ខ្មែរប៉ុស្ដិ៍ Close

តើលោក ស៊ី ជីនពីង អាចពង្រឹងសេដ្ឋកិច្ចចិនបានដោយរបៀបណា?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 65
តើលោក ស៊ី ជីនពីង អាចពង្រឹងសេដ្ឋកិច្ចចិនបានដោយរបៀបណា? តើលោក ស៊ី ជីនពីង អាចពង្រឹងសេដ្ឋកិច្ចចិនបានដោយរបៀបណា?

លោក ស៊ី ជីនពីង គ្រោងនឹងក្លាយជាប្រធានាធិបតីកាន់តំណែងចំនួន ៣ អាណត្តិជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រចិន ខណៈដែលសមាជជាតិលើកទី២០ របស់គណបក្សកុម្មុយនីស្តចិន នឹងប្រព្រឹត្តឡើងនៅក្នុងខែនេះ។ សមាជនេះនឹងក្លាយជាឱកាសដ៏ល្អក្នុងការវាយតម្លៃជារួមលើកំណត់ត្រាគោលនយោបាយសេដ្ឋកិច្ចរបស់លោក ស៊ី ជីនពីង នៅក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះ បូករួមនឹងការរិះរកវិធានការជាក់ស្តែងមួយចំនួន ដើម្បីពង្រឹងសកម្មភាពសេដ្ឋកិច្ចនៅក្នុងអាណត្តិថ្មី។

នៅពេលលោក ស៊ី ជីនពីង បានឡើងកាន់តំណែងនយោបាយកំពូលរបស់ចិននៅឆ្នាំ ២០១២ សេដ្ឋកិច្ចកំពុងទទួលបាននូវភាពជោជ័យខ្លាំង ក៏ប៉ុន្តែវាក៏មានបញ្ហាធ្ងន់ធ្ងរមួយចំនួនផងដែរ។ GDP របស់ចិនបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ១០% ក្នុងរយៈពេលជាង ១ ទសវត្សរ៍។ ប៉ុន្តែការធ្លាក់ចុះ គឺជារឿងដែលមិនអាចចៀសផុតនោះទេ ដោយក្នុងនោះ អត្រាកំណើន GDP បានដាំក្បាលចុះស្ទើររាល់ឆ្នាំ បើគិតចាប់ពីឆ្នាំ ២០០៨ មក។

លើសពីនេះ បញ្ហាវិសមភាពបានបន្តកើនឡើង ដោយក្នុងនោះ សន្ទស្សន៍ Gini Index បានកើនឡើង ១៣ % នៅចន្លោះឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០០០។ នៅដើមសតវត្សរ៍នេះ វិសមភាពនៅចិនបានវ៉ាដាច់វិសមភាពនៅសហរដ្ឋអាមេរិកជាលើកដំបូង។ ទន្ទឹមនេះ ការបំពុលបរិស្ថានក៏បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះប្រទេសចិនផងដែរ។

គិតត្រឹមឆ្នាំ ២០១៣ ខ្យល់នៅទីក្រុងប៉េកាំងមានសារធាតុល្អិត PM2.5 ជាមធ្យមចំនួន ១០២ មីលីក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ខណៈដែលទីក្រុង Los Angeles (ដែលមានប្រវត្តិល្បីខាងការបំពុលខ្យល់) មានសារធាតុ PM2.5 ប្រមាណតែ ១៥ មីលីក្រាមប៉ុណ្ណោះ។ អ្នករស់នៅទីក្រុងចិនបានត្អូញត្អែរកាន់តែខ្លាំងអំពីជំងឺសួតនិងបេះដូង បូករួមនឹងអត្រាមរណៈភាពខ្ពស់ដោយសារការបំពុលបរិស្ថាន។

ប្រទេសចិនក៏ត្រូវបានញាំញីដោយការបំពុលទឹកផងដែរ ដោយសារតែការបង្ហូរសារធាតុគីមីចេញពីរោងចក្រ, កសិដ្ឋាន និងការដ្ឋានជីករ៉ែ។ នៅតំបន់ជនបទ ពេលខ្លះភូមិនានា និងទីប្រជុំជនទាំងមូលត្រូវបានបង្ខំឱ្យផ្លាស់ប្តូរទីតាំង ដោយសារប្រភពផ្គត់ផ្គង់ទឹកមានភាពកខ្វក់ខ្លាំង ដល់ថ្នាក់មិនអាចស្តារឡើងវិញបាន។

ប្រទេសចិនក៏កំពុងបាត់បង់កម្លាំងពលកម្មរបស់ខ្លួនជាបណ្តើរៗផងដែរ។ អត្រាផ្តល់កំណើតខ្ពស់ខ្លាំងក្នុងចំនួនប្រមាណ ៦ នាក់ក្នុងស្រ្តីម្នាក់បានចាប់ផ្តើមដាំក្បាលចុះនៅទសវត្សរ៍ឆ្នាំ ១៩៧០ ហើយចាប់តាំងពីឆ្នាំ ២០០០ រហូតមកដល់បច្ចុប្បន្ន «ស្ត្រីម្នាក់អាចផ្តល់កំណើតកូនបានត្រឹមតែ ២ នាក់ប៉ុណ្ណោះ»។

ក្រុមមនុស្សដែលមានអាយុពេញកម្លាំងធ្វើការរបស់ចិនបានធ្លាក់ចុះពីចំនួន ៨០% នៃចំនួនពលរដ្ឋសរុបនៅឆ្នាំ ១៩៧០ មកនៅត្រឹមចំនួន ៣៧% នៅឆ្នាំ ២០១២ ខណៈដែលមនុស្សដែលមានអាយុ ៦៥ ឆ្នាំឡើងបានកើនឡើងទ្វេដង ពោលគឺពីចំនួន ៤% នៅឆ្នាំ ១៩៧០ ដល់ ៨% នៅឆ្នាំ ២០១២។ ចរន្តទាំងនេះបានធ្វើឱ្យរដ្ឋាភិបាលស្ថិតក្នុងស្ថានភាពដ៏លំបាកសម្រេចចិត្ត។

បើទោះបីជាអ្នកធ្វើគោលនយោបាយចាំបាច់ត្រូវទប់ស្កាត់ចំនួនពលរដ្ឋជារួមមិនឱ្យកើនឡើងកាន់តែខ្លាំងក៏ដោយ ក៏ពួកគេចាំបាច់ត្រូវបង្កើនការផ្គត់ផ្គង់ពលរដ្ឋវ័យក្មេងដែលពេញទៅដោយកម្លាំងធ្វើការ ដើម្បីផ្តល់ការគាំទ្រដល់ពលរដ្ឋដែលមានអាយុកាន់តែចាស់។

ការថ្នាក់ថ្នាំងចិត្តក្នុងសង្គមបានកើនឡើង ដោយក្នុងនោះសន្ទស្សន៍ដ៏មានប្រជាប្រិយមួយបានរកឃើញថា «ការយល់ឃើញរបស់សាធារណជនចំពោះអំពើពុករលួយរបស់រដ្ឋាភិបាល បានកើនឡើងទ្វេដងនៅចន្លោះឆ្នាំ ១៩៩១ ដល់ ២០១២»។ កូដកម្មនៅកន្លែងការងារប្រមាណ ១ ៣០០ បានកើតមាននៅឆ្នាំ ២០១៤ ហើយនៅត្រឹមឆ្នាំ ២០១៦ តួលេខនេះបានកើនឡើងជាងទ្វេដងដល់ចំនួន ២ ៧០០០។

នៅពេលដែលលោក ស៊ី ជីនពីង ឡើងកាន់អំណាច លោកបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីកត្តាប្រឈមទាំងនេះ។ ប៉ុន្តែចំណុចវិជ្ជមានមួយចំនួនក៏អាចសម្រេចបានផងដែរ ដោយក្នុងនោះកម្រិតខ្យល់ពុល PM2.5 នៅបណ្តាទីក្រុងធំៗ ដូចជាទីក្រុងប៉េកាំង និងសៀងហៃជាដើម បានថយចុះពាក់កណ្តាលនៅក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះ ហើយសន្ទស្សន៍វិសមភាព «Gini Index» របស់ចិនបច្ចុប្បន្នក៏បានស្ថិតនៅក្រោមកម្រិតវិសមភាពនៅសហរដ្ឋអាមេរិកផងដែរ។

ប៉ុន្តែបញ្ហាផ្សេងៗមិនសូវមានលក្ខណៈល្អប្រសើរនោះទេ។ នៅចន្លោះឆ្នាំ ២០១២ រហូតដល់ការចាប់ផ្តើមផ្ទុះឡើងនៃវីរុសកូវីដ-១៩ អត្រាកំណើន GDP ប្រចាំឆ្នាំរបស់ចិននៅតែមានកម្រិតទាប ឬធ្លាក់ចុះ។ ទោះបីជារដ្ឋាភិបាលបានលុបបំបាត់ចោលនូវគោលនយោបាយកូនទោលដ៏តឹងរ៉ឹងរបស់ខ្លួនក៏ដោយ ក៏អត្រាផ្តល់កំណើតនៅតែមានកម្រិតទាបខ្លាំង។ ចំនួនមនុស្សដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងនៅពេលបច្ចុប្បន្ននេះ មានចំនួនជិត ១៣% ដែលជាចំនួនដ៏ខ្ពស់បំផុតសម្រាប់យុគសម័យទំនើបនេះ។

ប៉ុន្តែ វាជារឿងមិនត្រឹមត្រូវនោះទេក្នុងការទម្លាក់ការទទួលខុសត្រូវទាំងអស់មកលើលោក ស៊ី ជីនពីង តែម្នាក់ឯង។ លោក ស៊ី ជីនពីង បានទទួលមរតកបញ្ហាធំៗដែលកើតចេញពីកំណើនយ៉ាងលឿន បូករួមនឹងបញ្ហាសេដ្ឋកិច្ច និងនយោបាយរបស់ចិនកាលពីអតីតកាល។ ទន្ទឹមនឹងនេះដែរ លោក ស៊ី ជីនពីង ក៏បានទទួលមរតកដំណោះស្រាយគោលនយោបាយធំៗចំពោះបញ្ហាប្រឈមទាំងនេះផងដែរ។

ជារួម ប្រទេសចិនបានចាប់ផ្តើមតម្រូវឱ្យក្រុមហ៊ុនថាមពលរបស់រដ្ឋបង្កើនការវិនិយោគលើឧស្សាហកម្មថាមពលកកើតឡើងវិញ ចាប់តាំងពីឆ្នាំ ១៩៩៤ ហើយរដ្ឋាភិបាលមុនៗក៏បានផ្តោតលើគោលនយោបាយក្នុងការពង្រឹងជីវភាពរបស់ពលរដ្ឋក្រីក្រផងដែរ។ វិសមភាពជារួមបានចាប់ផ្តើមដាំក្បាលចុះនៅក្នុងរយៈពេល ២ ឆ្នាំ មុនការឡើងកាន់តំណែងរបស់លោក ស៊ី ជីនពីង ហើយរដ្ឋាភិបាលមុនៗ ក៏បានបន្តប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាទៀងទាត់ផងដែរ។

នៅពេលលោក ស៊ី ជីនពីង បានបន្តអនុវត្តគំនិតផ្តួចផ្តើមគោលនយោបាយជាច្រើនរបស់អ្នកកាន់តំណែងមុនៗ អ្វីដែលមានភាពប្រសើរឡើងបានបន្តមានភាពកាន់តែប្រសើរឡើង ខណៈដែលបញ្ហាដែលពិបាកដោះស្រាយ នៅតែមិនអាចដោះស្រាយបានដដែល។ អ្វីដែលបានប្រែប្រួលខ្លាំងបំផុតនៅក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង គឺរបៀបអនុវត្តគោលនយោបាយ។

ការផ្លាស់ប្តូរសំខាន់ៗដូចជាការចាប់ផ្តើមបោះឆ្នោតនៅតាមជនបទ ត្រូវបានដាក់ឱ្យសាកល្បងដោយស្ងៀមស្ងាត់ និងទើបត្រូវបានប្រកាសជា «គោលនយោបាយជាតិ» នៅពេលដែលរដ្ឋាភិបាលកណ្តាលអាចមានទំនុកចិត្តគ្រប់គ្រាន់ទៅលើរបៀបដំណើរការគោលនយោបាយ។

វិធីសាស្ត្រសាកល្បងនេះបានផ្តល់នូវអត្ថប្រយោជន៍ក្នុងការបង្កើតឱ្យមានលំហនយោបាយសម្រាប់ការពិចារណាក្នុងចំណោមអ្នកទទួលខុសត្រូវសំខាន់ៗ ដែលបាននាំមកនូវភាពជោគជ័យចំពោះគំនិតផ្តួចផ្តើម ដែលមានលក្ខណៈស្មុគស្មាញខ្លាំង ដូចជាគោលនយោបាយសុខាភិបាលជាតិរបស់ចិនជាដើម។

វាក៏បានបង្កើតឱ្យមានភាពងាយបត់បែនផងដែរ ដោយក្នុងនោះគោលនយោបាយអាចត្រូវបានគេត្រួតពិនិត្យឡើងវិញ ដើម្បីសម្របតាមលក្ខខណ្ឌប្រែប្រួល ឬផលប៉ះពាល់ដែលមិនអាចដឹងជាមុនបាន។ ទោះជាយ៉ាងណាក៏ដោយ លោក ស៊ី ជីនពីង បានបោះបង់ចោលនូវវិធីសាស្ត្រល្អៗទាំងនេះតាមរយៈការប្រកាសអំពីគោលនយោបាយជាលក្ខណៈឯកតោភាគី ដោយពុំមានការពិចារណាឱ្យបានហ្មត់ចត់ ហើយវិធីសាស្ត្ររបស់លោក ស៊ី ជីនពីង ក៏បានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ចផងដែរ។

ឧទាហរណ៍មួយគឺ «បំរាមនៅឆ្នាំ ២០២១ លើការបង្រៀនគួរក្រៅម៉ោង» ដែលត្រូវបានដាក់ចេញក្នុងគោលបំណងទប់ស្កាត់ម៉ោងរៀនដ៏ច្រើនដែលកូនសិស្សចិនត្រូវជួបប្រទះ ក៏ដូចជាដើម្បីកាត់បន្ថយភាពមានប្រៀបរបស់កូនសិស្សដែលមកពីគ្រួសារអ្នកមាន។

ប៉ុន្តែការដាក់ចេញនូវវិធានការភ្លាមៗពេក បានកាត់បន្ថយដើមទុនរបស់ក្រុមហ៊ុនចិនធំៗ ដែលវិនិយោគនៅក្នុងវិស័យអប់រំអស់ចំនួនរាប់សិបពាន់លានដុល្លារ និងបានបង្កើតឱ្យមានទីផ្សារងងឹតសម្រាប់សេវាកម្មបង្រៀនក្រៅម៉ោង។ ផលវិបាកផ្នែកសេដ្ឋកិច្ចបានលាតសន្ធឹកហួសពីវិស័យអប់រំ ដោយបានបង្កការបង្អាក់ដល់ការវិនិយោគនៅក្នុងវិស័យទាំងអស់។

ឧទាហរណ៍មួយទៀតគឺ «គោលនយោបាយ Zero Covid របស់លោក ស៊ី ជីនពីង»។ ទោះបីជាវាបាននាំមកនូវភាពជោគជ័យខ្លាំងក្នុងការទប់ស្កាត់វីរុស នៅពេលដែលពុំទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ក៏ដោយ ក៏ជារួម វាបានផ្តល់នូវប្រសិទ្ធភាពតិចតួចប៉ុណ្ណោះ ដោយសារតែភាពប្រែប្រួលនៃស្ថានការណ៍។ ខណៈដែលបណ្តាប្រទេសផ្សេងៗស្ទើរតែទាំងអស់កំពុងវិលទៅរកស្ថានភាពជាធម្មតាឡើងវិញ ប្រទេសចិនហាក់កំពុងនៅជាប់គាំងរកច្រកចេញមិនឃើញ។

អាជ្ញាធរចិនគួរតែបន្តដើរតាមគោលដៅគោលនយោបាយសេដ្ឋកិច្ច ក៏ប៉ុន្តែពួកគេត្រូវតែផ្លាស់ប្តូរវិធីសាស្ត្រអនុវត្ត ដើម្បីអាចឈានទៅសម្រេចគោលដៅបាន។ ការបោះជំហានទៅមុខយឺតៗប្រកបដោយការប្រុងប្រយ័ត្ន បានជួយឱ្យប្រទេសចិនមានដំណើរការយ៉ាងរលូនអស់រយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ ហើយវានៅតែអាចបន្តជួយប្រទេសចិនសម្រាប់រយៈពេលជាច្រើនឆ្នាំបន្តទៀត៕

Project Syndicate

អត្ថបទទាក់ទង