ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «Covid-19 ជាវិញ្ញាសាវាស់ស្ទង់សមត្ថភាពរបស់មេដឹកនាំកម្ពុជា!»

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 49
លិខិតមិត្តអ្នកអាន៖ «Covid-19 ជាវិញ្ញាសាវាស់ស្ទង់សមត្ថភាពរបស់មេដឹកនាំកម្ពុជា!» លិខិតមិត្តអ្នកអាន៖ «Covid-19 ជាវិញ្ញាសាវាស់ស្ទង់សមត្ថភាពរបស់មេដឹកនាំកម្ពុជា!»

ខណៈដែលវីរុសកូរ៉ូណាប្រភេទថ្មី Covid-19 ធ្វើឲ្យជ្រួលច្របល់ស្ទើរពេញពិភពលោកនិងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចសាកល វាក៏បានក្លាយ ជាវិញ្ញាសាដ៏សំខាន់មួយទៀត សម្រាប់វាស់ស្ទង់អំពីកម្រិត សមត្ថភាពរបស់មេដឹកនាំកម្ពុជាក្នុងការតទល់ជាមួយបញ្ហាប្រឈមជាសាកលមួយនេះ។

ជាប្រទេសកំពុងអភិវឌ្ឍន៍តូចមួយ នៅភូមិភាគអាស៊ីប៉ែកអាគ្នេយ៍ ដែលមានប្រជាជនសរុបប្រមាណជា ១៦លាននាក់ កម្ពុជាស្រាប់តែបានធ្វើឲ្យពិភពលោក បែរក្រឡេកមកផ្តោតមើល ដោយការយកចិត្តទុកដាក់បំផុតហើយបណ្តាញសារព័ត៌មាននិង ទូរទស្សន៍វិទ្យុធំៗលំដាប់អន្តរជាតិ ក៏បានចាប់អារម្មណ៍លើកមក សរសេរនិងនិយាយយ៉ាងកងរំពង។

លក្ខណៈពិសេសរបស់កម្ពុជាក្នុងវិញ្ញាសាដ៏លំបាកមួយនេះគឺការ បង្ហាញកាយវិការនិងសកម្មភាពជាគំរូដ៏លេចធ្លោមួយដែលគ្មានប្រទេសណាហ៊ានធ្វើបាន។ ចំណុចពិសេសនិងលេចធ្លោរបស់កម្ពុជាក្នុងរឿង Covid-19 មានជាអាទិ៍៖

ទី១៖ ពេលដែលមេដឹកនាំបណ្តាប្រទេសនានាសម្រេចចិត្តជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីវូហាន និងប្រកាសបិទជើងហោះហើរពីចិន នាយក រដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន បែរជាសម្រេចចិត្តមិនជម្លៀសនិស្សិតខ្មែរចេញពីវូហានឡើយ។ ផ្ទុយទៅវិញ មេដឹកនាំកម្ពុជារូប នេះបែរជាប្រកាសសុំអាជ្ញាធរចិនទៅសួរសុខទុក្ខនិស្សិតខ្មែរទាំង ២៣នាក់នៅទីក្រុងវូហានដោយផ្ទាល់តែម្តង។ ទោះបីជាចិនមិនអនុញ្ញាត ក៏នាយករដ្ឋមន្ត្រីខ្មែរ នៅតែព្យាយាមទៅឲ្យដល់ទីក្រុងប៉េកាំងដើម្បីជានិមិត្តរូបនៃការផ្តល់ភាពកក់ក្តៅដល់និស្សិតខ្មែរផងនិងក៏ជាសារបង្ហាញពី សាមគ្គីភាព ការមិនភ័យខ្លាច និងមិនរើសអើងជាមួយមិត្តចិនផង ដែរ។

ទី២៖ ខណៈពិភពលោកកំពុងជ្រួលច្របល់ហើយបាន ជះឥទ្ធិពលមកដល់កម្ពុជាដែលធ្វើឲ្យពលរដ្ឋខ្មែរផ្អើល ភ័យខ្លាច និងធ្វើឲ្យម៉ាស់ឡើងថ្លៃកកប់ពពកនោះ នាយករដ្ឋមន្ត្រីខ្មែរក៏ ប្រញាប់ផ្ញើសារដើម្បីបំបាត់ការភ័យខ្លាច និងការជ្រួលច្របល់ក្នុងប្រទេស។ លោកហ៊ុន សែន បានចាត់ទុកការភ័យខ្លាចនោះថា មានគ្រោះថ្នាក់ខ្លាំងជាងវីរុស Covid-19 ទៅទៀតនៅពេលរហូតមកដល់ពេលនេះ ពុំទាន់ប្រជាជនខ្មែរណាម្នាក់បានឆ្លងមេរោគថ្មីនេះនៅឡើយ។ ក្នុងបរិបទនេះ សារសំខាន់របស់មេដឹកនាំខ្មែរ គឺមិនត្រូវតក់ស្លុត និងភ័យខ្លាចជ្រុលហួសហេតុ ពេកនោះទេចំពោះរឿងវិរុសថ្មី នេះ ប៉ុន្តែចាំបាច់ក៏ត្រូវតែផ្តោតលើការប្រុងប្រយ័ត្ននិងវិធីបង្ការការពារខ្លួនពីវីរុសនេះតាមរយៈការអនុវត្តវិធានការអនាម័យនិងពាក់ម៉ាស់នៅពេលចាំបាច់។

ទី៣៖ ខណៈដែលប្រទេសជាច្រើនបង្ហាញភាពតក់ស្លុតជ្រុលរហូតក្លាយខ្លួនជាមនុស្សអាត្មានិយមហួសហេតុ និង រើសអើងចំពោះអ្នកទេសចរ ដោយមិនអនុញ្ញាតឲ្យចូលជាន់ទឹកដីរបស់ខ្លួន នាយក រដ្ឋមន្ត្រីខ្មែរបែរជាសម្រេចចិត្តអនុញ្ញាតឲ្យនាវាដឹកអ្នកដំណើរខ្នាតយក្ស Westerdam ចូលចត និងអនុញ្ញាតឲ្យអ្នកដំណើរទាំងអស់ចេញពីនាវាបន្ទាប់ពីបាន រសាត់អណ្តែតវិលវុលគ្មានកោះត្រើយក្នុងមហាសាគរអស់រយៈពេល ១២ ថ្ងៃ។ មិនត្រឹមតែ ប៉ុណ្ណោះ លោក ហ៊ុន សែនក៏បានទៅទទួលស្វាគមន៍អ្នកទេសចរ ចម្រុះជាតិសាសន៍ទាំង៤១ សញ្ជាតិនោះដល់មុខនាវាតែម្តង។

នៅក្នុងការសម្រេចចិត្តដោះស្រាយវិបត្តិCovid-19 របស់នាយករដ្ខមន្ត្រីខ្មែរ ខ្ញុំកត់សំគាល់ឃើញមានអ្នកនយោបាយនិងអ្នកវិភាគ មួយចំនួនដែលមិនយល់ពីជំរៅ និងតម្លៃនៃសេចក្តីសម្រេចចិត្តនេះ បាននាំគ្នារិះគន់ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្វើបញ្ច្រាសទិសពីបណ្តាប្រទេសនានា និងបានចាត់ទុកការសម្រេចចិត្តនេះថាជា រឿងឆោតល្ងង់។ ប៉ុន្តែ មេដឹកនាំពិភពលោកក៏ដូចជាអង្គការពិភពលោកនានាដែលយល់ពីតម្លៃពិតប្រាកដនៃកាយវិការ មនុស្សធម៌របស់នាយករដ្ឋមន្ត្រីខ្មែរបាននាំគ្នាសាទរយ៉ាងកងរំពង។ តែមួយពព្រិចភ្នែកប៉ុណ្ណោះ កិត្យានុភាពរបស់កម្ពុជា បានលេចត្រដែតឡើងយ៉ាងខ្ពស់នៅលើឆាកអន្តរជាតិ។

ទោះបីជាមានព័ត៌មានអកុសល មួយបានកើតឡើងដោយសារ ភាពមិនច្បាស់លាស់ខ្ជីខ្ជារ ខ្វះការទទួលខុសនិងត្រូវរបស់អាជ្ញាធរ សុខាភិបាលម៉ាឡេស៊ីដែល ប្រកាសដោយខុសឆ្គងថា ស្ត្រីជនជាតិអាមេរិកកាំងម្នាក់ ដែលចេញពីនាវា Westerdam មានផ្ទុកវីរុស Covid-19 ដែលធ្វើឲ្យមាន ការច្របូកច្របល់បន្តិច ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់កម្ពុជាមិនបានស្រអាប់នោះទេ។ ផ្ទុយទៅវិញវាបានហក់ត្រដែតឡើងវិញ និងរឹតតែឡើងខ្ពស់ជាងមុនទៅទៀតបន្ទាប់ពីអាជ្ញាធរ ម៉ាឡេស៊ីប្រកាសថា ស្ត្រីជនជាតិអាមេរិកាំងរូបនោះគ្មានផ្ទុកវីរុស Covid-19នោះទេ។

ការទទួខុសត្រូវរបស់អាជ្ញាធរ ម៉ាឡេស៊ីយ៉ាងណាចំពោះរឿង នេះជាបញ្ហាមួយដែលខ្ញុំសុំទុក មួយឡែកសិន ។ ប៉ុន្តែ រឿងដែលខ្ញុំចង់និយាយនៅពេលនេះគឺ ផលវិជ្ជមាននៅក្នុងក្របខណ្ឌជាតិ និងលើឆាកអន្តរជាតិដែលកម្ពុជា ទទួលបានពីការសម្រេចចិត្តដ៏មុតស្រួចត្រឹមត្រូវរបស់មេដឹកនាំកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជាមួយវីរុស Covid-19។ ផលវិជ្ជមាននៅក្នុងក្របខណ្ឌជាតិ មានដូចជា៖

ទី១៖ ការសម្រេចចិត្តដ៏ហ្មឺងម៉ាត់ ដាច់ខាតរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានទទួលការកោតស្ញប់ស្ញែងពីពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានដោយពួកគេចាត់ទុកថាជាការសម្រេចចិត្តដ៍ត្រឹមត្រូវដោយភាពឆ្លាតវៃ បំផុតដែលគេមិននឹកស្មានដល់ ពីព្រោះគឺការសម្រេចចិត្តនេះហើយដែលនៅទីបំផុតបាន នាំមកនូវកិត្តិយសដ៏ធំធេងសម្រាប់ជាតិនិងប្រជាជនយើង។

ទី២៖ សាររបស់លោកហ៊ុន សែន ក៏បានទប់កុំឲ្យមានការជ្រួលច្របល់ក្នុងសង្គមអំពីបញ្ហាកូរ៉ូណាថ្មី។ ចាប់តាំងពីលោក នាយករដ្ឋមន្ត្រីបានផ្ញើសារទៅកាន់មហាជនមក ភាពភ័យខ្លាច ជាពិសេសការជ្រួលច្របល់រឿងម៉ាស់ឡើងថ្លៃ ។ល។ ត្រូវបានបញ្ចប់ ~ លំនឹងសេដ្ឋកិច្ចជាតិត្រូវបានរក្សា ជីវភាពរស់នៅ ការប្រកបមុខរបររកស៊ីក្នុងសង្គមក៏មានភាពប្រក្រតី ខណៈដែលការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីវិធីការពារខ្លួនតាមរយៈការអនុវត្តក្បួនអនាម័យត្រូវបានលើកកម្ពស់ជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

ទី៣៖ ទន្ទឹមនឹងការមិនតក់ស្លុត មិនជ្រួលច្របល់ ពលរដ្ឋខ្មែរបានតាមដានយ៉ាងយកចិត្តទុកដាក់អំពីការវិវឌ្ឍន៍នៃវីរុស Covid-19 នៅលើពិភពលោក ដែលធ្វើឲ្យពួកគេយល់កាន់តែ ច្បាស់អំពីវិធីការពារខ្លួន និងអំពីផលប៉ះពាល់របស់វីរុសនេះ ទៅលើសេដ្ឋកិច្ចពិភពលោកក្នុងនោះក៏មានកម្ពុជាផងដែរ។

ជាក់ស្តែង កង្វះខាតសំម្ភារៈ និងវត្ថុធាតុដើមដែលនាំមកពីចិន ដើម្បីផ្គត់ផ្គង់សង្វាក់ផលិតកម្មក្នុងរោងចក្របានបង្ខំអោយឧស្សាហ៍កម្មក្នុងបណ្តាប្រទេសមួយចំនួននៅអាស៊ីនិងអឺរ៉ុបត្រូវបិទទ្វារ មួយរយៈ ចំណែកឯវិស័យដឹកជញ្ជូននិងទេសចរណ៍នៅក្នុងប្រទេសទាំងនោះវីញក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ។

ទី៤៖ ប្រជាពលរដ្ឋខ្មែរក៏បានយល់កាន់តែច្បាស់អំពីក្រយ៉ៅសារជាតិ និងតម្លៃពិតរបស់អ្នកនយោបាយ ឬ អ្នកវិភាគ មួយចំនួនដែលតែងតែប្រកាន់ជំហរប្រទូសរាយនឹងផលប្រយោជន៍ជាតិខ្លួនឯង ហើយចូលចិត្តបន្តុះបង្អាប់ជាតិសាសន៍ខ្លួនឯង និងលើកតម្លើងជាតិសាសន៍ដទៃ។ ជាក់ស្តែង ក្នុងរឿងដែលកម្ពុជាធ្វើសកម្មភាពមនុស្សធម៌សង្គ្រោះនាវា Westerdam ស្បែកមុខរបស់ក្រុមអ្ននយោបាយនិងអ្នកវិភាគទាំងនោះត្រូវបានបក ចេញក្រោយពេលដែល ពិភពលោកអបអរសាទរនិងកោតស្ញប់ស្ញែងដល់កម្ពុជា និងជាពិសេសក្រោយពេលដែល ម៉ាឡេស៊ីអះអាងបញ្ជាក់ថា ស្ត្រីជនជាតិអាមេរិកកាំងនោះគ្មានផ្ទុកវីរុស Covid-19 នោះទេ។

នៅលើឆាកអន្តរជាតិវិញ កម្ពុជាពេលនេះក្លាយជាតួឯកក្នុងរឿង Covid-19 ៖

កម្ពុជាទទួលបានពិន្ទុពេញពីចិនក្រោយពេលដែលលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរទៅប៉េកាំងដើម្បីបង្ហាញសាមគ្គីភាពជួយគ្នាគ្រាមានអាសន្ន។ ចុងក្រោយនេះ កម្ពុជាក៏ ទទួលបានមេដាយពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសធំៗ ក៏ដូចជាអង្គការពិភពលោកជាច្រើនក្នុងកិច្ចការ មនុស្សធម៌សង្គ្រោះនាវា Westerdam។

ទន្ទឹមនិងនោះ កម្ពុជាក៏បានក្លាយជាគំរូសម្រាប់ពិភពលោកក្នុងការដោះស្រាយវិបត្តិមនុស្សធម៌ និងការប្រយុទ្ធប្រឆាំងការរើសអើង និងជានិមិត្តរូបនៃ សាមគ្គីភាព ជួយគ្នាក្នុងគ្រាមានអាសន្ននិងជាពិសេសការគោរព សិទ្ធិមនុស្សដោយផ្តើមចេញពីសិទ្ធិរស់រានមានជីវិត។

សរុបមកវិញ ការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី គឺពិតជា វិញ្ញាសាដ៏លំបាកនិងដ៏សំខាន់បំផុតថ្មីមួយទៀតក្នុងការវាស់ស្ទង់សមត្ថភាពដឹកនាំរបស់លោក នាយករដ្ឋមន្ត្រីខ្មែរ។ សកម្មភាពដូចបានលើកឡើងខាងដើមនេះ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញថាលោក ហ៊ុន សែនពិតជាមានសមត្ថភាពនិងលក្ខណៈសម្បត្តិគ្រប់គ្រាន់សមនឹងរហ័សនាមថា ជាបុរសខ្លាំងកម្ពុជាមែន។ ម៉្យាងវិញទៀត លោកហ៊ុន សែន គឺ ពិតជាមេដឹកនាំនៃរដ្ឋអធិបតេយ្យម្នាក់ដ៏ពិតប្រាកដពីព្រោះរាល់ការសំរេចចិត្តនីមួយៗរបស់គាត់គឺជានិច្ចកាលតែងតែប្រកាន់ខ្ជាប់នូវគោលជំហរឯករាជ្យនិងទុក ប្រយោជន៍ជាតិជាធំ។

ដូច្នេះ តាមរយៈវិញ្ញាសាមួយនេះយើងក៏អាចវាស់ស្ទង់បាននូវ សមត្ថភាពរបស់មេដឹកនាំយើង និងអាចបន្តផ្តល់សេចក្តីទុកចិត្តទៅលើបុរសខ្លាំងរូបនេះថា ពិតជាអ្នកដឹកនាំដែលអាចនាំអនាគតប្រជាជាតិនិងប្រជាជន យើងទៅរកភាពរុងរឿងដោយគ្មានអ្នកណាប្រៀបបានឡើយ៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ

អត្ថបទទាក់ទង