ខ្មែរប៉ុស្ដិ៍ Close

ក្រុម Quad កំពុងប្រឈមមុខនឹងស្ថានភាពដ៏លំបាក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 40
ក្រុម Quad កំពុងប្រឈមមុខនឹងស្ថានភាពដ៏លំបាក ក្រុម Quad កំពុងប្រឈមមុខនឹងស្ថានភាពដ៏លំបាក

នៅពេលដែលក្រុម Quad ត្រូវបានបង្កើតឡើងជាលើកដំបូង ក្នុងនាមជាសម្ព័ន្ធភាពយុទ្ធសាស្រ្តនៃប្រទេសប្រជាធិបតេយ្យឈានមុខគេទាំង៤ របស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មនុស្សជាច្រើនបានលើកឡើងនូវការសង្ស័យចំពោះភាពជោគជ័យរបស់ក្រុមនេះ។

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានចំអកថា «ក្រុមនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍ ហើយវានឹងរលាយបាត់ទៅវិញដូចពពុះទឹកសមុទ្រនៅឯមហាសមុទ្រប៉ាស៊ីហ្វិក ឬមហាសមុទ្រឥណ្ឌា»។

ប៉ុន្តែ ការបង្កើនការឈ្លានពានរបស់ចិន បូករួមនឹងការប្ដេជ្ញាចិត្តរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo ក្នុងការពង្រឹងសមត្ថភាពទប់ទល់ឱ្យបានទូលំទូលាយ បានបង្កើតឱ្យមានក្រុមមួយដែលមានការរួបរួមគ្នាកាន់តែខ្លាំងឡើង និងដែលអាចធានាបាននូវការពង្រឹងសន្តិសុខក្នុងតំបន់យ៉ាងពិតប្រាកដ។

ប៉ុន្តែសំណួរដ៏សំខាន់គឺ «តើវាអាចសម្រេចបាននូវជោគជ័យដូចការចង់បានដែរឬទេ?» រឿងមួយដ៏ជាក់លាក់គឺ «សមាជិកនៃក្រុម Quad ទាំង៤ ដែលរួមមានអូស្ត្រាលី, ឥណ្ឌា, ជប៉ុន និងសហរដ្ឋអាមេរិក សុទ្ធតែមានតួនាទីសំខាន់ណាស់នៅក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ ដែលត្រូវបានស្នើឡើងដោយជប៉ុននៅក្នុងឆ្នាំ២០១៦ និងទទួលបានការគាំទ្រពីសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០១៧»។

បើទោះបីជាក្រុម Quad ត្រូវការចំណាយពេលមួយរយៈដើម្បីចាប់ផ្តើមបោះជំហានទៅមុខក៏ដោយ ក៏នៅពេលនេះ ក្រុមនេះបានមានសន្ទុះក្នុងកម្រិតដ៏គួរឱ្យកត់សម្គាល់។ សមាជិករបស់ក្រុម Quad បានរៀបចំកិច្ចប្រជុំកំពូលចំនួន ៣ លើកកាលពីឆ្នាំមុន ហើយពួកគេគ្រោងនឹងជួបប្រជុំគ្នាដោយផ្ទាល់នៅទីក្រុងតូក្យូ នៅថ្ងៃទី ២៤ ខែឧសភាខាងមុខ។

ប៉ុន្តែក្រុម Quad នៅមានរឿងច្រើនណាស់ដែលត្រូវធ្វើ ដែលនេះក៏ដោយសារតែសកម្មភាពផ្ទាល់របស់សមាជិកនីមួយៗកំពុងបង្កផលប៉ះពាល់ដល់យុទ្ធសាស្ត្ររបស់ក្រុមដែលជាតម្រូវការក្នុងការរារាំងប្រទេសចិនពីការពង្រឹងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ បញ្ហាសំខាន់មួយគឺ «ប្រទេសទាំង ៤ ត្រូវបានល្បួងដោយចិន និងបានជឿថា ទំនាក់ទំនងសេដ្ឋកិច្ច និងបញ្ហាភូមិសាស្ត្រនយោបាយ គឺជារឿង ២ ដាច់ដោយឡែកពីគ្នា»។

អតិរេកពាណិជ្ជកម្មរបស់ចិនដែលបានឈានដល់កំណត់ត្រា ៦៧៦,៤ ពាន់លានដុល្លារកាលពីឆ្នាំមុន ឥឡូវនេះបានក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ចិន។ បើគ្មានអតិរេកពាណិជ្ជកម្មទេ កំណើនសេដ្ឋកិច្ចរបស់ចិនអាចនឹងនៅទ្រឹង ជាពិសេសនៅពេលដែលប្រធានាធិបតី Xi Jinping ពង្រឹងការគ្រប់គ្រងរបស់រដ្ឋលើក្រុមហ៊ុនឯកជន។

បញ្ហានេះនឹងបង្កការរារាំងដល់សមត្ថភាពរបស់ចិនក្នុងការវិនិយោគលើវិស័យយោធារបស់ខ្លួនក៏ដូចជាក្នុងការផ្តល់ហិរញ្ញប្បទានដល់ការធ្វើសមយុទ្ធដ៏ខ្លាំងក្លារបស់ខ្លួនទាំងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងនៅក្រៅតំបន់។

ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនិងឥណ្ឌា គឺជាអ្នករួមចំណែកដ៏សំខាន់នៅក្នុងអតិរេកពាណិជ្ជកម្មរបស់ចិន។ សហរដ្ឋអាមេរិកបាននាំមុខគេដោយក្នុងនោះ ឱនភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយចិនបានកើនឡើងជាង ២៥% នៅក្នុងឆ្នាំ ២០២១ ដល់ ៣៩៦,៦ ពាន់លានដុល្លារ ហើយឥឡូវនេះ វាមានចំណែកជាង ៥៨% នៃអតិរេកសរុបរបស់ចិន។

ឱនភាពពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយចិនបានឈានដល់ ៧៧ ពាន់លានដុល្លារនៅក្នុងរយៈពេល ១២ ខែ ដោយគិតត្រឹមខែមីនានេះ បើទោះបីជាប្រទេសទាំងពីរ កំពុងជាប់គាំងនៅក្នុងការប្រឈមមុខដាក់គ្នាខាងផ្នែកយោធាដ៏គ្រោះថ្នាក់នៅតាមបណ្តោយព្រំដែនហ៊ីម៉ាឡៃយ៉ាដ៏វែងរបស់ពួកគេក៏ដោយ។

ការឈ្លានពានរបស់ចិននៅតាមតំបន់ព្រំដែនរបស់ឥណ្ឌានៅក្នុងឆ្នាំ២០២០ បានបង្កឱ្យមានការប៉ះទង្គិចគ្នា និងបានបង្កើតឱ្យមានចលនាកសាងកម្លាំង ក៏ដូចជាការពង្រឹងហេដ្ឋារចនាសម្ព័ន្ធព្រំដែនដែលបានបន្តរហូតមកដល់សព្វថ្ងៃនេះ។

ទាំងនេះគួរតែជាសារដាស់តឿនមួយសម្រាប់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដែលបានបន្តផ្គាប់ចិត្តចិន ដោយមិនខ្វល់ចំពោះការឈ្លានពាន ដែលចិនបានធ្វើមកលើប្រទេសរបស់ខ្លួន។ ឱនភាពពាណិជ្ជកម្មដ៏ធំនិងកំពុងកើនឡើង រវាងឥណ្ឌាជាមួយនឹងចិនបានបង្ហាញថា «លោក Narendra Modi មិនទាន់ភ្ញាក់ពីដំណេកនៅឡើយទេ»។

អូស្ត្រាលីនិងជប៉ុនក៏បានបង្កើនការពឹងផ្អែកយ៉ាងខ្លាំងផងដែរ លើការធ្វើពាណិជ្ជកម្មជាមួយចិន។ ប្រទេសចិនមានចំណែកជិត ១/៣ នៃពាណិជ្ជកម្មអន្តរជាតិសរុបរបស់អូស្ត្រាលី ហើយចិនគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសជប៉ុន។ ជាងនេះទៅទៀត ប្រទេសទាំងពីរនេះ គឺជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលដឹកនាំដោយចិន។

សម្រាប់ពួកគេ ការអនុញ្ញាតឱ្យប្រទេសចិនកែប្រែច្បាប់ពាណិជ្ជកម្មនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នឹងបង្កផលប៉ះពាល់តិចតួចប៉ុណ្ណោះ បើប្រៀបធៀបនឹងអត្ថប្រយោជន៍សេដ្ឋកិច្ចដែលទទួលបានពីការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់។

ជាជាងការបន្តទទួលយកអំណាចសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរបស់ចិន ក្រុម Quad គួរតែបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចដែលរួមមានការបង្កើនការធ្វើពាណិជ្ជកម្មនៅក្នុងចំណោមសមាជិករបស់ខ្លួន។

ជាអកុសល បើទោះបីជាលោក Biden បានប្តេជ្ញាថានឹងដាក់ចេញនូវក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលនឹងគ្របដណ្តប់លើវិស័យសំខាន់ៗទាំងអស់ រាប់ចាប់ពីវិស័យហេដ្ឋារចនាសម្ព័ន្ធរហូតដល់វិស័យសេដ្ឋកិច្ចឌីជីថលក៏ដោយ ក៏កង្វះឆន្ទៈរបស់រដ្ឋបាលរបស់លោក Biden ក្នុងការផ្តល់ធនធានបន្ថែមទៀតដល់តំបន់ ឬការផ្តល់ជូនដៃគូក្នុងតំបន់នូវលទ្ធភាពកាន់តែច្រើនដើម្បីចូលទៅកាន់ទីផ្សាររបស់អាមេរិកបានបង្កផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់គំនិតផ្តួចផ្តើមខាងលើ។

លើសពីនេះទៅទៀត លោក Biden បានជំរុញរបៀបវារៈរបស់ក្រុម Quad ដោយផ្តោតតែទៅលើប្រធានបទដែលមិនពាក់ព័ន្ធនឹងគោលបំណងស្នូលរបស់ក្រុមដែលរួមមាន ដូចជាការប្រែប្រួលអាកាសធាតុ, ការចែកចាយវ៉ាក់សាំងកូវីដ-១៩ និងភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

ជម្លោះដោយប្រើប្រាស់កូនអុក (Proxy Conflict) ដែលកាន់តែតានតឹងឡើងៗរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី បាននាំមកនូវភាពមិនច្បាស់លាស់កាន់តែខ្លាំង។ លោក Biden គឺជាប្រធានាធិបតីអាមេរិកទី៣ ហើយដែលបានប្តេជ្ញាផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់អាមេរិកឆ្ពោះទៅកាន់តំបន់អាស៊ី និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ប៉ុន្តែសង្រ្គាមនៅអ៊ុយក្រែនដែលអាចបន្តអូសបន្លាយពេលកាន់តែយូរ អាចនឹងធ្វើឱ្យលោក Biden មិនអាចសម្រេចគោលដៅខាងលើនេះបានទេ ហើយសង្គ្រាមនេះអាចជំរុញឱ្យលោក Biden ចាត់វិធានការដែលមានលក្ខណៈកាន់តែមានភាពសម្របសម្រួលចំពោះប្រទេសចិន។

ជាក់ស្តែង នៅមុនពេលរុស្ស៊ីបានបើកការឈ្លានពានលើអ៊ុយក្រែន លោក Biden បានចាប់ផ្ដើមបន្ធូរបន្ថយសម្ពាធលើប្រទេសចិនរួចស្រេចទៅហើយ ដោយក្នុងនោះលោកបានអនុញ្ញាតឱ្យប្រទេសចិនរួចខ្លួន ពីទោសកំហុសស្តីពីការបិទបាំងប្រភពដើមរបស់វីរុសកូវីដ-១៩ និងពីការខកខានមិនបានបំពេញតាមការសន្យារបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ ២០២០ «ដំណាក់កាលទី១» ជាមួយសហរដ្ឋអាមេរិក។

លោកក៏បានទម្លាក់ចោលការចោទប្រកាន់ពីបទក្លែងបន្លំលើកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន «Huawei» ផងដែរ។ ឥឡូវនេះ នៅពេលដែលលោក Biden ព្យាយាមធានាថា «លោក Xi នឹងមិនផ្តល់នូវការសង្គ្រោះសេដ្ឋកិច្ចដល់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលអាចបន្សាបឥទ្ធិពលនៃទណ្ឌកម្មរបស់លោកខាងលិច» លោកBiden អាចនឹង បង្ខំចិត្តដាក់ចេញនូវវិធីសាស្រ្តសម្របសម្រួលបន្ថែមទៀត។

អ្នកតំណាងពាណិជ្ជកម្មអាមេរិកបានដាក់ឱ្យអនុវត្តឡើងវិញនូវការលើកលែងពន្ធលើផលិតផល ៣៥២ មុខ ដែលនាំចូលពីប្រទេសចិន ហើយឥឡូវនេះ សេតវិមានក៏កំពុងពិចារណាផងដែរអំពីការកាត់បន្ថយពន្ធលើមុខទំនិញមិនមែនយុទ្ធសាស្ត្រ (Non-strategic Goods) របស់ប្រទេសចិន។

ក្រុម Quad អាចរៀបចំកិច្ចប្រជុំកំពូលថ្នាក់មេដឹកនាំច្រើនប៉ុណ្ណាក៏បាន ក៏ប៉ុន្តែបើសិនជាគ្មានចក្ខុវិស័យយុទ្ធសាស្ត្រច្បាស់លាស់ និងរបៀបវារៈដែលស៊ីសង្វាក់គ្នាទេ នោះកិច្ចប្រជុំនឹងមិននាំមកនូវឥទ្ធិពលអ្វីឡើយ។

គោលបំណងរបស់ក្រុមនេះគឺ «ការដើរតួជាអ្នកការពារប្រឆាំងនឹងការពង្រីកឥទ្ធិពលរបស់ចិន និងការធានានូវការរក្សាតុល្យភាពអំណាចប្រកបដោយស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ កិច្ចប្រជុំនៅថ្ងៃទី ២៤ ខែឧសភាខាងមុខ គួរតែផ្តោតជាចម្បងលើគោលបំណងនេះ៕ Project Syndicate