ខ្មែរប៉ុស្ដិ៍ Close

East Asia Forum ៖ អ្វីដែលអ្នករិះគន់បានមើលរំលងពាក់ព័ន្ធនឹងទស្សនវិស័យស្តីពី តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 45
East Asia Forum ៖ អ្វីដែលអ្នករិះគន់បានមើលរំលងពាក់ព័ន្ធនឹងទស្សនវិស័យស្តីពី តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាស៊ាន East Asia Forum ៖ អ្វីដែលអ្នករិះគន់បានមើលរំលងពាក់ព័ន្ធនឹងទស្សនវិស័យស្តីពី តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាស៊ាន

ជាមួយនឹងការដឹកនាំរបស់បុរសខ្លាំងនិងទស្សនវិស័យគាំទ្រចំពោះប្រទេសចិន ក្រុមអ្នកវិភាគនៅតែមានមន្ទិលសង្ស័យលើការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការ «ពង្រឹងមជ្ឈភាពអាស៊ាន» ក្រោមការដឹកនាំរបស់កម្ពុជានៅក្នុងឆ្នាំ ២០២២ នេះ។ ហើយសូម្បីតែទស្សនវិស័យរបស់អាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Asian Outlook for Indo-Pacific) ក៏ត្រូវបានគេចោទសួរផងដែរ។

វាជាការពិត ដែលទស្សនវិស័យខាងលើ នៅមានចំណុចខ្វះខាតមួយចំនួន បូករួមទាំងកង្វះនូវគោលការណ៍ ដែលអាចលើកយកទៅអនុវត្តបាន ដែលនេះក៏ដោយសារតែវាត្រូវបានធ្វើឡើង ដោយផ្អែកលើការសន្មតដ៏ខុសឆ្គងដែលថា «វេទិកានានា ដែលអាស៊ានកំពុងដឹកនាំនៅសព្វថ្ងៃ គឺមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការរក្សាស្ថិរភាពនិង ដោះស្រាយភាពតានតឹងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។

នៅពេលដែលជម្លោះភូមិសាស្ត្រនយោបាយបានបន្តកើនឡើង ទស្សនវិស័យខាងលើ នៅតែមានភាពមិនច្បាស់លាស់ និងមិនមានក្របខ័ណ្ឌលម្អិតណាមួយដែលអាចត្រូវបានផ្សាភ្ជាប់គ្នាជាមួយនឹងទស្សនៈវិស័យស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ប្រទេសដទៃ ទៀតដែលជាដៃគូរបស់អាស៊ាន។

ឯកសារចំនួន ៥ ទំព័រ មិនបានរួមបញ្ចូលនូវផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តនោះទេ ហើយខ្លឹមសាររបស់វាមានលក្ខណៈប្រហាក់ប្រហែលនឹងសេចក្តីថ្លែងការណ៍មួយតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ ដោយការរិះគន់ចំពោះទស្សនវិស័យនេះត្រូវបានធ្វើឡើងដោយពឹងផ្អែកលើការសន្មត មិនត្រឹមត្រូវអំពីរបៀបដែលអាស៊ានធ្វើប្រតិបត្តិការ។

អ្នកការទូតជើងចាស់របស់ប្រទេសសិង្ហបុរី លោក Bilahari Kausikan បាននិយាយថា «វាពិតជាគ្មានប្រយោជន៍ទាល់តែសោះក្នុងការរិះគន់គោ ថាជាសេះដែលមិនល្អ»។ បើសិនជាពួកគេមិនយល់អំពីរបៀប
ប្រតិបត្តិការងាររបស់អាស៊ាននោះទេ ពួកគេអាចនឹងមើលរំលងនូវកម្រិតការងារ ដែលអាស៊ានអាចអនុវត្តបាន។

ទស្សនវិស័យនេះមិនមែនជាយុទ្ធសាស្ត្រទេ ហើយវាគឺជាប្រពៃណីរបស់អាស៊ានក្នុងការជៀសវាងពីការប្រើប្រាស់អំណាចយោធា និងការបង្ខំឱ្យប្រទេសជាសមាជិកអនុវត្តតាមកិច្ចព្រមព្រៀងនានា។

សមាជិករបស់អាស៊ានអាចបង្កើតឱ្យមានការមូលមតិគ្នា តាមរយៈការយល់ព្រមលើកិច្ចសហប្រតិបត្តិការនៅក្នុងផ្នែកមួយចំនួន ទន្ទឹមនឹងការធានាថា «សមាជិកនីមួយៗនឹងមានឱកាសគ្រប់គ្រាន់ក្នុងការបំពេញតាមផល ប្រយោជន៍របស់ពួកគេដែលមានលក្ខណៈខុសៗគ្នា»។

ជំនួសឱ្យការបង្កើតនូវយុទ្ធសាស្ត្រសន្តិសុខពេញលេញ ភាពខ្លាំងរបស់អាស៊ានបានបន្តពឹងផ្អែកលើការកំណត់បទដ្ឋានបូករួមនឹងវិធានការកសាងទំនុកចិត្តដែលអាចត្រូវបានមើល ឃើញយ៉ាងច្បាស់តាមរយៈវេទិកាពិភាក្សា និងកិច្ចចរចានានារបស់អាស៊ាន។

លោក Khanisa Krisman ដែលជាអ្នកស្រាវជ្រាវមកពីទីភ្នាក់ងារច្នៃប្រឌិត និងស្រាវជ្រាវជាតិរបស់ប្រទេសឥណ្ឌូណេស៊ី (Indonesia’s National Research and Innovation Agency) បានលើកឡើងថា «អាស៊ានបានបង្ហាញអំពីមជ្ឈភាពរបស់ខ្លួននៅពេលដែលពួកគេអាចទទួលយកនូវការយល់ឃើញខុសៗគ្នាស្តីអំពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។

អាស៊ានបានពង្រឹងនូវកេរ្តិ៍ឈ្មោះរបស់ខ្លួន តាមរយៈការដឹកនាំការចរចាដែល មានជាប់ពាក់ព័ន្ធនឹងបណ្តាប្រទេសជាដៃគូ ដែលកំពុងតែជាប់គាំងនៅក្នុងការប្រកួតប្រជែង ដែលរួមមានទាំងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ដែលនៅទីបំផុតបានចូលជាធរមាននៅក្នុងឆ្នាំ ២០២២។

បើសិនជាអាស៊ានគ្មានអព្យាក្រឹតទេ អាស៊ាននឹងមិនអាចធ្វើឱ្យប្រទេសចិនចូលរួមជាមួយអូស្ត្រាលី, ជប៉ុន និងប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ១២ ផ្សេងទៀតបាននោះ ទេ ហើយឥឡូវនេះអាស៊ានក៏បានបង្កើតឱ្យមាននូវប្លុកពាណិជ្ជកម្មដ៏ធំបំផុតមួយនៅ លើពិភពលោកផងដែរ។

វាជាលើកដំបូង ហើយដែលប្រទេសចិនបានបញ្ចូលគោលគំនិតស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទៅក្នុងសេចក្តីថ្លែងការណ៍រួម ក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃកិច្ចសន្ទនារវាងប្រទេសចិននិងអាស៊ាន។ ប្រទេសចិនបាន
ចាត់ទុកវាជា «គំនិតផ្តួចផ្តើមឯករាជ្យរបស់អាស៊ានដែលមានលក្ខណៈបើកចំហនិងប្រកបដោយបរិយាប័ន្ន»។

ឯកសារនេះបានផ្តល់ឱកាសដ៏សំខាន់មួយដល់អាស៊ាន ដើម្បីបន្សាបការជជែកវែកញែកអំពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបានផ្តោតទៅ លើការឆ្លើយតបបែបចំអកឡកឡឺយរបស់ប្រទេសចិនកាលពីមុនចំពោះគោលគំនិតស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ។

ដូចគ្នានេះដែរនៅ៤ ឆ្នាំក្រោយពីអតីតប្រធានាធិបតីអាមេរិក Donald Trump បានដកសហរដ្ឋអាមេរិកចេញពីតំបន់ ទីក្រុងវ៉ាស៊ីនតោនបាននិងកំពុងបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងក្នុងការវិលត្រឡប់មកកាន់តំបន់នេះវិញ តាមរយៈការបង្កើនការចូលរួមជាមួយអាស៊ាន។

សុន្ទរកថាចុងក្រោយបង្អស់របស់រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken នៅឯទីក្រុងហ្សាកាតា និងទីក្រុងកូឡាឡាំពួរ បានបញ្ជាក់យ៉ាងច្បាស់ណាស់ថា «អាមេរិកមិនអាចខ្វះអាស៊ានបាននោះទេ»។

អ្នកប្រាជ្ញឥណ្ឌូណេស៊ីដ៏ល្បីឈ្មោះម្នាក់ គឺលោក Dewi Fortuna Anwar បានលើកឡើងថា «នៅពេលដែលភាពតានតឹងនៅក្នុងតំបន់កំពុងតែមានការកើនឡើង តម្រូវការក្នុងការបង្កើតឱ្យមានវេទិកាសន្ទនាប្រកបដោយបរិយាប័ន្នគឺមានភាពកាន់តែបន្ទាន់ជាងមុនដើម្បីបង្ការពីការផ្ទុះឡើងនៃជម្លោះ»។

សមាជិកអាស៊ានមិនបានពឹងផ្អែកទាំងស្រុងតែទៅលើវេទិការបស់អាស៊ាននោះទេ។ បើទោះបីជាអាស៊ានមានទម្លាប់ទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមកក៏ដោយ (ជាពិសេសគឺករណីដែលប្រទេសជាសមាជិកចូលចិត្តទុកការសម្រេចចិត្តដ៏លំបាកៗឱ្យអាស៊ានជាអ្នកសម្រេច) ក៏ប្រទេសជាសមាជិកនីមួយៗ នៅតែអាចអនុវត្តយុទ្ធសាស្រ្តផ្សេងៗរបស់ពួកគេបានតាមរយៈស្ថាប័នដ៏ធូររលុងរបស់អាស៊ាន។

ទោះជាយ៉ាងណាក៏ដោយ ភាពមិនច្បាស់លាស់របស់អាស៊ានបានធ្វើឱ្យប្រទេសជាសមាជិកចាប់ផ្តើមមានភាពធុញទ្រាន់។ ឧទាហរណ៍ : ប្រទេសវៀតណាមបានពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយក្រុម Quad ក៏ប៉ុន្តែនៅតែបន្តបង្ហាញអំពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួនចំពោះអាស៊ានក្នុងនាមជាប្រធានអាស៊ានប្តូរវេនកាលពីឆ្នាំ ២០២០។

ទោះបីជាទស្សនវិស័យនេះមិនបានផ្តោតសំខាន់លើផ្នែកសន្តិសុខក៏ដោយ ក៏ប្រទេសជាសមាជិកមួយចំនួនបានបង្កើនការការពាររបស់ពួកគេរួចទៅហើយ ដែលរួមមានទាំងសកម្មភាពស្ដារឡើងវិញនូវកិច្ចព្រមព្រៀង «Visiting Force» រវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក និងការរក្សាទំនាក់ ទំនងការការពារជាតិដ៏កក់ក្តៅរវាងប្រទេសឥណ្ឌូណេស៊ីជាមួយ នឹងបណ្តាប្រទេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសំខាន់ៗ ដែលរួមមានទាំងសហរដ្ឋ អាមេរិក, ឥណ្ឌា និងបារាំង។

វាគឺជារឿងភាន់ច្រឡំក្នុងការសន្មតថា «រដ្ឋជាសមាជិកនីមួយៗមានការយល់ឃើញដូចៗគ្នាចំពោះការគំរាមកំហែងរបស់ចិន»។ ជាមួយនឹងប្រវត្តិសាស្រ្តដ៏យូរលង់នៃការដាក់អាណានិគម និងការធ្វើអន្តរាគមន៍ អាស៊ានបានចាត់ទុក ប្រទេសចិននិងសហរដ្ឋអាមេរិកជាប្រទេសដែលមិនគួរឱ្យទុកចិត្តដូចគ្នា ហើយការរក្សាស្វ័យភាពនៅតែជាគោលដៅចម្បងរបស់អាស៊ាន។

តាមរយៈការរក្សាអព្យាក្រឹតភាព អាស៊ាននឹងអាចទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចដ៏ធំរបស់ប្រទេសចិននិងបណ្តាញសន្តិសុខដ៏រឹងមាំរបស់សហរដ្ឋអាមេរិក ជាពិសេស នៅពេលដែលការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងប្រទេសចិននៅតែជា រឿងមួយដ៏ចាំបាច់។

ភាពខុសគ្នាស្តីពីការយល់ឃើញចំពោះប្រទេសចិននិងយន្តការដែលមានគោលបំណងប្រឆាំងនឹងប្រទេសចិន ដូចជាក្រុម Quad និងកិច្ចព្រមព្រៀង AUKUS នឹងមិនអាចឈានទៅ បង្កើតឱ្យមានការ ព្រមព្រៀងគ្នាក្នុងចំណោមប្រទេសជាសមាជិកអាស៊ានឡើយ។ ហេតុដូច្នេះហើយ ទើបបានជាចំណុចទាំងនេះត្រូវបានលុបចេញពីក្នុងទស្សនវិស័យដើម្បីអាចឱ្យអាស៊ានងាក ទៅផ្តោតលើចំណុចផ្សេងៗទៀតដែល ប្រទេសជាសមាជិកអាចស្វែងរកការឯកភាពគ្នាបាន។

ការវិវឌ្ឍថ្មីៗទាំង នេះបានបង្ហាញអំពីគុណសម្បត្តិរបស់ទស្សនវិស័យខាងលើ ក្នុងការរក្សានូវតួនាទីរបស់អាស៊ានក្នុងនាមជាអ្នកសម្របសម្រួលនៅក្នុងតំបន់ ហើយអាស៊ានក៏នឹងនៅតែជាវេទិកាដ៏សំខាន់មួយ ដែលមហាអំណាចខាងក្រៅមិនអាច មើលរំលងបានដើម្បីការពារផលប្រយោជន៍របស់ពួកគេ។

ប៉ុន្តែបើទោះបីជា ទស្សនៈវិស័យនេះបានដើរនៅក្នុងទិសដៅវិជ្ជមានក៏ដោយ ក៏បណ្តារដ្ឋជាសមាជិកគួរតែបង្កើនការវិនិយោគដើម្បីបង្កើតឱ្យមានជម្រើសបន្ថែមទៀតនៅខាងក្រៅអាស៊ានដើម្បីពង្រឹងស្វ័យភាពរបស់ពួកគេ។

ទស្សនវិស័យនេះអាចត្រូវបានវាស់វែងយ៉ាងល្អបំផុតតាមរយៈសមត្ថភាពរបស់អាស៊ានក្នុងការជំរុញឱ្យមានការពង្រឹងបរិយាប័ន្ន, ការកសាងទំនុកចិត្ត និងការពង្រីកសកម្មភាពរបស់ប្រទេសជាសមាជិក។ ការវិនិយោគនៅក្នុងការបង្កើតឱ្យមានទំនាក់ទំនងទ្វេភាគី ឬទំនាក់ទំនងទ្វេភាគីខ្នាតតូចផ្សេងៗទៀត គឺសុទ្ធតែមានសារៈសំខាន់ដូចគ្នាដើម្បីអាចឈានទៅសម្រេចបាននូវលទ្ធផលជាយុទ្ធសាស្ត្របន្ថែមទៀត៕ East Asia Forum