ខ្មែរប៉ុស្ដិ៍ Close

    តើអ្វីទៅជាគោលបំណងរបស់លោកខាងលិចនៅអ៊ុយក្រែន?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1289
    តើអ្វីទៅជាគោលបំណងរបស់លោកខាងលិចនៅអ៊ុយក្រែន?តើអ្វីទៅជាគោលបំណងរបស់លោកខាងលិចនៅអ៊ុយក្រែន?

    យើងបានដឹងអំពីអ្វីដែលប្រធានាធិបតីរុស្ស៊ី Vladimir Putin ចង់បាននៅអ៊ុយក្រែនដែលនោះគឺ «ការលុបប្រទេសនេះចេញពីផែនទីពិភពលោក» ហើយយើងក៏បានដឹងផងដែរ អំពីអ្វីដែលប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ចង់បាន ដែលនោះគឺ «ការបន្តរក្សាប្រទេសអ៊ុយក្រែនឱ្យនៅជារដ្ឋប្រជាធិបតេយ្យ»។

    សំណួរគឺថា «តើអ្វីដែលជាការចង់បាន របស់លោកខាងលិច? តើអ្វីជាគោលដៅយុទ្ធសាស្ត្ររបស់លោកខាងលិច?»

    រហូតមកដល់ពេលនេះ គោលបំណងរបស់លោកខាងលិចត្រូវបានគេគិតក្នុងផ្លូវអវិជ្ជមាន ដែលនោះគឺ «ការជៀសវាងការចូលរួមនៅក្នុងសង្រ្គាមជាមួយរុស្ស៊ី ក៏ប៉ុន្តែនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជួយដល់ប្រទេសអ៊ុយក្រែន»។

    នេះគឺជាមូលហេតុ ដែលធ្វើឱ្យពួកគេឆ្លើយថា «ទេ» ទៅកាន់លោក Zelensky នៅពេលដែលលោកស្នើសុំឱ្យមានការដាក់ចេញនូវ «តំបន់គ្មានការហោះហើរ» ក្រោមការអនុវត្តរបស់អង្គការ NATO។ ប៉ុន្តែយុទ្ធសាស្ត្រសង្គ្រាមបែបនេះរបស់លោកខាងលិចនឹងមិនអាចទៅរួចនោះទេ ហើយអង្គការ NATO និងសម្ព័ន្ធមិត្តត្រូវតែបង្កើតឱ្យមានគោលដៅវិជ្ជមាន។

    នៅដើមដំបូងនៃការ លុកលុយ នៅពេលដែលមនុស្សជាច្រើន បានទស្សន៍ទាយអំពីការទទួលជ័យជំនះយ៉ាងឆាប់រហ័សរបស់រុស្ស៊ី លោកខាងលិច បានអបអរសាទរលោក Zelensky និងរដ្ឋាភិបាលរបស់លោកចំពោះភាពក្លាហានរបស់ពួកគេ និងបានរៀបចំជម្លៀសពួកគេចេញពីប្រទេស។

    លោក Zelensky បានបដិសេធនូវការផ្តល់ជូននេះ ហើយឥឡូវនេះ អ៊ុយក្រែនបានបង្ហាញនូវអ្វីដែលលោកខាងលិចអាចធ្វើបាន។ អង្គការ NATO កំពុងផ្តល់មីស៊ីលប្រឆាំងរថក្រោះ និងប្រឆាំងយន្តហោះដល់ប្រទេសអ៊ុយក្រែន និងបានបន្តចែករំលែក ព័ត៌មានស៊ើបការណ៍ផ្នែកយោធាជាមួយ មេបញ្ជាការអ៊ុយក្រែន។

    ប្រទេសលោកខាងលិចបានឈានឆ្ពោះទៅក្នុងសង្រ្គាមដោយប្រើកូនអុក (Proxy War) ហើយនៅក្នុងសង្គ្រាមបែបនេះ កូនអុកគឺជាអ្នកកំណត់គោលដៅ។ នៅពេលដែលកូនអុកធ្វើសកម្មភាពបានល្អ ពួកគេនឹងចាប់ផ្តើមកំណត់គោលដៅដែលមានមហិច្ឆតាកាន់តែធំ។

    បញ្ហានេះនឹងបង្កើនហានិភ័យយុទ្ធសាស្ត្រ។ យើងបានភ្លេចថា «រុស្ស៊ីមានបទពិសោធន៍ក្នុងការអាចស៊ូទ្រាំនឹងការលំបាកផ្នែកសេដ្ឋកិច្ចរយៈពេលវែង»។ ពួកគេអាចទទួលយកទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយវាគឺជាការមានមោទនភាពជ្រុលក្នុងការទស្សន៍ទាយថា «បក្ខពួករបស់លោក Putin នឹងក្រោកប្រឆាំង ដើម្បីទម្លាក់លោកចេញពីតំណែង»។

    វាអាចជារឿងលឿនពេកក្នុងការសន្និដ្ឋានថា «លោក Putin កំពុងចាញ់សង្រ្គាម»។ លោកបានផ្លាស់ប្តូរទៅអនុវត្តយុទ្ធសាស្ត្របំផ្លិចបំផ្លាញប្រកបដោយប្រសិទ្ធភាព ដោយបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅទីក្រុង Mariupol និង Kharkiv ដូចគ្នានឹងអ្វីដែលកំពុងកើតមាន នៅទីក្រុង Kyiv ដែរ។

    ទាំងលោកខាងលិច និងកូនអុករបស់ខ្លួន មិនបានបង្ហាញអំពីបំណងក្នុងការប្រកាសអំពីការចាត់ទុកការផ្លាស់ប្តូររបបជាគោលដៅយុទ្ធសាស្ត្ររបស់ពួកគេទេ ដោយសារការធ្វើបែបនេះអាចនឹងជំរុញលោក Putin
    ឱ្យបន្តបង្កើនសកម្មភាពហិង្សា ដែលកាន់តែគ្រោះថ្នាក់ជាងមុន។

    លោកខាងលិចបាននិងកំពុងអបអរសាទរខ្លួនឯងចំពោះការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។ ក៏ប៉ុន្តែទណ្ឌកម្ម គឺជាអាវុធដែលនឹងវាយប្រហារលើភាគីទាំងសងខាង។ មេដឹកនាំលោកខាងលិចគ្រប់រូបបានដឹងហើយថា «តម្លៃសាំងដ៏ខ្ពស់នឹងនាំមកនូវបញ្ហានយោបាយស្មុគស្មាញនៅក្នុងស្រុក ជាពិសេសនៅក្នុងឆ្នាំបោះឆ្នោត»។

    ប្រសិនបើលោកខាងលិចកាត់បន្ថយការនាំចូលថាមពលរបស់រុស្ស៊ី ឬប្រសិនបើរុស្ស៊ីសម្រេចកាត់ផ្តាច់ការនាំចេញដោយខ្លួនឯង នោះវិបត្តិសេដ្ឋកិច្ចច្បាស់ជានឹងកើតឡើង។ មេដឹកនាំលោកខាងលិចអាចមានការ
    ព្រួយបារម្ភអំពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចរយៈពេលវែងដែល បង្កឡើងដោយការដាក់ទណ្ឌកម្ម។ ក៏ប៉ុន្តែពួកគេក៏បានដឹងដែរថា «ការផ្តោតតែទៅលើសេដ្ឋកិច្ចនិងអនាគតនយោបាយរបស់ពួកគេផ្ទាល់ ដោយមិនខ្វល់អំពីបញ្ហាប្រឈមដែលអ៊ុយក្រែនកំពុងជួបប្រទះ គឺជារឿងដ៏អាក្រក់ និងដ៏គួរឱ្យអាម៉ាស់ ហើយវាមិនយុត្តិធម៌នោះទេសម្រាប់ប្រជាជនអ៊ុយក្រែន»។

    នៅពេលដែលសង្រ្គាមបានបង្កឱ្យមានការផ្ទុះកំហឹងនៅក្នុងចំណោមអ្នកបោះឆ្នោតនៅលោកខាងលិច ក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក ការជួយសង្គ្រោះសេដ្ឋកិច្ចរបស់លោកខាងលិច ដោយការមិនខ្វល់ពីអ៊ុយក្រែន គឺជាការធ្វើនយោបាយមិនល្អ និងជាយុទ្ធសាស្ត្រដ៏អាក្រក់។

    ប្រសិនបើជ័យជំនះរបស់រុស្ស៊ីនៅតែអាចរារាំងបាន លោកខាងលិចត្រូវតែបង្កើនជំនួយរបស់ខ្លួនដល់យោធាអ៊ុយក្រែន ដើម្បីរុញឱ្យលោក Putin ធ្លាក់ចូលទៅក្នុងភាពជាប់គាំង ហើយការចរចាត្រូវតែបន្តទៅមុខដើម្បីអាចរក្សាផ្នែកខ្លះនៃប្រទេសអ៊ុយក្រែនឱ្យបន្តស្ថិតនៅក្នុងដៃរបស់រដ្ឋាភិបាលរបស់លោក Zelensky។

    លោកខាងលិចត្រូវតែរៀបចំផែនការសម្រាប់សេណារីយ៉ូដ៏អាក្រក់បំផុតដោយ មិនគួររំពឹងតែទៅលើអ្វីដែលល្អបំផុតនោះទេ។ សេណារីយ៉ូអាក្រក់បំផុតគឺ «ការដួលរលំនៃរដ្ឋាភិបាល Zelensky បន្ទាប់ពីការឡោមព័ទ្ធ និងការទម្លាក់គ្រាប់បែកនៅទីក្រុង Kyiv»។ ដូចនេះ ការផ្តល់ឱ្យអ៊ុយក្រែន នូវសមត្ថភាពក្នុងការ ប្រឆាំងនឹងយន្តហោះ, មីស៊ីល ក៏ដូចជាការប្រឆាំងនឹងកាំភ្លើងធំ គឺមានភាពចាំបាច់ណាស់ដើម្បីបំបែកការឡោមព័ទ្ធរបស់រុស្ស៊ី។

    ប៉ុន្តែប្រសិនបើពួកគេទទួលបរាជ័យក្នុងការរារាំងរុស្សី នោះលោកខាងលិចនឹងត្រូវសម្រេចចិត្តថា «តើខ្លួនអាចនឹងបន្តឈរមើលវិមានប្រធានាធិបតីរងនូវការទម្លាក់គ្រាប់បែក និងរដ្ឋាភិបាលជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យរងនូវការបំផ្លាញបានដែរឬទេ?»។

    ការដួលរលំនៃរដ្ឋាភិបាលរបស់លោក Zelensky នឹងផ្តល់ឱ្យលោក Putin នូវជ័យជំនះដែលលោកកំពុងត្រូវការយ៉ាងខ្លាំង ហើយវានឹងអនុញ្ញាតឱ្យលោកអាចលុបបំបាត់ប្រទេសអ៊ុយក្រែនក្នុងនាមជារដ្ឋអធិបតេយ្យ ក៏ដូចជាការចាប់ផ្តើមផ្លាស់ប្តូរជនជាតិអ៊ុយក្រែនឱ្យទៅជាជនជាតិរុស្ស៊ី។

    សេណារីយ៉ូដែលអាចទៅរួចនេះគួរតែផ្តល់ឱ្យមេដឹកនាំលោកខាងលិចនូវគំនិតយុទ្ធសាស្ត្រដ៏ច្បាស់លាស់។ គោលដៅយុទ្ធសាស្ត្ររបស់លោកខាងលិចនៅក្នុងសង្គ្រាមនេះ គួរតែជាការបន្តរក្សារដ្ឋាភិបាលរបស់លោក Zelensky ឱ្យនៅបន្តរស់រាន ហើយការជួយសង្គ្រោះរដ្ឋាភិបាល នឹងធ្វើឱ្យលោកខាងលិចអាចជួយសង្គ្រោះប្រទេសអ៊ុយក្រែនបាន។

    រាល់កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការបំផ្លាញរដ្ឋាភិបាលរបស់លោក Zelensky គួរតែត្រូវបានកំណត់ជាខ្សែបន្ទាត់ក្រហមរបស់លោកខាងលិចហើយវាគួរជាពេលដែលពួកគេត្រូវផ្ញើសារទៅកាន់លោក Putin ថា «ប្រសិនបើលោកមិនឈប់ទេ ពួកគេនឹងឆ្លើយតបដោយប្រើកម្លាំង»។

    មេដឹកនាំនយោបាយលោកខាងលិចមានឱកាស ក្នុងការសម្រេចចិត្តអំពីការផ្ញើសារយុទ្ធសាស្ត្រនេះនៅ ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅក្នុងសប្តាហ៍នេះ។ ប្រសិនបើពួកគេអាច មូលមតិគ្នាលើរឿងនេះ នោះវានឹងអាស្រ័យលើមេដឹកនាំយោធារបស់បណ្តាសម្ព័ន្ធមិត្តក្នុងការរៀបចំផែនការយុទ្ធសាស្ត្រដើម្បីធ្វើការបញ្ជូនសារនេះឱ្យបានខ្លាំងៗ និងច្បាស់ៗ៕ Project Syndicate

    អត្ថបទទាក់ទង