ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជាមានតួនាទីដ៏សំខាន់ជាអនុប្រធាន នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៣ នៅទីក្រុងញូវយ៉ក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 56
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជាមានតួនាទីដ៏សំខាន់ជាអនុប្រធាន នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៣ នៅទីក្រុងញូវយ៉ក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជាមានតួនាទីដ៏សំខាន់ជាអនុប្រធាន នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៣ នៅទីក្រុងញូវយ៉ក

លោកនាយករដ្ឋមន្ត្រីនៃកម្ពុជា ហ៊ុន សែន នៅថ្ងៃទី២៥ ខែកញ្ញានេះ បានសរសេរលើ Facebook ផ្លូវការរបស់លោកថា នៅថ្ងៃទី២៧ ខែកញ្ញាខាងមុខនេះ លោកនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UN) លើកទី៧៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

លោក ហ៊ុន សែន បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះកម្ពុជា មានតួនាទីយ៉ាងសំខាន់ គឺជាអនុប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិទៀតផង។

ជាមួយគ្នានេះ លោក ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ទៀតថា ក្នុងឱកាសដែលលោកបំពេញទស្សនកិច្ចផ្លូវការនៅអាមេរិកនោះ លោកនឹងឆ្លៀតពេលជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកផងដែរ។

លោក ហ៊ុន សែន បានសរសេរក្នុង Facebook របស់លោកយ៉ាងដូច្នេះថា «នៅថ្ងៃព្រហស្បត្ត៍ ទី២៧ ខែកញ្ញាខាងមុខនេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ដែលកម្ពុជាមានតួនាទីដ៏សំខាន់ជាអនុប្រធាននៃមហាសន្និបាត (Vice President of the 73rd Session of the UN General Assembly 2018-2019) នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក (New York, USA)។

ក្នុងពេលស្នាក់នៅទីនោះ ខ្ញុំនឹងឆ្លៀតពេលជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកផងដែរ។ ទោះបីរស់នៅទីណាក៏ដោយ គឺបងប្អូនជាមហាគ្រួសារខ្មែរ តែមួយរបស់កម្ពុជា។ ខ្ញុំសូមផ្តាំផ្ញើសួរសុខទុក្ខបងប្អូនខ្មែរ-អាមេរិកាំងនៅគ្រប់រដ្ឋទាំងអស់ និងសូមអរគុណក្មួយៗ និងបងប្អូនដែលកំពុងត្រៀមខ្លួន មកទទួលស្វាគមន៍ខ្ញុំនៅពេលដ៏ខ្លីខាងមុខនេះ។ សូមជូនពរបងប្អូនជនរួមជាតិទាំង ក្នុងនិងក្រៅប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»។

សូមជម្រាបថា លោក ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨៕

អត្ថបទទាក់ទង