ខ្មែរប៉ុស្ដិ៍ Close

តើការបះបោររបស់ក្រុមទាហាន Wagner នៅក្នុងប្រទេសរុស្ស៊ី អាចមានន័យយ៉ាងដូចម្តេចសម្រាប់សង្គ្រាមនៅអ៊ុយក្រែន?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 122

អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិមកពីសាកលវិទ្យាល័យ Simon Fraser បានលើកឡើងថា លោក Vladimir Putin កំពុងស្ថិតនៅក្នុងកាលៈទេសៈដែលងាយរងគ្រោះបំផុតក្នុងតំណែងប្រធានាធិបតីរបស់លោក ប៉ុន្តែលោកនឹងមិនបោះបង់ការគ្រប់គ្រងរបស់លោកដោយងាយៗនោះទេ។

លោក Yevgeny Prigozhin មេដឹកនាំក្រុម Wagner Group បានធ្វើការបះបោរប្រឆាំងនឹងប្រទេសរុស្ស៊ី បន្ទាប់ពីបានអះអាងថា កងទ័ពរុស្ស៊ីមានចេតនាវាយប្រហារមកលើកងកម្លាំងរបស់លោក។ លោក Prigozhin បានធ្វើការទាមទារយុត្តិធម៌នៅក្នុងទម្រង់នៃការបះបោរដោយប្រដាប់អាវុធ។

មុនពេលលោក Prigozhin ត្រូវបានគេរាយការណ៍ថាបានធ្វើការដកថយវិញ បន្ទាប់ពីមានការចរចាជាមួយមេដឹកនាំនៃប្រទេសបេឡារុស្ស ក្រុមទាហាន Wagner Group បានគ្រប់គ្រងទីតាំងយោធាសំខាន់ៗនៅតំបន់ Rostov-on-Don ដែលជាទីស្នាក់ការកណ្តាលនៃតំបន់យោធាភាគខាងត្បូងរបស់រុស្ស៊ី។ ឥឡូវនេះ លោក Prighozin ត្រូវបានគេរាយការណ៍ថាកំពុងភៀសខ្លួនទៅកាន់ប្រទេសបេឡារុស្ស ហើយលោកនិងក្រុមអ្នកប្រយុទ្ធរបស់លោកនឹងត្រូវគេចផុតពីការកាត់ទោស។

អរិភាពបើកចំហរវាងក្រុមទាហាន Wagner Group និងយោធារុស្ស៊ី គឺមិនមែនជារឿងថ្មីនោះទេ។ ក្រុមទាំងពីរ បានធ្វើការអត្ថាធិប្បាយបង្ខូចកេរ្តិ៍ឈ្មោះគ្នា និងបានធ្វើសកម្មភាពអរិភាពប្រឆាំងនឹងគ្នាទៅវិញទៅមក
ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមកម្លេះ។

ការប៉ុនប៉ងធ្វើការបះបោរភាគច្រើនគឺជាលទ្ធផលនៃការដាក់ពង្រាយកម្លាំងរបស់កងទ័ពរុស្ស៊ី និងកងទ័ពរបស់ Wagner Group នៅអ៊ុយក្រែន និងប្រព័ន្ធនយោបាយដែលគាំទ្រដល់សកម្មភាពរបស់ពួកគេ។

ចំណងមិត្តភាពរវាងក្រុម Wagner និងកងទ័ពរុស្ស៊ីបានបែកបាក់ភ្លាមៗបន្ទាប់ពីការចាប់ផ្តើមនៃសង្គ្រាមនៅអ៊ុយក្រែន។ មុនពេលមានជម្លោះ ក្រុម Wagner ក៏បានជួយបង្កើនផលប្រយោជន៍ក្រៅផ្លូវការដល់រដ្ឋរបស់រុស្ស៊ីផងដែរ។

នៅក្នុងតំបន់ដែលរុស្ស៊ីមានផលប្រយោជន៍ ប៉ុន្តែពួកគេមិនចង់ចូលរួមធ្វើសកម្មភាពដោយផ្ទាល់ដូចជានៅប្រទេសស៊ីរី និងស៊ូដង់ គឺក្រុមទាហាន Wagner Group គឺជាក្រុមដ៏គួរឱ្យទុកចិត្តក្នុងការធ្វើសកម្មភាពដោយ មិនឱ្យមានជាប់ពាក់ព័ន្ធនឹងឈ្មោះរបស់ប្រទេសរុស្ស៊ី។

ជាឧទាហរណ៍ ប្រទេសរុស្ស៊ីបានប្រើទាហាន Wagner Group ដើម្បីជួយសម្រួលដល់ការបញ្ចូលតំបន់គ្រីមេមកធ្វើជាទឹកដីរបស់ខ្លួនកាលពីឆ្នាំ ២០១៤។ ការប្រើប្រាស់ក្រុមទាហាន Wagner នៅក្នុងតំបន់ Donbas នៃភាគខាងកើតអ៊ុយក្រែនកាលពីឆ្នាំ ២០១៤ ក៏បានអនុញ្ញាតឱ្យកងទ័ពរុស្ស៊ីអាចធ្វើការបដិសេធផងដែរថា ពួកគេមិនមានជាប់ពាក់ព័ន្ធ។ ក្នុងន័យផ្សេងមួយទៀត គេអាចនិយាយបានថា ក្រុមទាហាន Wagner Group និងយោធារុស្ស៊ី បានគាំទ្រដល់គោលបំណងរវាងគ្នាទៅវិញទៅមក។

សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានផ្លាស់ប្តូរទំនាក់ទំនងរវាងក្រុមទាំងពីរ។ កងទ័ពរុស្ស៊ីរំពឹងថា នឹងទទួលបានជ័យជម្នះខាងយោធាយ៉ាងឆាប់រហ័សនៅអ៊ុយក្រែន តែផ្ទុយទៅវិញពួកគេបានរងនូវការធ្លាក់ចុះ ចាប់តាំងពីថ្ងៃដំបូងនៃជម្លោះមកម្លេះ។

ឧបសគ្គមានច្រើនណាស់រហូតរុស្ស៊ីត្រូវបង្ខំចិត្តដាក់ពង្រាយក្រុមទាហាន Wagner Group ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់ខ្លួនដោយផ្ទាល់។ នៅក្នុងន័យយោធា ការដាក់ពង្រាយក្រុម Wagner Group ពីសំណាក់រុស្ស៊ី ពិតជាបានជួយឱ្យប្រតិបត្តិការរបស់ពួកគេមានស្ថិរភាពនៅអ៊ុយក្រែន។

នៅឆ្នាំ ២០២២ ក្រុម Wagner Group ដែលផ្ទុយពីក្រុមភាគច្រើននៃកងទ័ពរុស្ស៊ី គឺជាកងកម្លាំងដែលទទួលបានការបណ្តុះបណ្តាលខ្ពស់។ ទាហានក្រុម Wagner Group គឺជាអ្នកទទួលខុសត្រូវចំពោះជោគជ័យដំបូងៗជាច្រើនរបស់រុស្ស៊ី ដូចជានៅក្នុងសមរភូមិតំបន់ Sievierodonetsk ជាដើម។

ទោះយ៉ាងណាក៏ដោយ ប្រតិបត្តិការទាំងនេះមិនមែនមិនមានការខាតបង់នោះទេ។ ក្រុម Wagner Group បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ រហូតធ្វើឱ្យពួកគេមិនអាចរក្សាបាននូវយុទ្ធសាស្ត្របែបប្រពៃណីរបស់ខ្លួន។

ក្រុម Wagner Group ក៏បានខិតខំប្រឹងប្រែងជ្រើសរើសទាហានយ៉ាងច្រើនដែលរួមមានការយកមនុស្សពីពន្ធនាគាររបស់រុស្ស៊ីដើម្បីមកបំពេញបន្ថែមកងកម្លាំងដែលបាត់បង់របស់ខ្លួន។ ការធ្វើបែបនេះ បានធ្វើឱ្យបន្ទាត់រវាងក្រុមទាហាន Wagner Group និងកងទ័ពរុស្ស៊ីមានសភាពស្រពិចស្រពិល ខណៈដែលពីមុន អង្គភាពទាំងពីរ មានវិសាលភាពនៃឥទ្ធិពលខុសគ្នា។

ដែនឥទ្ធិពលត្រួតស៊ីគ្នាមិនមែនជាករណីលើកលែងសម្រាប់រុស្ស៊ីនោះទេ។ តាមពិតទៅ វាគឺជាលក្ខណៈពិសេសមួយនៃប្រព័ន្ធនយោបាយរុស្ស៊ីហើយមនុស្សម្នាក់ដែលជាអ្នកទទួលខុសត្រូវ នោះគឺលោក Vladimir Putin ។

ទីបំផុតមានតែប្រធានាធិបតីរុស្ស៊ីទេដែលអាចដោះស្រាយជម្លោះនៅក្នុងចំណោមអ្នកក្រោមបង្គាប់របស់លោកបាន។ វាមិនត្រឹមតែការដាក់កំហិតទៅលើសមត្ថភាពរបស់មន្ត្រីក្រោមឱវាទរបស់លោក Putin មិនឱ្យកសាងមូលដ្ឋានអំណាចដែលអាចប្រកួតប្រជែងជាមួយលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការពង្រឹងសារៈសំខាន់របស់លោកចំពោះប្រព័ន្ធនយោបាយផងដែរ។

ទិដ្ឋភាពនៃប្រព័ន្ធនយោបាយរុស្ស៊ីនេះ ពិតជាមានប្រសិទ្ធភាពខ្ពស់នៅក្នុងសម័យសន្តិភាព ដរាបណាគោលដៅរបស់លោក Putin គឺការរក្សាឥទ្ធិពល និងអំណាច ។ ទោះជាយ៉ាងនេះក្តី នៅក្នុងគ្រានៃជម្លោះ ឬមានសង្រ្គាមមុខងារត្រួតស៊ីគ្នាទាំងនេះអាចក្លាយជាបន្ទុកបានយ៉ាងងាយ។

ក្នុងការឈានទៅដល់ការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែនវាពិតជាភស្តុតាងដែលបានបង្ហាញយ៉ាងច្បាស់ថា អ្នកក្រោមបង្គាប់របស់លោក Putin មិនបានផ្តល់ឱ្យលោកនូវរូបភាពដ៏ត្រឹមត្រូវ និងភាពច្បាស់លាស់នៃសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ឬរុស្ស៊ីនោះឡើយ។

នៅក្នុងអំឡុងពេលជម្លោះ វាមានន័យថាកិច្ចសហប្រតិបត្តិការនៅក្នុងចំណោមបក្ខពួកដែលមានការប្រកួតប្រជែងគ្នា ដែលនៅក្នុងករណីនេះមានកងទ័ពរុស្ស៊ីនិងកងកម្លាំងប៉ារ៉ា នឹងត្រូវគេយកមកប្រើប្រាស់ស្មើៗគ្នា។ នៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត ភាពតានតឹងអាចនឹងបង្កឱ្យមានជម្លោះបើកចំហ ដូចអ្វីដែលយើងបានឃើញរវាងក្រុមទាហាន Wagner Group និងកងទ័ពរុស្ស៊ី។

ខណៈពេលដែលព្យុះនេះហាក់ ដូចជាបានកន្លងផុតទៅសម្រាប់លោក Putin នៅពេលនេះក៏ដោយ តែក្រុមទាហាន Wagner គ្រាន់តែជាឧទាហរណ៍ដ៏លេចធ្លោបំផុតមួយនៃការបញ្ឆេះការមិនសប្បាយចិត្តនៅក្នុងចំណោមកងកម្លាំងប៉ារ៉ាចំពោះប្រទេសរុស្ស៊ីតែប៉ុណ្ណោះ។

លោក Ramzan Kadyrov មេដឹកនាំតំបន់ Chechen ដែលកំពុងបញ្ជាទៅលើក្រុមទាហានប៉ារ៉ាដែលមានទាហានប្រមាណ ១២ ០០០ នាក់ ធ្លាប់បានកត់សម្គាល់អំពីបញ្ហារវាងកងកម្លាំងរបស់លោក និងកងទ័ពរុស្ស៊ីរួចទៅហើយ។

វាជារឿងសំខាន់ក្នុងការកត់សម្គាល់ថា ខណៈពេលដែលលោក Putin បានចេញមកថ្កោលទោសក្រុមទាហាន Wagner នៅក្នុងសុន្ទរកថារបស់លោកទៅកាន់ប្រជាជនស្របពេលដែលលោក Prigozhin កំពុងតែដំណើរការការបះបោរនោះ លោក Putin មិនបាននិយាយអំពីឈ្មោះមេដឹកនាំរបស់ក្រុមទាហាននោះទេ។ ការខកខាននេះត្រូវបានគេយល់ថាជាការរៀបចំដើម្បីផ្តល់ជាជម្រើសបើកចំហរដល់លោក Putin បើទោះបីជាសកម្មភាពបះបោររបស់លោក Prigozhin ទទួលបានជោគជ័យ ឬបរាជ័យក៏ដោយ។

ការបះបោររយៈពេលខ្លីនៅតែអាចក្លាយជាចំណុចរបត់មួយនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែតើវានឹងផ្លាស់ប្តូរជម្លោះយ៉ាងណានោះ គេនៅតែមិនទាន់ច្បាស់នៅឡើយទេ។

ប្រសិនបើវាបន្តយូរទៅមុខទៀត ការបះបោរអាចផ្តល់ជាលេសដើម្បីសង្គ្រោះមុខមាត់សម្រាប់លោក Putin ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ តាំងពីដើមដំបូងនៃជម្លោះ លោក Putin បានដឹងហើយថា លោកមិនអាចទទួលយកភាពបរាជ័យនៅអ៊ុយក្រែននោះទេ។

ប្រសិនបើលោកអាចបង្វែរការស្តីបន្ទោសចំពោះការបរាជ័យនេះទៅលើក្រុមណាមួយ ដូចជាក្រុមទាហាន Wagner Group ឬក្រុមទាហានប៉ារ៉ាផ្សេងៗទៀតដែលកំពុងតែខឹងសម្បារចំពោះប្រទេសរុស្ស៊ីនោះ វាអាចនឹងផ្តល់នូវច្រកចេញមួយ។

វានៅតែអាចបណ្តាលឱ្យមានការផ្លាស់ប្តូរអំណាច សម្រាប់មនុស្សនៅក្រោមលោក Putin ។ លោកត្រូវបានគេអះអាងថាលោកកំពុងស្ថិតនៅក្នុងកាលៈទេសៈដែលងាយរងគ្រោះបំផុតនៃតំណែងប្រធានាធិបតីរបស់លោកចាប់តាំងពីការឈ្នះការបោះឆ្នោតឆ្នាំ ២០០០ មកម្លេះ តែលោកនឹងមិនបោះបង់ចោលការគ្រប់គ្រងដោយងាយស្រួលនោះទេ។

ដើម្បីរក្សាឥទ្ធិពលរបស់លោកបាន លោក Putin នឹងធ្វើការពិចារណាទៅលើគ្រប់លទ្ធភាពដើម្បីអាចធ្វើការបន្តត្រួតត្រាទៅលើប្រទេសរុស្ស៊ីជាមួយនឹងផលប៉ះពាល់ដោយផ្ទាល់ពីសំណាក់សង្រ្គាមនៅអ៊ុយក្រែន៕

Channel News Asia