ខ្មែរប៉ុស្ដិ៍ Close

យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនៅវៀតណាម បានបោះពួយឆ្ពោះទៅមុខយ៉ាងពេញទំហឹង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 43
យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនៅវៀតណាម បានបោះពួយឆ្ពោះទៅមុខយ៉ាងពេញទំហឹង យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនៅវៀតណាម បានបោះពួយឆ្ពោះទៅមុខយ៉ាងពេញទំហឹង

គណបក្សកុម្មុយនីស្តវៀតណាម (CPV) បានបញ្ចប់ការរុះរើតំណែងនយោបាយនៅក្បាលម៉ាស៊ីនក្នុងទ្រង់ទ្រាយធំ ដែលរួមមានក្បាល ម៉ាស៊ីនបក្ស រដ្ឋាភិបាលនិងសភាជាតិ។ ការរុះរើតំណែងនេះបានធ្វើឡើងនៅក្រោយសមាជលើកទី១៣ ដែលបានប្រព្រឹត្តិទៅកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ។

មុនពេលសភាដំណើរការ ការបន្តយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយទ្រង់ទ្រាយធំរបស់គណបក្ស CPV មានភាពមិនច្បាស់លាស់នោះទេដោយហេតុថា អគ្គលេខាធិការ Nguyen Phu Trong ដែលជាអ្នកដឹកនាំយុទ្ធនាការនេះ អាចនឹងត្រូវលាលែងពីតំណែងដោយសារតែលោកមានវ័យចំណាស់ បូករួមនឹងបញ្ហាសុខភាពដ៏ទន់ខ្សោយរបស់លោក។

ក៏ប៉ុន្តែលោក Trong បានជាប់ឆ្នោតជាថ្មីម្តងទៀតសម្រាប់អាណត្តិទី៣ បើទោះបីជាការជាប់ឆ្នោតរបស់លោកបានរំលោភបំពានលើច្បាប់របស់គណបក្ស CPV ក៏ដោយ។

បន្ទាប់ពីបានប្រគល់តំណែងប្រធានាធិបតីទៅឱ្យអតីតនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ឥឡូវនេះលោក Trong អាចមានពេលវេលាគ្រប់គ្រាន់ ដើម្បីផ្តោតលើការពង្រឹងអំណាចនៅក្នុងគណបក្ស ក៏ដូចជាការពង្រឹងយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ និងការបោសសម្អាតនៅក្នុងគណបក្ស។

ក្នុងនាមជាប្រធានគណៈកម្មាធិការប្រឆាំងអំពើពុករលួយមជ្ឈឹមចាប់តាំងពីឆ្នាំ ២០១៣ មក លោក Trong បានដាក់ឈ្មោះយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយរបស់វៀតណាមនេះថា «Dot Lo» «ឡដុតភ្លើង»។

កិច្ចខិតខំប្រឹងប្រែងរបស់លោក Trong ក្នុងរយៈពេល ៨ ឆ្នាំកន្លងមកនេះបានធ្វើឱ្យលោកទទួលបានកេរ្តិ៍ឈ្មោះជា «បុរសអ្នកដុតឡដ៏អស្ចារ្យម្នាក់ – Great furnace firing man»។

វាមិនធ្លាប់មានទេ នៅក្នុងប្រវត្តិរបស់ប្រទេសវៀតណាម ដែលមន្ត្រីជាច្រើនបានរងនូវការពិន័យ បណ្តេញចេញពីបក្ស ឬបានជាប់ពន្ធនាគារ ដោយសារការប្រព្រឹត្តិអំពើពុករលួយ។

នៅចុងឆ្នាំ ២០២០ រឿងក្តីឧក្រិដ្ឋកម្មសេដ្ឋកិច្ចជាង ១១ ៧០០ ករណីត្រូវបានស៊ើបអង្កេត កាត់ទោស និងបញ្ជូនទៅកាន់តុលាការដើម្បីជំនុំជម្រះ។ ករណីទាំងនេះមានរួមបញ្ចូលទាំងរឿងក្តីអំពើពុករលួយចំនួន១ ៩០០ ករណីដែល ពាក់ព័ន្ធនឹងជនសង្ស័យចំនួន ១ ៤០០ នាក់។

មនុស្សជាង ៨០០នាក់ ដែលក្នុង នោះមានសមាជិកការិយាល័យនយោបាយម្នាក់ អតីតសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស ៧ នាក់ អតីតរដ្ឋមន្រ្តី ៤ នាក់ ឧត្តមសេនីយ៍យោធានិងប៉ូលីស ៧ នាក់ដែលជាប់ពាក់ព័ន្ធនិងអំពើពុករលួយ និងអំពើខុសឆ្គងខាងសេដ្ឋកិច្ចជិត ៩០ ករណី ក៏ត្រូវបានផ្តន្ទាទោសផងដែរ។

ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេសឯកបក្សដូចជាប្រទេសវៀតណាមនេះ គឺមិនមែនជារឿងសាមញ្ញនោះទេ ហើយវាក៏អាចបង្កនូវការគំរាមកំហែងដល់ការរស់រានរបស់គណបក្ស CPV ផងដែរ។

វាជាប់ទាក់ទងនឹងរចនាសម្ព័ន្ធស្ថាប័ន ដែលគណបក្សមានអំណាចគ្រប់គ្រងលើរដ្ឋធម្មនុញ្ញ និងច្បាប់ ហើយតុលាការក៏តែងតែធ្វើតាមការសម្រេចរបស់គណបក្ស។ រឿងក្តីអំពើពុករលួយ ជាពិសេសករណីដែលបានកំណត់ដោយគណបក្ស CPV ថាជារឿងក្តីសំខាន់ ជារឿយៗមានជាប់ពាក់ព័ន្ធនឹងក្រុមដែលមានឥទ្ធិពលផ្នែកនយោបាយ ឬឥស្សរជនថ្នាក់កំពូលនៃរបបនេះ។

លោក Trong បាន «ប្រដូចការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនេះទៅនឹងការវាយសត្វកណ្តុរដោយមិនធ្វើឱ្យបែកថូ»។

សាធារណជនកំពុងយកចិត្តទុកដាក់ចំពោះរបៀបដែល លោក Trong និងសមាជិកការិយាល័យនយោបាយថ្មីដែលមានសមាជិក ១៨ រូប ធ្វើការសម្រេចចិត្តលើជោគវាសនារបស់ «ត្រីធំបី – Three Big Fishes» និងអតីតសមាជិកការិយាល័យនយោបាយដែលរួមមាន អតីតប្រធានគណបក្សទីក្រុងហាណូយ លោក Hoang Trung Hai អតីតប្រធានគណបក្សទីក្រុងហូជីមិញ លោក Le Thanh Hai និងអតីតទេសាភិបាលធនាគារវៀតណាម លោក Nguyen Van Binh ដែលបានរងនូវការពិន័យកាលពីឆ្នាំមុន។

មុនសមាជលើកទី១៣ លោក Hoang Trung Hai និងលោក Binh បានទទួលនូវ សារព្រមានដែលរារាំងពួកគេពីការជាប់ឆ្នោតម្តងទៀតនៅក្នុងការិយាល័យនយោបាយថ្មី។ លោក Le Thanh Hai ត្រូវបានបណ្តេញចេញពីតំណែងជាលេខានៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញក្នុងពេលកាន់តំណែងកាលពីឆ្នាំ ២០១០-២០១៥។

លោក Hoang Trung Hai ត្រូវទទួលខុសត្រូវចំពោះបញ្ជាដែលលោកបានដាក់ចេញ ក្នុងអំឡុងពេលដែលលោកធ្វើជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកគម្រោងសហប្រតិបត្តិការរវាងក្រុមហ៊ុនដែកថែប «Thai Nguyen Iron and Steel Joint Stock» និងក្រុមហ៊ុន «Metallurgical Corporation» របស់ចិនដែលបានខាតបង់ប្រាក់អស់រាប់រយលានដុល្លារ។

ពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថា «លោក Trong មិនអាចដាក់ទណ្ឌកម្មលើលោក Hoang Trung Hai បានទេ ដោយសារលោកមានសែស្រឡាយជាជនជាតិចិន និងមានទំនាក់ទំនងជាមួយអាជ្ញាធរនៅទីក្រុងប៉េកាំង»។

ក្នុងតួនាទីជាទេសាភិបាលធនាគាររដ្ឋ លោក Binh បានធ្វើការសម្រេចចិត្តផ្ទុយនឹងច្បាប់របស់រដ្ឋាភិបាលដែលបានបង្កឱ្យមានការខាតបង់ចំណូលរបស់រដ្ឋយ៉ាងច្រើន។

ទាំងលោក Hoang Trung Hai និងលោក Binh គឺជា សមាជិកគណៈរដ្ឋមន្រ្តី ដែលដឹកនាំដោយអតីតនាយករដ្ឋមន្រ្តី Nguyen Tan Dung ហើយបើគ្មានការយល់ព្រមនិងគាំទ្រពីលោក Dung ទេ លោក Hai និងលោក Binh ក៏មិនអាចប្រព្រឹត្តិកំហុសឆ្គងទាំងនេះបានដែរ។ រាល់ការសម្រេចចិត្តសំខាន់ៗ លោក Hai និងលោក Binh តែងតែបានពិគ្រោះយោបល់ និងរាយការណ៍ទៅកាន់លោក Dung។ ហេតុដូច្នេះហើយ ការដាក់ទណ្ឌកម្មលើពួកគេអាចបង្កជាបញ្ហាប្រឈមកាន់តែខ្លាំងសម្រាប់លោក Trong។

ជាមួយនឹងឈ្មោះហៅក្រៅថា «ឪពុកធម៌របស់ទីក្រុងហូជីមិញ – Godfather of Ho Chiminh City» លោក Le Thanh Hai មានជាប់ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ ដែលមានទំហំគិតជាទឹកប្រាក់ចំនួនរាប់ពាន់លានដុល្លារ និងដែលបានធ្វើឱ្យប្រជាជនរាប់ពាន់នាក់រស់នៅក្នុងស្ថានភាពលំបាកវេទនា។

បណ្តាញស៊ីជម្រៅរបស់លោកនៅក្នុងវិស័យសាធារណៈនិងឯកជន ជាពិសេសសហគមន៍ពាណិជ្ជកម្មចិន-វៀតណាម បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចរបស់ទីក្រុងហូជីមិញ។ ហើយយុទ្ធនាការ «Dot Lo» របស់លោក Trong បានបរាជ័យក្នុងការដាក់ទណ្ឌកម្មលើលោក Hai ដោយសារតែហេតុផលនេះ។

នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២១ នៅឯកិច្ចប្រជុំដែលដឹកនាំដោយលោក Trong គណៈលេខានៃគណបក្ស CPV បានបណ្តេញសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក Hai គឺលោក Tat Thanh Cang ចេញពីគណបក្ស បន្ទាប់ពីលោកត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅឆ្នាំ ២០២០ ។

លោក Trong បានប្តេជ្ញាម្តងហើយម្តងទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ក៏ប៉ុន្តែមានតែពេលវេលាប៉ុណ្ណោះដែលនឹងអាចបញ្ជាក់បានថា «តើលោក Trong នឹងអាចចាប់ត្រីធំៗទាំង៣ នេះបានដែរឬក៏អត់»៕ East Asia Forum

អត្ថបទទាក់ទង