្នុងសហគមន៍។ សម្តេចបញ្ជាក់ថា នេះជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការសហការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់អាជ្ញាធរក្នុងមូលដា្ឋន រួមទាំងក្រុមគ្រូពេទ្យដែលបានខិតខំប្រឹងប្រែងផងដែរ ក្នុងការខិតខំយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា កាលពីមុនប្រជាជនហាក់មិនឱ្យតម្លៃដល់ក្រុមគ្រូពេទ្យរបស់យើងនោះទេ តែដល់ជួបស្ថានភាពនឹងជំងឺកូវីដ-១៩ ស្រាប់តែការគិតពីអវិជ្ជមានទៅជាវិជ្ជមានវិញ ដោយឃើញពីគុណសម្បត្តិរបស់គ្រូពេទ្យ។ ទន្ទឹមគ្នានេះ គ្រូពេទ្យកម្ពុជាត្រូវបានប្រសិទ្ធនាមថា ជាកងទ័ពអាវស ដែលបានខិតខំប្រឹងប្រែងព្យាបាលអ្នកជំងឺកូវីដ-១៩ ឱ្យបានជាសះស្បើយ ហើយអត្រាស្លាប់មានចំនួនតិច បើប្រៀបធៀបនឹងចំនួនអត្រាឆ្លង និងស្លាប់ នៅក្នុងបណ្តាប្រទេសនានាក្នុងពិភពលោក៕

អត្ថបទទាក់ទង