ខ្មែរប៉ុស្ដិ៍ Close

អត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅទូទាំងប្រទេស សម្រេចបាន ៩០.០១% ខណៈការចាក់វ៉ាក់សាំងដល់កុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ បានចាប់ផ្តើមហើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 51
អត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅទូទាំងប្រទេស សម្រេចបាន ៩០.០១% ខណៈការចាក់វ៉ាក់សាំងដល់កុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ បានចាប់ផ្តើមហើយ អត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅទូទាំងប្រទេស សម្រេចបាន ៩០.០១% ខណៈការចាក់វ៉ាក់សាំងដល់កុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ បានចាប់ផ្តើមហើយ

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយសម្រេចចាប់បាន៩០.០១% នៃប្រជាពលរដ្ឋទូទាំងប្រទេស គិតត្រឹមយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈដែលការចាក់វ៉ាក់សាំងដល់កុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ បានចាប់ផ្តើមអនុវត្តនាព្រឹកថ្ងៃនេះ ។

ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ និង០៣កុំ គឺជាកត្តាដ៏ចាំបាច់បំផុត រួមជាមួយនឹងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី របស់បុគ្គលគ្រប់រូប ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ គឺជាកត្តារួមផ្សំគ្នាដែលមិនអាចខ្វះបាន ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុង បាននិងកំពុងឆ្លងរាលដាលនៅក្នុងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋក្នុងល្បឿនដ៏រហ័ស ដែលគួរឱ្យព្រួយបារម្ភបំផុត។

ជាមួយគ្នានេះដែរ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ សម្រាប់ក្រុមបុគ្គលដែលមានអាយុ ចាប់ពី ០៦ឆ្នាំ រហូតដល់ក្រោម ១២ឆ្នាំ ក៏បានចាប់ដំណើរការផងដែរ ខណ:ដូសជំរុញសម្រាប់កុមារអាយុ០៥ឆ្នាំ នឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមីនា ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ការងារចាក់វ៉ាក់សាំងដូសជំរុញទី៣ សម្រាប់ក្រុមបុគ្គលដែលមានអាយុចាប់ពី១២ឆ្នាំឡើង សម្រេចបាន ៥ ៤៨១ ១១៨ នាក់ ខណៈដូសជំរុញទី០៤ សម្រាប់ក្រុមជួរមុខ និងបងប្អូនប្រជាពលរដ្ឋសម្រេចបាន ៨៥៨ ៧៣៩ នាក់។

ចំពោះការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះផងដែរ ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០ ២២៨ ៧៣១ នាក់ បានចាក់ដូសទី១ និងចំនួន ៩ ៨៨៤ ២៨៣ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០២.២៩% នៃប្រជាជនគោលដៅសរុប ១០លាននាក់។

ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨២៣ ០១៨ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៥១ ៥៨៦ នាក់ ដែលស្មើនឹង ៩៩.៧៦% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០១៧ ៧៧៥ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩៣៣ ៧៩៧ នាក់ ដែលស្មើនឹង ១០៦.៣៥% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៣២ ២៩២ នាក់ សម្រាប់ដូសទី១ និងចំនួន ២៥៧ ៤១៨ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៩.១៩%។

ជាសរុបរួម ប្រជាពលរដ្ឋកម្ពុជាសរុប ១៣ ៨២៧ ០៨៤ នាក់ នៃចំនួនប្រជាជនសរុបប្រមាណ ១៦លាននាក់ នៅកម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋានរួចរាល់ ហើយស្ថិតិនៃការចាក់វ៉ាក់សាំងនៅកម្ពុជានេះ គឺស្ថិតក្នុងកម្រិតដ៏ខ្ពស់មួយនៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងការចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤៕ AKP

អត្ថបទទាក់ទង