អាស៊ានគួរតែយកចិត្តទុកដាក់នឹងស្នូរជួងឯទីឆ្ងាយ
គេពិបាកនឹងដឹងណាស់ថា តើកិច្ចការទូតដ៏ប៉ិនប្រសប់អ្វីខ្លះ (ឬក៏មិនមែនទេ) ដែលកំពុងកើតមាននៅពីក្រោយឆាកនៃស្ថាបត្យកម្មដែលដឹកនាំដោយអាស៊ាន នៅមុនពេលឈានដល់រដូវកាលនៃកិច្ចប្រជុំកំពូលនានា ដែលសំខាន់ជាងគេនោះ គឺកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។
កិច្ចប្រជុំកំពូលនេះរាប់បញ្ចូលទាំងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់មួយចំនួន ដែលជារឿយៗ គឺជាការកំណត់លក្ខខណ្ឌនានាសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងថ្នាក់មេដឹកនាំកំពូលនៅចុងឆ្នាំ។ ប៉ុន្តែកិច្ចការងារការទូត ចាំបាច់ត្រូវតែមានភាពប៉ិនប្រសប់ដើម្បីរកឱ្យបាននូវទីតាំងមួយដែលយ៉ាងហោចណាស់ធ្វើឱ្យមានតុល្យភាពរវាងការព្រួយបារម្ភពីសំណាក់ដៃគូនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ជាមួយនិងការចូលរួមពីសំណាក់រុស្ស៊ី។
បើផ្អែកតាមសេចក្តីថ្លែងការណ៍ និងការអត្ថាធិប្បាយជាសាធារណៈមួយចំនួន បច្ចុប្បន្ននេះវាហាក់ដូចជាមិនមានតុល្យភាពនោះទេ។ អាស៊ានហាក់បីដូចជាមិនបានចាត់វិធានការណាមួយដែលធ្វើឱ្យរុស្ស៊ីខាតបង់នោះទេ ជុំវិញការឈ្លានពានរបស់ប្រទេសនេះទៅលើប្រទេសអ៊ុយក្រែន, មិនបានទទួលស្គាល់ការព្រួយបារម្ភពីសំណាក់ប្រទេសជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាផ្សេងទៀត និងមិនបានថ្កោលទោសចំពោះសកម្មភាពរបស់រុស្ស៊ីឡើយ។
ពិតណាស់ រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍ចំនួន ៣ ទាក់ទងនឹងវិបត្តិនៅអ៊ុយក្រែន ដែល ៖
- ទី(១) : អំពាវនាវឱ្យមានការអត់ធ្មត់ និងបន្ធូរបន្ថយភាពតានតឹង ដែលបានចេញផ្សាយនៅថ្ងៃទី ២៦ ខែកុម្ភៈ។
- ទី(២): អំពាវនាវឱ្យមានបទឈប់បាញ់ ដែលបានចេញផ្សាយនៅថ្ងៃទី ៣ ខែមីនា។
- និងទី(៣): គឺទាក់ទងនឹងការសម្លាប់ជនស៊ីវិល និងស្នើឱ្យមានការផ្ដល់ជំនួយមនុស្សធម៌ ដែលបានចេញផ្សាយនៅថ្ងៃទី ៨ ខែមេសា។
ខណៈពេលដែលទង្វើនេះត្រូវបានគេស្វាគមន៍ គេមិនឃើញសេចក្ដីថ្លែងការណ៍ទាំងនោះមាននិយាយអំពីឈ្មោះប្រទេសរុស្ស៊ីនោះទេ។ ដូច្នេះ សេចក្ដីថ្លែងការណ៍ទាំងនោះមិនបានប្រឆាំងទៅនឹងសកម្មភាពរបស់រុស្ស៊ីឡើយ។
បណ្តាប្រទេសអាស៊ានក៏បានគាំទ្រយ៉ាងទូលំទូលាយផងដែរ នូវសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២ ខែមីនា ដែលមាន «ប្រើប្រាស់ពាក្យពេចន៍ធ្ងន់ៗបំផុត» ចំពោះការឈ្លានពានពីសំណាក់រុស្ស៊ីទៅលើអ៊ុយក្រែន និងបានទាមទារឱ្យរុស្ស៊ីដកទ័ពជាបន្ទាន់ ឱ្យបានពេញលេញ និងដោយគ្មានលក្ខខណ្ឌ ចេញពីទឹកដីអ៊ុយក្រែន (ប្រទេសឡាវ និងវៀតណាម បានបោះឆ្នោតអនុប្បវាទ)។
បន្ទាប់មកសេចក្ដីសម្រេចមួយទៀតបានចេញនៅថ្ងៃទី ២៤ ខែមីនា ពាក់ព័ន្ធនឹងផលប៉ះពាល់ផ្នែកមនុស្សធម៌ ដែលកើតចេញពីការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន (ប្រទេសប្រ៊ុយណេ ឡាវ និងវៀតណាម បានបោះឆ្នោតអនុប្បវាទ)។
ប៉ុន្តែ មានតែប្រទេសហ្វីលីពីនមួយប៉ុណ្ណោះ ដែលបានបោះឆ្នោតគាំទ្រដំណោះស្រាយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលបានព្យួរសមាជិកភាពរបស់រុស្ស៊ីកាលពីថ្ងៃទី ៧ ខែមេសា។
សេចក្តីថ្លែងការណ៍នានារបស់អាស៊ាន និងកំណត់ត្រាបោះឆ្នោតនៅឯអង្គការសហប្រជាជាតិ ពីសំណាក់ប្រទេសជាសមាជិកអាស៊ាននីមួយៗ បានបង្ហាញពីដែនកំណត់នៃសកម្មភាពរបស់ប្រទេសជាសមាជិកអាស៊ាននីមួយៗ និងអាស៊ានក្នុងនាមជាប្លុកមួយ។ ប្រទសសិង្ហបុរីជាប្រទេសដែលបានចេញមុខចេញមាត់ជាងគេ ក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
ប្រទេសកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន រួមជាមួយនិងឥណ្ឌូណេស៊ីដែលជាប្រធាន G20 និងប្រទេសថៃដែលជាប្រធាន APEC បានចេញសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី ៤ ខែឧសភា ដោយបាននិយាយថា «យើងមានការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាឱ្យបាននូវស្មារតីនៃកិច្ចសហប្រតិបត្តិការ»។
ពេលបានឃើញដូច្នេះ ប្រទេសរុស្ស៊ីពិតជារីករាយខ្លាំងណាស់ និងបានបញ្ជាក់ជាសាធារណៈថា សេចក្តីថ្លែងការណ៍នោះតំណាងឱ្យ «ការរួមចំណែកយ៉ាងសំខាន់មួយក្នុងការពង្រឹងពហុភាគីនិយម ការកសាងបរិយាកាសនៃកិច្ចសហប្រតិបត្តិការនិងការជឿទុកចិត្តគ្នា ការគោរពគ្នាទៅវិញទៅមក និងការគិតគូរពីផលប្រយោជន៍រវាងគ្នាទៅវិញទៅមក ដែលមិនត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសកលផងដែរ»។
ខណៈពេលដែលវាមិនបាននិយាយឱ្យចំឈ្មោះរុស្ស៊ី សេចក្តីថ្លែងការណ៍ជាលក្ខណៈត្រីភាគីនេះបានបង្ហាញថា ប្រធាននៃកិច្ចប្រជុំអន្តរជាតិទាំង ៣ ក្រុមនេះ នឹងមិនដករុស្ស៊ីចេញពីកិច្ចប្រជុំដែលខ្លួននឹងរៀបចំឡើយ។
កុំប្រព្រឹត្តកំហុសឱ្យសោះ! ព្រោះបើទោះបីជាមានរលកនៃព័ត៌មានមិនពិត និងព័ត៌មានប្រឌិត ព្រមទាំងការរ៉ាយរ៉ាប់ដែលប្រកបទៅដោយការភូតកុហកក៏ដោយ ក៏សកម្មភាពរបស់រុស្ស៊ីគឺជាការបំពានច្បាប់អន្តរជាតិ ពោលគឺទាំងគោលការណ៍នៃការលុកលុយរបស់ប្រទេសនេះ ក៏ដូចជាការប្រតិបត្តិដែលប្រទេសនេះកំពុងបន្តធ្វើ ជាពិសេសគេឃើញមានរបាយការណ៍ជាច្រើនដែលរៀបរាប់លម្អិតអំពីការរំលោភច្បាប់សង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានប្រព្រឹត្តឡើងដោយមន្ត្រី និងទាហានរបស់រុស្ស៊ី។
រឿងនេះមិនត្រឹមតែជាការរំលោភច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការជាន់ឈ្លីលើគោលការណ៍ដែលអាស៊ានតែងតែប្រកាន់ខ្ជាប់ ដែលរាប់បញ្ចូលទាំងអធិបតេយ្យភាព, ការមិនជ្រៀតជ្រែក និងនីតិរដ្ឋ។ ទាំងនេះគឺជាគោលការណ៍ដែលអាស៊ានបានចារទុកនៅក្នុងធម្មនុញ្ញរបស់ខ្លួន ព្រមទាំងនៅក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ដែលក្នុងនាមជាដៃគូសន្ទនារបស់អាស៊ាន ប្រទេសរុស្ស៊ីគឺជាភាគីមួយដែរ។
ម្ដងហើយម្ដងទៀត អាស៊ានតែងតែលើកឡើង (ក្នុងសំនៀងស្ទើរតែអស់សង្ឃឹម និងថប់បារម្ភ) អំពីតម្រូវការក្នុងការរក្សាមជ្ឈភាពរបស់ខ្លួននៅក្នុងស្ថាបត្យកម្មរបស់ស្ថាប័នក្នុងតំបន់។ ប៉ុន្តែមជ្ឈភាព វាទាមទារឱ្យមានភាពជឿជាក់ ហើយអាស៊ានកំពុងប្រថុយនឹងការបាត់បង់ភាពជឿជាក់របស់ខ្លួន តាមរយៈការមិនចាត់វិធានការឱ្យបានខ្លាំងក្លាជាងនេះ។
អភិក្រមដែលផ្អែកលើការគោលការណ៍កុងសង់ស៊ីស និងការអភិរក្សរបស់អាស៊ានមានន័យថា ប្លុកនេះដំណើរការក្នុងល្បឿនរបស់សមាជិកដែលយឺតបំផុត ហើយមិនងាយនឹងធ្វើសកម្មភាពអ្វីមួយនោះទេ។ គោលការណ៍កុងសង់ស៊ីសរបស់អាស៊ានក៏បានទទួលរងឥទ្ធិពលពីទំនាក់ទំនងដ៏យូរអង្វែង ដែលសមាជិកអាស៊ានមួយចំនួនមានជាមួយរុស្ស៊ី ដែលរួមមានទាំងការលក់សម្ភារៈយោធាផងដែរ។
តាមរយៈអភិក្រមនេះ អាស៊ានស្វះស្វែងរកការរក្សាស្ថានភាពដើម ដើម្បីបញ្ចៀសពីការប្រឈមមុខដាក់គ្នាជាមួយមហាអំណាច ឬក៏ត្រូវ «ជ្រើសរើសឈរនៅខាងភាគីណាមួយ»។ ទោះយ៉ាងណា អភិក្រមនោះបានបង្អាក់សមត្ថភាពរបស់អាស៊ានក្នុងការឆ្លើយតបដោយភាពរហ័សរហួន ចំពោះការពិតនៃភូមិសាស្ត្រយុទ្ធសាស្ត្រដែលកំពុងផ្លាស់ប្ដូរនេះ និងបានមើលរំលងការគំរាមកំហែងដល់ផលប្រយោជន៍រយៈពេលវែងរបស់ខ្លួន។
ប្រទេសជាច្រើននៅក្នុងតំបន់ចង់ឱ្យអាស៊ានរក្សាភាពជឿជាក់ និងភាពប្រទាក់ក្រឡាគ្នា និងមានជំនឿថា កត្តានេះមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាពក្នុងតំបន់។ ប្រសិនបើអាស៊ានចង់សម្រេចកិច្ចការនេះឱ្យបាន ប្លុកនេះត្រូវតែប្រកាន់ជំហរប្រឆាំងនឹងការបំពានច្បាប់អន្តរជាតិ និងគោលការណ៍ (ភាគច្រើន) ដែលគេបានទទួលយកជាសកល បើមិនដូច្នេះទេគោលការណ៍ទាំងនោះនឹងគ្មានបានផលប្រយោជន៍អ្វីទាំងអស់។
ការខកខានមិនបានធ្វើសកម្មភាពណាមួយ គឺជាការធ្វើឱ្យរុស្ស៊ីមានភាពស្របច្បាប់ និងជាការធ្វើឱ្យការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនក្លាយជារឿងធម្មតា។ វាមិនត្រឹមតែជាការព្រងើយកន្តើយចំពោះស្ថានភាពបច្ចុប្បន្ននៅអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការព្រងើយកន្តើយចំពោះការគំរាមកំហែងរបស់រុស្ស៊ីចំពោះប្រទេសផ្សេងទៀតនៅអឺរ៉ុបផងដែរ តួយ៉ាងដូចជាប្រទេសស៊ុយអែត និងហ្វាំងឡង់ ដែលបានមើលឃើញពីការគំរាមកំហែងផ្ទាល់នឹងភ្នែក និងបានផ្លាស់ប្តូរជំហរដ៏យូរអង្វែងរបស់ពួកគេទាក់ទងនឹងសមាជិកភាពនៅក្នុងអង្គការ NATO។
វាមានភាពចាំបាច់ណាស់ក្នុងការទទួលស្គាល់ហេតុផលរបស់អាស៊ាន ដែលមិនចង់ជ្រើសយកភាគីណាមួយ។ ប៉ុន្តែរឿងនេះមិនមែនជាការជ្រើសយកភាគីដែលជាប្រទេសណាមួយនោះទេ ប៉ុន្តែគឺវាទាក់ទងទៅនឹងការជ្រើសយកជំហរខាងគោលការណ៍ ព្រោះការពង្រឹងស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ គឺជារឿងចាំបាច់ខ្លាំងណាស់។
ការបណ្តេញរុស្ស៊ីចេញពីវេទិកាអន្តរជាតិដែលទីក្រុងមូស្គូចូលរួមជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ នឹងក្លាយជាជំហានមួយដែលមិនអាចទៅរួចនោះទេសម្រាប់អាស៊ាន។ ប៉ុន្តែការស្វែងរកតុល្យភាពដ៏ល្អប្រសើរជាងមុនមួយ គឺជារឿងដែលអាចទៅរួច។ ចំណុចចាប់ផ្តើមដ៏ល្អមួយនោះ គឺជាការទទួលស្គាល់យ៉ាងពេញលេញថា: ប្រទេសរុស្ស៊ីគឺជាអ្នកឈ្លានពាន។
ដល់ពេលហើយដែលអាស៊ានត្រូវក្លាហានក្នុងការបង្ហាញពីមូលហេតុដែលខ្លួនបានក្លាយជាផ្នែកមួយដ៏សំខាន់ នៃស្ថាបត្យកម្មនយោបាយក្នុងតំបន់។ ការធ្វើដូច្នេះ នឹងបង្ហាញពីតម្លៃរបស់ប្លុកនេះ ថាជាវេទិកាដ៏សំខាន់មួយក្នុងការគូសវាស និងក្នុងការពង្រឹងបទដ្ឋាននៃឥរិយាបទរបស់ប្រទេសនីមួយៗ៕
Asia Times