ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ បញ្ចប់ការធ្វើកោសលវិច័យលទ្ធផលប្រឡងបាក់ឌុប និងសម្រេចរក្សាទុកលទ្ធផលនៅដដែល ជាមួយការបិទបញ្ចប់ការតវ៉ាទាំងអស់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកសារ 41
ក្រសួងអប់រំ បញ្ចប់ការធ្វើកោសលវិច័យលទ្ធផលប្រឡងបាក់ឌុប និងសម្រេចរក្សាទុកលទ្ធផលនៅដដែល ជាមួយការបិទបញ្ចប់ការតវ៉ាទាំងអស់ ក្រសួងអប់រំ បញ្ចប់ការធ្វើកោសលវិច័យលទ្ធផលប្រឡងបាក់ឌុប និងសម្រេចរក្សាទុកលទ្ធផលនៅដដែល ជាមួយការបិទបញ្ចប់ការតវ៉ាទាំងអស់

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសម្រេចបិទបញ្ចប់ការធ្វើកោសលវិច័យលើលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ បន្ទាប់ពីមានការប្ដឹងតវ៉ាពីបេក្ខជន មាតាបិតា និងអ្នកណាព្យាបាលសិស្សានុសិស្ស ពាក់ព័ន្ធការសង្ស័យលើលទ្ធផលនោះ។

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ ក្រសួងអប់រំ បានអះអាងថា គណៈកម្មការកោសលវិច័យ បានរកឃើញថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ មិនមានការប្រែប្រួលទេ។ ឈរលើមូលដ្ឋាននេះ ក្រសួងសូមប្រកាសបញ្ចប់ការទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ។

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ក្រសួងអប់រំ យុវជន និងកីឡាសូមបញ្ជាក់ជូនដល់បេក្ខជន អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់ថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ បានប្រព្រឹត្តទៅដោយរលូនស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន, ស្របតាមលក្ខណៈបច្ចេកទេស ប្រឡង និងស្របតាមទស្សនាទាន «អ្នកចេះ គឺជាប់» ព្រមទាំងក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល និងកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់ក្រសួងមហាផ្ទៃ, អង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងសុខាភិបាល, អាជ្ញាធរដែនដី, កងកម្លាំង, សហភាពសហព័ន្ធយុវជនកម្ពុជា, អគ្គិសនីកម្ពុជា, ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ, និងគ្រប់ភាគីពាក់ព័ន្ធដទៃទៀត ជាពិសេស ការខិតខំប្រឹងប្រែងរៀនសូត្រផ្ទាល់របស់បេក្ខជន ព្រមទាំងការអនុវត្តភារកិច្ចប្រកបដោយភាពម៉ត់ចត់, វិជ្ជាជីវៈ, មនសិការការងារ, និងស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈមេប្រយោគ និងគណៈកម្មការនានាគ្រប់ថ្នាក់។

ឆ្លើយតបចំពោះសំណូមពរ និងការតវ៉ារបស់បេក្ខជនចំពោះលទ្ធផលនៃការប្រឡង ក្រសួងអប់រំ យុវជន និងកីឡាបានបង្កើត «គណៈកម្មការកោសលវិច័យ» ដើម្បីពិនិត្យ និងដោះស្រាយករណ៍ខាងលើធ្វើយ៉ាងណាឲ្យបេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនជឿទុកចិត្តចំពោះលទ្ធផលប្រឡង។

ក្រោយពីបានបញ្ចប់ការធ្វើកោសលវិច័យ គណៈកម្មការកោសលវិច័យបានរកឃើញថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ មិនមានការប្រែប្រួលទេ។ ឈរលើមូលដ្ឋាននេះ ក្រសួងសូមប្រកាសបញ្ចប់ការទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ។

ចំពោះសិស្សប្រឡងធ្លាក់ ក្រសួងសូមលើកទឹកចិត្តឱ្យខិតខំរៀនសូត្របន្ត ដោយមានការជួយគាំទ្រពីសំណាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងនៅឆ្នាំខាងមុខ»៕ Fresh News

អត្ថបទទាក់ទង