ខ្មែរប៉ុស្ដិ៍ Close

តើរុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែននៅពេលណា? អ្នក​ខ្លះថានៅ​ក្នុង​សប្តាហ៍​នេះ ខណៈ​អ្នក​ខ្លះ​ទៀត​ជឿ​ថា​ វា​គ្រាន់​តែ​ជា​ការ​សម្ញែងកម្លាំងប៉ុណ្ណោះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 25
តើរុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែននៅពេលណា?  អ្នក​ខ្លះថានៅ​ក្នុង​សប្តាហ៍​នេះ ខណៈ​អ្នក​ខ្លះ​ទៀត​ជឿ​ថា​  វា​គ្រាន់​តែ​ជា​ការ​សម្ញែងកម្លាំងប៉ុណ្ណោះ តើរុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែននៅពេលណា? អ្នក​ខ្លះថានៅ​ក្នុង​សប្តាហ៍​នេះ ខណៈ​អ្នក​ខ្លះ​ទៀត​ជឿ​ថា​ វា​គ្រាន់​តែ​ជា​ការ​សម្ញែងកម្លាំងប៉ុណ្ណោះ

រុស្ស៊ីមានទាហាន ជាង ១០ម៉ឺននាក់ ដែលកំពុងប្រមូលផ្តុំនៅជិតប្រទេសអ៊ុយក្រែន ហើយទីក្រុងវ៉ាស៊ីនតោនបានលើកឡើងម្តងហើយម្តងទៀតថា «ការឈ្លានពានគឺខិតជិតមកដល់ហើយ» ខណៈដែលទីក្រុង​ម៉ូស្គូ​បាន​បន្តច្រានចោល​រាល់​ការលើកឡើង​របៀប​នេះ។

របាយការណ៍មួយបានឱ្យដឹងថា «រុស្ស៊ីគ្រោងនឹងធ្វើការឈ្លានពាននៅថ្ងៃពុធខាងមុខនេះ» ក៏ប៉ុន្តែ មនុស្សមួយចំនួនទៀតយល់ថា «ការឈ្លានពាននឹងមិនកើតឡើងនោះទេ រហូតដល់ក្រោយការបិទព្រឹត្តិការណ៍កីឡា
អូឡាំពិករដូវរងានៅទីក្រុងប៉េកាំងដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី២០ ខែកុម្ភៈដើម្បីជៀសវាងការប៉ះទង្គិចជាមួយសម្ព័ន្ធមិត្តរបស់រុស្ស៊ី គឺប្រទេសចិន»។

ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បាននិយាយកាលពីសប្តាហ៍មុនថា «កីឡាអូឡាំពិកនឹងមិនអាចបញ្ឈប់រុស្ស៊ីពីការឈ្លានពានអ៊ុយក្រែនឡើយ»។

ប្រទេសរុស្ស៊ី​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​នូវ​ផែនការក្នុង​ការ​ឈ្លានពាន​អ៊ុយក្រែន។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានកាលពីចុងសប្តាហ៍ ជំនួយការម្នាក់នៅវិមានក្រឹមឡាំងគឺលោក Yuri Ushakov បាននិយាយថា «ការពិភាក្សារវាងទីក្រុងម៉ូស្គូនិងសហរដ្ឋអាមេរិក បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងភាពច្របូកច្របល់នៅលោកខាងលិចអំពីការឈ្លានពានរបស់រុស្ស៊ី»។

ទោះជាយ៉ាងណាក៏ដោយ អ្នក​វិភាគ​មួយ​ចំនួន​បានលើកឡើងថា «វាអាចទៅរួច ដែលរុស្ស៊ីនឹងមិនធ្វើការឈ្លានពានទាល់តែសោះ»។

បណ្ឌិត Harun Yilmaz អ្នកសិក្សាស្រាវជ្រាវដែលបានសរសេររឿងរ៉ាវយ៉ាងច្រើនទាក់ទងនឹងប្រទេសអ៊ុយក្រែន, តំបន់កូកាស់ និងតំបន់អាស៊ីកណ្ដាល បាននិយាយថា «អ្នកធ្វើការសម្រេចចិត្តរបស់រុស្ស៊ីបានដឹង យ៉ាងច្បាស់ថា ពួកគេមិនមានមធ្យោបាយ ឬសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើសង្រ្គាមទ្រង់ទ្រាយធំណាមួយនោះទេ»។

អតីតរដ្ឋមន្ត្រីក្រសួងការបរទេស Alexander Downer បានលើកឡើងអំពីទណ្ឌកម្មហិរញ្ញវត្ថុដែលនឹងត្រូវដាក់ដោយសហរដ្ឋអាមេរិក និងបណ្តាសម្ព័ន្ធមិត្តនៅក្នុងអង្គការ NATO ប្រសិនបើការឈ្លានពានរបស់រុស្ស៊ីពិតជានឹងកើតឡើងមែន។

លោកបានឱ្យដឹងថា «រុស្ស៊ីនឹងរក្សាចំនួនទាហានដ៏ច្រើននៅតាមបណ្តោយព្រំដែនជាប់អ៊ុយក្រែន ហើយយូរៗម្តង អាចនឹងបង្កជាបញ្ហាខ្លះនៅអ៊ុយក្រែន ដែលអាចរួមមានទាំងតាមរយៈការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។ ប៉ុន្តែ​បើផ្អែកលើសេដ្ឋកិច្ចនិង​នយោបាយរបស់​រុស្ស៊ី​ វាគឺជារឿងដ៏ធ្វេសប្រហែស និងឆោតល្ងង់ណាស់ ប្រសិនបើលោកប្រធានាធិបតី​ Putin ធ្វើការឈ្លានពាន​អ៊ុយក្រែនមែននោះ»។ ABC