ខ្មែរប៉ុស្ដិ៍ Close

East Asia Forum ៖ មាគ៌ាឆ្ពោះទៅមុខរបស់វៀតណាម ពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ និង អំពើពុករលួយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 50
East Asia Forum ៖ មាគ៌ាឆ្ពោះទៅមុខរបស់វៀតណាម ពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ និង អំពើពុករលួយ East Asia Forum ៖ មាគ៌ាឆ្ពោះទៅមុខរបស់វៀតណាម ពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ និង អំពើពុករលួយ

វីរុសកូវីដ-១៩ បានចាប់ផ្ដើមផ្ទុះឡើងនៅក្នុងប្រទេសវៀតណាមកាលពីខែមិថុនា ឆ្នាំ២០២១ ពោលគឺ ១ឆ្នាំក្រោយពីបណ្តាប្រទេសភាគច្រើននៅក្នុងតំបន់អាស៊ីបូព៌ាបានជួបប្រទះនឹងវិបត្តិនេះ។ នៅមុនខែមិថុនា វិធានការក្នុងការទប់ស្កាត់ការចម្លងនិងវិធានការក្ដៅក្នុងការស្វែងរកអ្នកប៉ះពាល់ដោយផ្ទាល់ បានជួយទប់ស្កាត់វីរុសកូវីដ-១៩ មិនឱ្យឆ្លងរាតត្បាតចូលក្នុងសហគមន៍ និងបានអនុញ្ញាតឱ្យចរន្តសេដ្ឋកិច្ចរបស់ប្រទេសនេះនៅបន្តដំណើរការទៅមុខដូចធម្មតា។

ជោគជ័យ​ទាំង​នេះអាចជាមូលហេតុ ដែលធ្វើឱ្យប្រទេសវៀតណាមមានភាពខ្ជីខ្ជា ដោយមិនបានគិតគូរអំពីវិធានការសន្តិសុខ។ នៅពេលដែលវីរុសរាតត្បាតបានផ្ទុះឡើង ប្រទេសវៀតណាមស្ទើរតែគ្មានវ៉ាក់សាំង នៅក្នុងស្តុកទាល់តែសោះដែលជាហេតុបង្ខំឱ្យប្រទេសនេះ អនុវត្តនូវការបិទខ្ទប់យ៉ាងតឹងរ៉ឹងបំផុតនៅ ក្នុងទីក្រុងហូជីមិញនិងនៅតាមបណ្ដាខេត្តជុំវិញ ខណៈពេលដែលរដ្ឋាភិបាលត្រូវ ស្វះស្វែងរកការផ្គត់ផ្គង់វ៉ាក់សាំងជាបន្ទាន់។

គិតត្រឹមខែកញ្ញា បរិមាណនៃវ៉ាក់សាំងដែលវៀតណាមទទួលបានមានចំនួនច្រើនសន្ធឹកសន្ធាប់ ហើយនៅពេលដែលវៀតណាមទទួលបាន សញ្ញាថា «ការបញ្ជាទិញមួយចំនួនកំពុងត្រូវបានបង្វែរចេញពីប្រទេសវៀតណាម របបកុម្មុយនីស្តក៏បានប្រកាសថា ខ្លួននឹងចាប់ផ្តើមរៀនរស់នៅជាមួយវីរុសកូវីដ-១៩» ហើយល្បែង​មួយក្ដារនេះរបស់​​ទីក្រុង​ហាណូយ ហាក់​ដូច​ជា​មានប្រសិទ្ធភាពណាស់។

បន្ទាប់​ពី​បានដាំក្បាលចុះយ៉ាងគំហ៊ុកកាលពីត្រីមាសទី៣ ឆ្នាំ២០២១ សេដ្ឋកិច្ច​របស់វៀតណាម​បានងើប​ឡើង​វិញនៅ​ក្នុង​ត្រីមាស​ទី ៤។ នៅពេញមួយឆ្នាំ ២០២១ ប្រទេសវៀតណាមបានប្រកាសអំពីកំណើន GDP ចំនួន ២,៦% ហើយបច្ចប្បន្ននេះ ប្រទេសនេះបាននិងកំពុងត្រៀមខ្លួនដើម្បីវិលត្រឡប់ទៅរកកំណើន ៦% វិញនៅឆ្នាំ ២០២២។

ឆ្នាំ២០២១ បានចាប់ផ្តើមជាមួយនឹងសមាជលើកទី១៣ របស់គណបក្សកុម្មុយនីស្តវៀតណាម (CPV) ដែលបានធ្វើ ឡើងនៅចុងខែមករា ដើម្បីជ្រើសរើសមេដឹកនាំថ្មី និងដើម្បីបញ្ជាក់ឡើងវិញនូវគោលលទ្ធិរបស់គណបក្ស។ នៅប៉ុន្មានខែមុនសមាជនេះ រឿងរ៉ាវបានបង្ហាញយ៉ាងច្បាស់ថា «មនុស្សសំណព្វរបស់អគ្គលេខាបក្ស Nguyen Phu Trong មិនមានឱកាសក្នុងការទទួលបានសេចក្ដីទុកចិត្តពីគណៈកម្មាធិការមជ្ឈិមបក្សនោះទេ»។

ជាជាងការតែងតាំងលោក Nguyen Xuan Phuc ដែលជាអតីតនាយករដ្ឋមន្ត្រី ឱ្យឡើងធ្វើជាប្រធានបក្ស លោក Trong បានកែប្រែបទបញ្ជាផ្ទៃក្នុងមួយចំនួនដើម្បីអាចឱ្យលោកឈ្នះនៅក្នុងការបោះឆ្នោតសារជាថ្មីម្តងទៀតសម្រាប់អាណត្តិទី៣ ដែលនឹងមានរយៈពេល ៥ ឆ្នាំតទៅមុខទៀត និងបានតែងតាំងឥស្សរជនម្នាក់ដែលជា «បក្ខពួក» របស់លោក គឺលោក Pham Minh Chinh ឱ្យធ្វើជានាយករដ្ឋមន្ត្រី។

លោក Phuc និង​បក្ខពួករបស់​រដ្ឋាភិបាល​មួយ​រូបទៀត ​គឺ​លោក Vuong Dinh Hue ត្រូវ​បាន​គេ​ទម្លាក់​ឱ្យ​ទៅ​កាន់​តំណែង​ជាប្រធាន​រដ្ឋ​ និងជា​មេដឹកនាំ​រដ្ឋសភា ​ដែលជាតំណែង​ស្ទើរតែគ្មាន​អំណាចអ្វីទាំងអស់។

បច្ចុប្បន្ននេះ លោក Trong មានអាយុ ៧៨ ឆ្នាំ ហើយលោកមានបំណងចង់រក្សាកេរ្តិ៍ដំណែលរបស់លោកឱ្យនៅបន្តគង់វង្ស និងរឹងមាំ។ ចាប់តាំងពីឆ្នាំ ២០១៦ មក លោកបានបង្កើតព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយ ដោយបានប្រកាសខ្លួនជាសត្រូវនៃអំពើពុករលួយ

កាលពីឆ្នាំ ២០២១ លោកបានធ្វើការបណ្តេញប្រធានគណបក្សទីក្រុង Hanoi ចេញពីតំណែងពីបទក្លែងបន្លំ និងលាងលុយកខ្វក់ និងបានធ្វើការកាត់ទោសបុគ្គល ដែលមានទំនាក់ទំនងជាមួយអតីតប្រធានគណបក្សទីក្រុង Ho Chi Minh City បូករួមនឹងការបោសសម្អាតមន្ត្រីឆ្មាំសមុទ្រជាន់ខ្ពស់មួយចំនួន។

លោក Trong ក៏ បានព្យាយាមលុបបំបាត់នូវ «ស្វ័យវិវត្តនៅក្នុងគណបក្សកុម្មុយនីស្តវៀតណាមផងដែរ» ដែលជាផ្នត់គំនិតមួយដែលចង់ឱ្យគណបក្សដឹកនាំប្រទេសវៀតណាមឆ្ពោះទៅរកការសម្រេចចិត្តដែល មានលក្ខណៈបរិយាប័ន្ន និងការបង្កើនការចូលរួមឱ្យបានកាន់តែទូលំទូលាយនៅក្នុងជួររដ្ឋាភិបាល ជាពិសេស ពីសំណាក់ក្រុមដែលមិនជាប់ពាក់ព័ន្ធជាមួយគណបក្ស។ ប៉ុន្តែលោកនៅសល់ពេលមិនច្រើនទៀតទេ ដោយក្នុងនោះ បញ្ហាសុខភាពរបស់ លោកអាចបង្ខំឱ្យលោកចុះចេញពីតំណែងនៅមុនពេលបញ្ចប់អាណត្តិនៅឆ្នាំ ២០២៦។

របបនេះនៅតែបន្តបោសសម្អាតអ្នកដែលរិះគន់រដ្ឋាភិបាល ដែលខ្លួនយល់ថាជា «អ្នកបង្កបញ្ហា»។ អ្នកកាសែតម្នាក់ ដែលមានឈ្មោះថា «Pham Doan Trang» ដែលត្រូវបានកាត់ទោសកាលពីខែធ្នូឱ្យជាប់ពន្ធនាគាររយៈពេល ៩ ឆ្នាំ គឺជាមនុស្សម្នាក់ក្នុង ចំណោមមនុស្សជាច្រើនដែលត្រូវបានកាត់ទោសកាលពីឆ្នាំ ២០២១ ពីបទ «ធ្វើសកម្មភាពឃោសនាប្រឆាំងនឹងរដ្ឋវៀតណាម»។

ទន្ទឹមនឹងនេះដែរ ការកាត់ទោសដ៏ឃោរឃៅពីបទបង្កការបះបោរដែលបានធ្វើឡើងលើកសិករ គឺជាការបញ្ជូនសញ្ញាមួយទៅកាន់សកម្មជនដីធ្លីថា «ការតស៊ូប្រឆាំងប្រឆាំងនឹងការដកហូតដីធ្លីគឺជារឿងឥតប្រយោជន៍»។

កាលពីខែធ្នូ បន្ទាប់ពីមានការលាតត្រដាងមួយចំនួន ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសារព័ត៌មានបរទេស ក្រុមហ៊ុន Facebook បានប្តេជ្ញាថានឹងព្យាយាមទប់ស្កាត់ មិនឱ្យរបបនេះធ្វើការបង្ក្រាបលើអ្នកសរសេរប្លុកជនជាតិវៀតណាមដែលជាអ្នករិះគន់របបនេះតាមបណ្ដាញអ៊ីនធឺណិតនោះទេ។

កាលពីដើម ទីក្រុងហាណូយមិនបានចាប់អារម្មណ៍នឹងឥទ្ធិពលរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបរទេសនោះទេ ដោយពួកគេបានផ្តោតតែទៅលើការប្រមូលប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មក្នុងស្រុកប៉ុណ្ណោះ។

បច្ចុប្បន្ននេះ ដោយសារមេដឹកនាំជាច្រើននៃ «ចលនាប្រជាធិបតេយ្យ» កំពុងស្ថិតក្នុងពន្ធនាគារ ឬកំពុងនិរទេសខ្លួននៅក្រៅប្រទេស វានឹងមិនមែនជារឿងងាយស្រួលនោះទេក្នុងការធ្វើឱ្យរបបនេះបន្ធូរបន្ថយការបង្រ្កាប។

លោកនាយករដ្ឋមន្ត្រី Chinh បានក្លាយជាអ្នកដែលទទួលរងនូវថ្មបាក់ពីការរិះគន់ចំពោះកំណត់ត្រាមិនល្អរបស់របបនេះពាក់ព័ន្ធនឹងសេរីភាពនយោបាយ។ លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ជាច្រើនលើកច្រើនសាររួចមកហើយថា «សិទ្ធិមនុស្ស​នៅ​ក្នុងប្រទេស​វៀតណាម មិន​ដូច​គ្នាទៅនឹងអ្វីដែលលោកខាងលិច​បានគិតនោះទេ»។

លោកបានបន្តថា «ការងាររបស់គណបក្ស និងរដ្ឋ គឺការធានាឱ្យប្រជាពលរដ្ឋរស់នៅបានសុខស្រួល និងសប្បាយ និងធានាឱ្យប្រជាពលរដ្ធបានយល់ដឹងថា នយោបាយរបស់ប្រទេសជាតិគឺស្ថិតក្រោមការគ្រប់គ្រងដ៏ល្អ ហើយនឹងមិនមាននរណាម្នាក់ត្រូវបានទុកចោលនៅក្នុងគ្រាមានវិបត្តិឡើយ»។

ក្នុងអំឡុងឆ្នាំ ២០២១ គោលនយោបាយ «គ្មានសម្ព័ន្ធភាពបរទេស» ដែលមានអាយុកាលរាប់ទសវត្សរ៍របស់វៀតណាម ត្រូវបានពង្រឹងបន្ថែមទៀត ដែលនេះក៏ដោយសារទំនាក់ទំនងដ៏ចម្រូងចម្រាសរវាងប្រទេសចិន ក៏ដូចជាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងបណ្តាសម្ព័ន្ធមិត្តអាស៊ីដទៃទៀត។

នៅពេលដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin និងលោកស្រីអនុប្រធានាធិបតី Kamala Harris បានទៅបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ ពួកគេបានជំរុញវៀតណាមឱ្យពិចារណាអំពី «ភាពជាដៃគូយុទ្ធសាស្ត្រ» ជាមួយសហរដ្ឋអាមេរិក។

ប្រសិនបើថ្នាក់ដឹកនាំកំពូលរបស់វៀតណាមបានឈានដល់ការឯកភាពគ្នាជាគោលការណ៍លើការពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក «តើប្រទេសចិននឹងមានប្រតិកម្មតបយ៉ាងណា?» ផ្អែកលើបញ្ហានេះ វៀតណាមនៅតែមានភាពស្ទាក់ស្ទើរក្នុងការបង្កើតកិច្ចព្រមព្រៀងជាផ្លូវការណាមួយជាមួយសហរដ្ឋអាមេរិក។

រឿងអាស្រូវចំនួន២ បានកើតឡើងនៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំ ២០២១។ រឿងអាស្រូវទី១ ​គឺជារឿងតូចតាច​ប៉ុណ្ណោះ ដែលនោះគឺជារូបថតប៉ុន្មានសន្លឹកដែលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ To Lam ដែលជារដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាមកំពុង​ត្រូវ​បាន​គេ​បញ្ចុក​សាច់គោ​ ដែលស្រោបទៅដោយមាស​នៅ​ឯភោជនីយដ្ឋាន​ដ៏​ប្រណីតមួយកន្លែងក្នុង​ទីក្រុង​ឡុងដ៍។

រឿងអាស្រូវទី២ គឺជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន Viet A ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រដែលមានប្រភពមិនច្បាស់លាស់។ ក្រុមហ៊ុននេះត្រូវបានគេរកឃើញថា បានគិតប្រាក់ពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងនៅតាមខេត្តមួយចំនួនក្នុងតម្លៃថ្លៃកប់ពពក សម្រាប់ឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ-១៩។

មនុស្សមួយចំនួនជឿថា «ការយកថ្លៃបែបនេះគឺដោយសារតែមានការទូទាត់ប្រាក់ក្រោមតុ (អំពើពុករលួយ) និងការឃុបឃិតគ្នានៅទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់» ដែល​ជាហេតុបង្កឱ្យ​មាន​ការ​សង្ស័យ​​លើ​សុចរិតភាព​នៃ «សេដ្ឋកិច្ច​ទីផ្សារ​សង្គមនិយមរបស់​វៀតណាម»។

នៅពេលដែលឆ្នាំ ២០២២ បានចាប់ផ្តើម គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដ៏មានឥទ្ធិពលរបស់គណបក្សកុម្មុយនីស្តវៀតណាម និងអង្គភាពប៉ូលីសនានា បានបើកការស៊ើប អង្កេតលើការរកកម្រៃបានយ៉ាងច្រើននៅក្នុងចំណោមមន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល និងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

សម្រាប់ប្រទេសវៀតណាម ឆ្នាំ ២០២២ គឺជាឆ្នាំនៃការវិលត្រឡប់ទៅរកកំណើន ដែលនាំមុខដោយការនាំចេញដ៏រឹងមាំ ដែលបានមកពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់គណបក្សកុម្មុយនីស្តវៀតណាម ក្នុងការរក្សាការគ្រប់គ្រងសាធារណៈមតិ និងការបន្តផ្តោតការយកចិត្តទុកដាក់លើភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន។

ភាពមិនប្រាកដប្រជានៃសុខភាពរបស់ អគ្គលេខាធិការ Trong គឺជាក្ដីកង្វល់មួយ។ អ្នកតាមដាននយោបាយរបស់គណបក្សកុម្មុយនីស្តវៀតណាមបាននិយាយថា «ផ្អែកលើបញ្ហានេះ លោក Chinh, លោក Phuc និងលោក Hue អាចនឹងកំពុងរៀបចំផែនការដើម្បីកៀរគរការគាំទ្រនៅក្នុងជួរគណៈកម្មាធិការកណ្តាលរបស់គណបក្ស»៕ East Asia Forum

អត្ថបទទាក់ទង