ខ្មែរប៉ុស្ដិ៍ Close

សុន្ទរកថារបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងទិវារំលឹកខួបអនុស្សាវរីយ៍នៃជ័យជំនះក្នុងសង្គ្រាមលោកលើកទី២

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 40

ខ្ញុំសូមអបអរសាទរអ្នកទាំងអស់គ្នានៅថ្ងៃនៃជ័យជំនះដ៏អស្ចារ្យនេះ។ ការការពារជាតិមាតុភូមិនៅពេលប្រទេសជាតិកំពុងជួបប្រទះនូវគ្រោះថ្នាក់គឺជារឿងដ៏ពិសិដ្ឋបំផុត។ អារម្មណ៍ស្នេហាជាតិពិតប្រាកដទាំងនេះ បានទាក់ទាញអ្នកស្ម័គ្រចិត្តឱ្យចូលរួមនៅក្នុងកងជីវពល។

នៅថ្ងៃនេះ អ្នកកំពុងប្រយុទ្ធដើម្បីប្រជាជនរបស់យើងនៅតំបន់ Donbas ដើម្បីសន្តិសុខនៃមាតុភូមិរុស្ស៊ីរបស់យើង។ ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ១៩៤៥ ត្រូវបានចារទុកនៅក្នុងប្រវត្តិសាស្ត្រពិភពលោកជារៀងរហូតថាជា «ទិវាជ័យជំនះរបស់សហភាពសូវៀតដ៏រួបរួម»។ យើងមានមោទកភាពចំពោះជ័យជំនះនេះ ហើយវាគឺជាមរតកសម្រាប់ពួកយើង។

កាតព្វកិច្ចរបស់យើងគឺ «ការរក្សាការចងចាំស្តីពីមនុស្ស ដែលបានកម្ចាត់ពួកណាហ្ស៊ី» និង «ការធានាថា ភាពភ័យរន្ធត់នៃសង្គ្រាមលោកនឹងមិនកើតឡើងជាថ្មីម្តងទៀតឡើយ» ហើយនេះគឺជាមូលហេតុ ដែល (បើទោះបីជាមានភាពខុសគ្នានៅក្នុងទំនាក់ទំនងអន្តរជាតិក៏ដោយ) រុស្ស៊ីតែងតែព្យាយាមបង្កើតឱ្យមានសន្តិសុខដែលអាចជឿទុកចិត្តបាន និងដែលសហគមន៍ពិភពលោកទាំងមូលត្រូវការជាចាំបាច់។

រុស្ស៊ី​បាន​អំពាវនាវ​ឱ្យមានដំណោះស្រាយបែប​សម្រុះសម្រួល ក៏ប៉ុន្តែ​បានក្លាយអសារបង់។ បណ្តាប្រទេស NATO មិនស្តាប់យើងទេ ដែលនេះ​មាន​ន័យ​ថា​ «​ពួក​គេ​មាន​ផែន​ការ​ផ្សេងពីនេះ ហើយ​យើង​ក៏បាន​ឃើញ​អំពីរឿងនេះដែរ»។ ពួកគេបានរៀបចំដោយបើកចំហនូវប្រតិបត្តិការដាក់ទណ្ឌកម្មមួយផ្សេងទៀតនៅ Donbas និងការឈ្លានពានលើទឹកដីប្រវត្តិសាស្ត្ររបស់យើង បូករួមទាំងតំបន់គ្រីមៀ។

មានការលើកឡើងដែលបង្ហាញថា «ទីក្រុងគៀវអាចនឹងមានលទ្ធភាពទទួលបានអាវុធនុយក្លេអ៊ែរ» ហើយសម្ព័ន្ធភាព NATO បានចាប់ផ្តើមដាក់ពង្រាយកងទ័ពរបស់ពួកគេចូលទៅក្នុងទឹកដីជិតខាងរបស់យើង ហើយពួកគេបានបន្តបង្កការគំរាមកំហែងដែលមិនអាចទទួលយកបានមកលើព្រំដែនរបស់យើង។

យើងបានឃើញពួកគេលាតត្រដាងអំពីហេដ្ឋារចនាសម្ព័ន្ធយោធា ហើយយើងបានឃើញពីរបៀបដែលទីប្រឹក្សាយោធារាប់រយនាក់បានចាប់ផ្តើមធ្វើការ បូករួមនឹងការផ្គត់ផ្គង់អាវុធពីអង្គការ NATO។ ហានិភ័យបានកើនឡើងជារៀងរាល់ថ្ងៃ ហើយរុស្ស៊ីក៏បានចាត់វិធានការការពារប្រឆាំងនឹងអ្នកឈ្លានពាន។ វាគឺជាវិធានការទាន់ពេលវេលា និងជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតតែមួយគត់របស់ប្រទេសដែលមានអធិបតេយ្យភាព, ដែលរឹងមាំ និងឯករាជ្យ។

សហរដ្ឋអាមេរិក ជាពិសេសបន្ទាប់ពីការដួលរលំនៃសហភាពសូវៀត បានចាប់ផ្តើមនិយាយអំពីអំណាចផ្តាច់មុខរបស់ខ្លួន ហើយពួកគេបានប្រើរឿងនេះដើម្បីបង្កការអាម៉ាស់ មិនត្រឹមតែចំពោះពិភពលោកទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានបង្កការអាម៉ាស់ដល់បណ្តាប្រទេសរណបនឹងពួកគេផងដែរ។

យើងគឺជាប្រទេសខុសពីពួកគេ។ ប្រទេសរុស្សីមានអត្តចរិតខុសពីពួកគេ។ យើងនឹងមិនលះបង់ក្តីស្រឡាញ់របស់យើងចំពោះជាតិមាតុភូមិរបស់យើង, មិនលះបង់មុខមាត់របស់យើង និងតម្លៃប្រពៃណីរបស់យើង និងរបស់បុព្វបុរសរបស់យើង និងមិនលះបង់ការគោរពចំពោះប្រជាជន និងវប្បធម៌របស់យើងនោះទេ។ ប៉ុន្តែនៅលោកខាងលិច ពួកគេបានសម្រេចចិត្តលះបង់ចោលនូវតម្លៃនេះ។

យើងដឹងថា «អតីតយុទ្ធជនអាមេរិកចង់ចូលរួមនៅក្នុងព្យុហយាត្រាយោធានៅទីក្រុងម៉ូស្គូ ក៏ប៉ុន្តែ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​បែប​នេះ» ក៏ប៉ុន្តែ​ខ្ញុំ​ចង់​ឱ្យ​ពួក​គេ​ដឹង​ថា «យើង​មាន​មោទនភាពចំពោះ​ស្នាដៃ​នៃ​វីរភាព​របស់​អ្នក និង​ការ​ចូល​រួម​ចំណែក​របស់​អ្នក​នៅក្នុងជ័យជំនះរួម»។ យើងនឹងគោរពអ្នកចម្បាំងទាំងអស់នៅក្នុងកងទ័ពសម្ព័ន្ធមិត្ត មិនថាអង់គ្លេស បារាំង អាមេរិក ចិន និងអ្នកដែលបានចូលរួមកម្ចាត់ពួកយោធា និយមណាហ្ស៊ី។

សព្វ​ថ្ងៃ​នេះកង​ជីវពល​នៅតំបន់ Donbas រួម​ជាមួយ​ទាហាន​រុស្ស៊ីកំពុង​ប្រយុទ្ធ​នៅ​លើ​ទឹក​ដី​របស់​ពួក​គេដើម្បី​ជាតិមាតុភូមិ និង​ដើម្បី​អនាគត​របស់​ពួកគេ។ គ្មាននរណាម្នាក់នឹងភ្លេចមេរៀនដែលទទួលបានពីសង្គ្រាម លោកលើកទី២ នោះទេ។ ថ្ងៃនេះ យើងសូមគោរពរំលឹកនូវការចងចាំដ៏ប្រពៃចំពោះអ្នកដែលបានស្លាប់បាត់បង់ជីវិតដោយសារសង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ។

យើងសូមគោរព រំលឹកនូវការចងចាំចំពោះមនុស្សដែលត្រូវបានដុតទាំងរស់ នៅក្នុងអគារពាណិជ្ជកម្មកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៤ និងចំពោះស្ត្រី និងមនុស្សចាស់ និងកុមារនៅតំបន់ Donbas ដែលបាន ស្លាប់នៅក្រោមការបាញ់ផ្លោងរបស់ពួកណាហ្ស៊ី។

យើងសូមគោរពចំពោះសមមិត្តរបស់យើងដែលបានពលីជីវិតនៅក្នុងសមរភូមិ ដើម្បីការពារប្រទេសរុស្ស៊ី។ ការស្លាប់របស់ទាហាន និងនាយទាហានរបស់យើងម្នាក់ៗ គឺជាសោកនាដកម្មសម្រាប់យើងទាំងអស់គ្នា។ យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីថែទាំគ្រួសាររបស់ពួកគេ និងជួយពួកគេ ហើយការឧបត្ថម្ភដ៏ពិសេសនឹងត្រូវបានផ្តល់ជូនដល់កុមារដែលជាកូនចៅរបស់សមមិត្តដែលបានពលីជីវិតនិងអ្នកដែលបានរងរបួស។ ខ្ញុំ​បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់មួយដែលនឹងចូលជាធរមាននៅ​ថ្ងៃ​នេះ។

ខ្ញុំសូមជូនពរដល់យោធិន និងនាយទាហានដែលរងរបួសឆាប់ជាសះស្បើយ ហើយខ្ញុំសូមអរគុណដល់គ្រូពេទ្យ និងគិលានុបដ្ឋាយិកា, បុគ្គលិកពេទ្យនៅក្នុងមន្ទីរពេទ្យយោធាសម្រាប់ការងារដ៏ក្លាហានរបស់ពួកគេ។

ឥឡូវនេះ នៅលើទីលានក្រហម Red Square ទាហាននិងមន្ត្រីកំពុងឈរនៅទីនេះ គឺជាអ្នកដែលបានមកពីតំបន់ជាច្រើននៃមាតុភូមិដ៏ធំរបស់យើង ដែលរួមមានទាំងអ្នកដែលមកដោយផ្ទាល់ពីតំបន់ Donbas ដែលជាតំបន់សង្រ្គាម។

យើងនៅតែចងចាំអំពីរបៀបដែលសត្រូវរបស់រុស្ស៊ីបានព្យាយាមប្រើក្រុមភេរវករអន្តរជាតិប្រឆាំងនឹងយើង។ ពួកគេបានព្យាយាមផ្តួលយើង ក៏ប៉ុន្តែ​ពួកគេ​បានទទួលបរាជ័យ។ សព្វ​ថ្ងៃ​នេះ អ្នក​ចម្បាំង​របស់​យើង​ ដែលមានជាតិសាសន៍ផ្សេង​ៗគ្នា​កំពុង​ប្រយុទ្ធ​នៅ​ក្នុង​សមរភូមិ។ នេះគឺជាកម្លាំងដ៏រឹងមាំរបស់រុស្ស៊ី។

បច្ចុប្បន្ននេះ អ្នកកំពុងការពារអ្វីដែលឪពុកនិងជីតារបស់អ្នកធ្លាប់បានការពារ។ សម្រាប់ពួកគេ អត្ថន័យដ៏ប្រសើរបំផុតនៅក្នុងជីវិតរបស់ពួកគេគឺ «ភាពរុងរឿង និងសុវត្ថិភាពរបស់ជាតិមាតុភូមិរបស់ពួកគេ» ហើយភាពស្មោះត្រង់របស់យើងចំពោះមាតុភូមិគឺជា «គុណតម្លៃដ៏ធំបំផុត និងជាមូលដ្ឋានដ៏ធំបំផុតនៃឯករាជ្យភាពរបស់រុស្ស៊ី»។

អ្នកដែលបានកម្ចាត់ពួកណាហ្ស៊ីនៅក្នុងអំឡុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ បានបង្ហាញយើងអំពីគំរូនៃវីរភាព ហើយនេះគឺជាយុគសម័យនៃជ័យជំនះ ហើយយើងនឹងយកគំរូតាមវីរៈបុរសរបស់យើងជានិច្ច៕

អត្ថបទទាក់ទង