ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ ខេត្តភាគឦសាននឹងក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដែលផ្តោតសំខាន់ពាក់ព័ន្ធនឹងកសិ-ឧស្សាហកម្ម និងធនធានរ៉ែ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 51
សម្តេចតេជោ ហ៊ុន សែន៖ ខេត្តភាគឦសាននឹងក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដែលផ្តោតសំខាន់ពាក់ព័ន្ធនឹងកសិ-ឧស្សាហកម្ម និងធនធានរ៉ែ សម្តេចតេជោ ហ៊ុន សែន៖ ខេត្តភាគឦសាននឹងក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដែលផ្តោតសំខាន់ពាក់ព័ន្ធនឹងកសិ-ឧស្សាហកម្ម និងធនធានរ៉ែ

នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ប្រមាណជាង ៣៣លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសេចក្តីរីករាយដែលបានអញ្ជើញមកសម្ពោធដាក់អោយប្រើប្រាស់នូវកំណាត់ផ្លូវជាតិលេខ៧នាពេលនេះ ហើយសម្តេចតេជោ បានមានប្រសាសន៍ថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធមកកាន់ភាគឦសាននេះ គឺមិត្តចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធច្រើន មានដូចជាក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីជាដើម។ សម្តេចតេជោ នឹងប្រែក្លាយខេត្តភាគឦសានឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដែលផ្តោតសំខាន់ពាក់ព័ន្ធនឹងកសិឧស្សាហកម្ម និងធនធានរ៉ែ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជារីករាយចំពោះសមិទ្ធផលទាំងឡាយដែលកើតចេញពីការគូសវាសរបស់សម្តេចផ្ទាល់ ក្រោយពេលដែលកម្ពុជាយើងបានបិទបញ្ចប់នូវភ្លើងសង្គ្រាមដ៏រាំរ៉ៃនៅចុងឆ្នាំ១៩៩៨។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ បណ្តាខេត្តនានានៅទូទាំងប្រទេសបានចងភ្ជាប់គ្នាដោយហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ជាច្រើន នៅសល់តែការចងភ្ជាប់ពីភាគពាយ័ព្យ ទៅភាគនិរតីប៉ុណ្ណោះ។ សម្តេច បានបន្តថា ស្ថានភាពកម្ពុជាបច្ចុប្បន្ន មិនដូចពីពេលមុនទៀតនោះទេ ពីព្រោះពេលនេះ ផ្លូវជាច្រើនត្រូវបានកសាង មណ្ឌលសុខភាព និងសាលារៀនក៏ត្រូវបានពង្រាយជាច្រើនកន្លែងផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងថា នៅខែអំឡុងមីនា ខាងមុខនេះ មន្ទីរពេទ្យធំៗចំនួនពីរតម្លៃជិត ៨០លានដុល្លារ ដែលជាជំនួយរបស់ចិន នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ផងដែរ ក្នុងនោះមានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅភ្នំពេញ៕

អត្ថបទទាក់ទង