ខ្មែរប៉ុស្ដិ៍ Close

តួនាទីកាន់តែតូចរបស់អាស៊ាននៅក្នុងវិបត្តិមីយ៉ាន់ម៉ា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 307
តួនាទីកាន់តែតូចរបស់អាស៊ាននៅក្នុងវិបត្តិមីយ៉ាន់ម៉ា តួនាទីកាន់តែតូចរបស់អាស៊ាននៅក្នុងវិបត្តិមីយ៉ាន់ម៉ា

រឿងរ៉ាវមួយដែលគេនឹកស្មានមិនដល់ ដែលកើតចេញពីរដ្ឋប្រហារនៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី ១ កុម្ភៈ ២០២១ គឺ «របៀបដែលវាបានធ្វើឱ្យមេដឹកនាំយោធា Min Aung Hlaing អាចសម្រេចបាននូវអ្វីដែលមេដឹកនាំមីយ៉ាន់ម៉ាសម័យទំនើបមិនអាចធ្វើបាន ដែលនោះគឺការបង្រួបបង្រួមសង្គមមួយដែល ពោរពេញទៅដោយការបែកបាក់»។ នៅក្នុងប្រទេសមួយដែលត្រូវបានគ្រប់គ្រងជាយូរមក ហើយដោយជនជាតិ Bamar ដ៏ច្រើន ភាពតានតឹងផ្នែកសង្គមនិងសាសនា, ក្រុមអ្នកតស៊ូដែលកើតចេញពីការចងកំហឹងបានងាកមកបង្រួបបង្រួមគ្នានៅក្រោយរដ្ឋប្រហារ។

កំហឹងក៏បាននាំទៅរកការបង្កើតឱ្យមានរដ្ឋាភិបាលស្រមោលបង្រួបបង្រួមជាតិ (NUG) របស់សមាជិកសភា ដែលត្រូវបានបណ្តេញចេញ និងជាបណ្តាញរបស់រដ្ឋាភិបាលក្នុងតំបន់ និងក្រុមអ្នកតស៊ូប្រយុទ្ធជំនាន់ថ្មី។ នៅដើមឆ្នាំ ២០២៣ កិច្ចសហប្រតិបត្តិការមិនធ្លាប់មានពីមុនមកនៅសមរភូមិរវាងក្រុមប្រដាប់អាវុធជនជាតិដើមភាគតិច និងកងកម្លាំងការពារប្រជាជនបានទទួលផលយ៉ាងគួរឱ្យកត់សម្គាល់នៅក្នុងផ្នែកជាច្រើននៃប្រទេស។

ខុសគ្នាពីកិច្ចខិតខំប្រឹងប្រែងស្រដៀងគ្នានេះកាលពីរដ្ឋប្រហារឆ្នាំ ១៩៨៨ ដែលធ្វើឡើងដោយកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ ដើម្បីបង្កើតរដ្ឋាភិបាលស្រមោលនិងបង្កើនកម្លាំងទ័ពតស៊ូ ភាពក្លៀវក្លានៃបដិវត្តន៍នៅពេលបច្ចុប្បន្ននេះ ហាក់ដូចជាមិនទាន់បានរសាយទៅណានោះទេ។ កងកម្លាំងតស៊ូទាំង នេះដែលកំពុងខ្វះខាតធនធានបច្ចុប្បន្នកំពុងប្រតិបត្តិការនៅក្នុងជាង ៥០% នៃប្រទេសមីយ៉ាន់ម៉ា បើទោះបីជាភាគច្រើននៃតំបន់ទាំងនោះស្ថិតនៅទីជនបទក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ​ នៅក្នុង​ក្របខណ្ឌ​ការទូត​ក្នុង​តំបន់រដ្ឋប្រហារនេះបានជះឥទ្ធិពល​ផ្ទុយ​ពីនេះ​ ដោយក្នុងនោះ វា​បាន​បំផ្លាញ​សាមគ្គីភាពរបស់ប្រទេសអាស៊ានទាំង ១០។ កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលដំបូង ដោយមេដឹកនាំអាស៊ានបាននាំមកនូវចំណុចកុងសង់ស៊ីសចំនួន ៥ (5PC) ជាមួយមេដឹកនាំរបបយោធាកាលពីខែមេសា ឆ្នាំ ២០២១ ក្នុងគោលបំណងបញ្ឈប់អំពើហិង្សា, ទទួលស្គាល់ប្រេសិតពិសេសរបស់អាស៊ាន, អនុញ្ញាតឱ្យមានការសន្ទនារវាងគ្រប់ភាគីទាំងអស់ និងអនុញ្ញាតឱ្យមានការផ្ដល់ជំនួយមនុស្សធម៌។

ចំណុចឯកភាព 5PC នេះ ក្រោយមកត្រូវបានច្រានចោលដោយលោក Min Aung Hlaing ដែលបានអះអាងថា «លោកកំពុងអនុវត្តតាមផែនការ ៥ ចំណុចផ្ទាល់ខ្លួនរបស់លោក ដើម្បីដោះស្រាយភាពតានតឹង» ហើយរឿងននេះបានបង្កភាពអាម៉ាស់សម្រាប់អាស៊ានដោយសារវាបានបង្ហាញអំពីភាពជាប់គាំងនៃគោលនយោបាយរួមរបស់ប្លុកនេះ។ ឥណ្ឌូណេស៊ីដែលជាប្រធានវិលជុំរបស់អាស៊ានសម្រាប់ឆ្នាំ ២០២៣ កំពុងព្យាយាមផ្លាស់ប្តូររឿងនេះ ក៏ប៉ុន្តែ​វា​គឺជា​កិច្ចការ​ដ៏ធំមហិមា។

ការសម្រេចចិត្តរបស់អាស៊ានក្នុងការរារាំងមីយ៉ាន់ម៉ាពីការបញ្ជូនអ្នកតំណាងនយោបាយឱ្យទៅចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ បានធ្វើឱ្យខូចដល់គោលការណ៍ស្នូលនៃមជ្ឈភាពនិងការមិនជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមករបស់អាស៊ាន ដោយបានធ្វើឱ្យអាស៊ានដំណើរការដោយមានសមាជិក «១០ ដក ១»។

ថ្វីបើរបបនេះដាក់ចេញនូវយុទ្ធនាការយោធាដ៏សាហាវព្រៃផ្សៃដែលបានធ្វើឱ្យមនុស្សជាង ១,៣ លាននាក់រត់ចោលផ្ទះសម្បែង, សម្លាប់មនុស្សជាង ៣០.០០០ នាក់ និងបានបង្កើនចំនួនមនុស្សដែលរស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រឱ្យកើនឡើងទ្វេដង (ដល់ជាង ៤៥%) ក៏ដោយ ក៏អាស៊ាននៅតែមានការខ្វែងគំនិតគ្នារួចទៅហើយជុំវិញបញ្ហានៅមីយ៉ាន់ម៉ា។

បណ្តាប្រទេសក្នុងតំបន់មេគង្គដែលមានដូចជាថៃ, កម្ពុជា, វៀតណាម និងឡាវ នៅតែបន្តធ្វើការជាមួយរបបយោធាឬក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ក៏ប៉ុន្តែឥណ្ឌូណេស៊ីនិងម៉ាឡេស៊ី ដែលមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអំពើឃោរឃៅនៅក្រោយរដ្ឋប្រហារ និងដែលនៅតែខឹងសម្បារចំពោះការបណ្តេញជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាជិត ១ លាននាក់កាលពីឆ្នាំ ២០១៦-១៧ កំពុងជំរុញការធ្វើឱ្យមីយ៉ាន់ម៉ាកាន់តែឯកោ។ ក្រោយមក សិង្ហបុរី, ប្រ៊ុយណេ និងហ្វីលីពីន ក៏បានចូលរួមជាមួយពួកគេដែរ។

ចាប់ពីដើមឆ្នាំ ២០២៣ មក ឥណ្ឌូណេស៊ីក្នុងឋានៈជាប្រធានអាស៊ានបានផ្លាស់ប្តូរងាកទៅប្រកាន់ជំហរបែបស្ងាត់ស្ងៀម ដោយបានចាប់ផ្តើមការចរចាស្ងាត់ៗជាមួយគ្រប់ភាគីទាំងអស់ បូករួមទាំងជាមួយរដ្ឋាភិបាល NUG និងរបបយោធា។ បើទោះបីជាកិច្ចការការទូតក្រោយឆាក ពេលខ្លះអាចជារឿងចាំបាច់ក៏ដោយ ក៏វាពិតជាពិបាកណាស់ក្នុងការវាស់វែង​ពីវឌ្ឍនភាព នៅពេលដែលព័ត៌មានលម្អិតជាសាធារណៈនៅតែមិនមានគ្រប់គ្រាន់។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បានបង្កើតការិយាល័យបេសកជនពិសេសមួយ ដើម្បីសម្របសម្រួលការឆ្លើយតបរបស់អាស៊ាន។ (រូបថត៖ Kusuma Pandu Wijaya / លេខាធិការដ្ឋានអាស៊ាន)។

បណ្តាប្រទេសលោកខាងលិច រួមទាំងអាមេរិកនិងអង់គ្លេសដែលកាន់តែមានភាពសកម្មជាងមុន បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរបបយោធាមីយ៉ាន់ម៉ា ក៏ប៉ុន្តែក្រោយមកបានប្រគល់តួនាទីនេះទៅឱ្យអាស៊ានវិញដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងដោះស្រាយវិបត្តិតាមរយៈចំណុច 5PC ។

ជប៉ុនដែលបានផ្តល់ជំនួយនិងការវិនិយោគរាប់ពាន់លានដុល្លារចូលទៅក្នុងប្រទេសនេះ កំពុងព្យាយាមប្រកាន់ជំហរឈរនៅកណ្តាល តាមរយៈការផ្អាកជំនួយផ្លូវការថ្មីៗរបស់ខ្លួនបន្ទាប់ពីរដ្ឋប្រហារ ក៏ប៉ុន្តែនៅតែបន្តការពារផលប្រយោជន៍របស់ខ្លួន បូករួមទាំងក្រុមហ៊ុនជប៉ុនរាប់រយដែលបានវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ថ្វីបើមានជំហររឹងមាំពីសំណាក់ជប៉ុនប្រឆាំងនឹងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនក៏ដោយ ក៏រហូតមកដល់ពេលនេះជប៉ុននៅតែបដិសេធមិនពិចារណាអំពីការដាក់ទណ្ឌកម្មជាលក្ខណៈទ្វេភាគី ទន្ទឹមនឹងការខំរក្សាខ្លួនឱ្យនៅឆ្ងាយពីរបបយោធា។ ប្រេសិតពិសេសរបស់អាស៊ាន គឺលោក Yohei Sasakawa បានជួយបញ្ជូនជំនួយមនុស្សធម៌ទៅកាន់ក្រុមដែលពាក់ព័ន្ធនឹងការតស៊ូ ក៏ប៉ុន្តែលោកបានទទូចថា «ការបោះឆ្នោតគឺជាយុទ្ធសាស្ត្រច្រកចេញតែមួយគត់សម្រាប់របបនេះ»។

នៅក្នុងមជ្ឈដ្ឋានការទូតដែលកាន់តែទូលំទូលាយជាងនេះ វាមានការយល់ឃើញកាន់តែច្រើនឡើងថា «ពេលវេលាកំពុងតែជិតអស់ហើយសម្រាប់កិច្ចការការទូតនៅមីយ៉ាន់ម៉ាដែលមិនមែនត្រឹមតែដោយសារតែការកើនឡើងនូវភាពឃោរឃៅប៉ុណ្ណោះទេ ប៉ុន្តែគឺថែមទាំងដោយសារការខិតខំប្រឹងប្រែងរបស់លោក Min Aung Hlaing ក្នុងការធ្វើឱ្យរបបដែលកើតចេញពីរដ្ឋប្រហាររបស់លោកក្លាយជារបបស្របច្បាប់ទៀតផង»។ ឧត្តមសេនីយ៍រូបនេះបានបង្ហាញអំពីចេតនារបស់ខ្លួនក្នុងការរៀបចំការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៣ នេះ។

ពេលវេលាដែលនៅសេសសល់អាចនឹងអស់ ដោយសារកាលពីខែកុម្ភៈលោកបានប្រកាសថា «តិចជាង ២/៣ នៃភូមិស្រុកចំនួន ៣៣០ របស់ប្រទេស គឺស្ថិតក្នុងស្ថិរភាពនិងសន្តិភាព»។ ការដាក់ប្រទេសក្នុងគ្រាអាសន្ន​ត្រូវ​បានបន្ត​ពន្យារពេល​ ៦ខែ​ទៀត ដែល​បានបង្ក​ឱ្យ​មានការ​សង្ស័យ​ជុំវិញ​ពេលវេលា​នៃ​ការ​បោះឆ្នោត។

ទោះជាយ៉ាងណាក៏ដោយ ការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតបានបន្តទៅមុខ ដោយរាប់ចាប់ពីការចែកចាយម៉ាស៊ីនរាប់សន្លឹកឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក ទៅកាន់មណ្ឌលបោះឆ្នោតក្នុងតំបន់និងការចាប់ផ្តើមដំណើរការនៃការចុះឈ្មោះគណបក្សដ៏តឹងរ៉ឹង។ ការរំពឹងទុកស្តីពីការបោះឆ្នោតតាមដំណាក់កាលដែលនឹងផ្តល់ភាពស្របច្បាប់ថ្មីដល់របបយោធានៅក្នុងក្រសែភ្នែកប្រទេសមហាអំណាច ដូចជា ចិន, រុស្ស៊ី និងឥណ្ឌា បានបង្កការព្រួយបារម្ភសារជាថ្មីនៅតាមបណ្ដារដ្ឋធានីរបស់លោកខាងលិច។

តាមរយៈការសង្ខេបទស្សនៈរបស់អាមេរិក ទីប្រឹក្សាក្រសួងការបរទេសអាមេរិក លោក Derek Chollet បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅមុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់ឥណ្ឌូណេស៊ីនិងថៃ កាលពីចុងខែមីនាថា «រឿងរ៉ាវនៅមីយ៉ាន់ម៉ាបានវិវឌ្ឍទៅកាន់តែអាក្រក់ទៅៗដែលចាំបាច់ត្រូវតែបង្កើនភាពបន្ទាន់នៅក្នុងការសម្រេចឱ្យបាននូវផ្លែផ្កាអ្វីមួយ។ កិច្ចខិតខំប្រឹងប្រែងជាច្រើនដែលអាមេរិកបានបន្តធ្វើជាមួយដៃគូនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅតែបន្តមាន ពោលគឺការបន្តព្យាយាមដាក់ទណ្ឌកម្ម, ដាក់សម្ពាធ និងដាក់របបយោធាឱ្យនៅឯកោ»។

នៅផ្ទៃក្នុងអាស៊ាន ការចរចា ដែលបានចាក់ឫស នៅក្នុងចំណុច 5PC នៅតែជាយុទ្ធសាស្ត្រចម្បង។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីការទូតស្ងាត់ស្ងៀមរបស់ឥណ្ឌូណេស៊ី ការខិតខំប្រឹងប្រែងដាច់ដោយឡែកពីគ្នារបស់ថៃបានជំរុញឱ្យលោកខាងលិចមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការផ្លាស់ប្តូរងាកទៅរកវិធីសាស្ត្រ «ឯកតោភាគី» ចំពោះមីយ៉ាន់ម៉ា។

កាលពីខែធ្នូ ក្រសួងការបរទេសថៃបានកោះប្រជុំនូវ «កិច្ចប្រជុំមិនមែនអាស៊ាន» ដែលមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា នៅក្នុងចំណោមប្រទេសក្នុងតំបន់មេគង្គចំនួន ៥។ កិច្ចប្រជុំនេះ​ត្រូវ​បាន​សមាជិក​អាស៊ាន​ផ្សេង​ទៀត​បដិសេធមិនទទួលស្គាល់។ ដោយសារការបែកបាក់នៅក្នុងតំបន់កាន់តែស៊ីជម្រៅជុំវិញបញ្ហាមីយ៉ាន់ម៉ា ប្រទេសថៃកាលពីចុងខែមីនា បានរៀបចំកិច្ចប្រជុំសម្ងាត់ «Track 1.5» នៅក្នុងចំណោមប្រទេសពាក់ព័ន្ធ ដែលភាគច្រើនគឺជាប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា។

កិច្ចប្រជុំកម្រិតទាបនេះបាននាំមកនូវការលាយឡំគ្នារវាងអ្នកតំណាងរបស់រដ្ឋាភិបាលនិងអ្នកតំណាងមិនមែនរដ្ឋាភិបាល មកពីប្រទេសនិងអង្គការប្រហែល ១១ បូករួមទាំងឥណ្ឌា បង់ក្លាដែស ចិន, ជប៉ុន និងបណ្ដាប្រទេសក្នុងតំបន់មេគង្គទាំង៥ ក៏ដូចជាមន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ាទៀតផង។ អវត្តមានដ៏គួរឱ្យកត់សម្គាល់គឺប្រទេសអាស៊ានចំនួន ៥ ផ្សេងទៀតដែលមានទស្សនៈខុសៗគ្នា បូករួមនឹងអ្នកតំណាងផ្លូវការរបស់អាមេរិក។

ការចូលរួមរបស់ប្រទេសជិតខាងធំៗ ដូចជាឥណ្ឌានិងចិន នៅក្នុងសម័យប្រជុំដែលបានរៀបចំឡើងយ៉ាងប្រញាប់ប្រញាល់នេះ បានគូសបញ្ជាក់ពីអំណាចដ៏ទន់ខ្សោយរបស់អាស៊ាននៅក្នុងវិបត្តិដែលកំពុងតែតានតឹងខ្លាំង និងបានបង្ហាញអំពីការព្រួយបារម្ភនៅក្នុងចំណោមអ្នកសង្កេតការណ៍ក្នុងតំបន់ ជាពិសេសគឺអ្នកដែលមកពីប្រទេសថៃ។ ដោយសារតែមានព្រំដែនជាប់គ្នា និងការពឹងផ្អែកលើការនាំចូលឧស្ម័នធម្មជាតិពីមីយ៉ាន់ម៉ាយ៉ាងហោចណាស់ ១៥% នៃតម្រូវការថាមពលរបស់ខ្លួន ថៃមានផលប្រយោជន៍ច្រើនជាងគេនៅក្នុងចំណោមប្រទេសក្នុងតំបន់។

ចិនដែលជាអ្នកគាំទ្ររបបយោធាដ៏មុតមាំមួយ ក៏កំពុងសម្លឹងមើលប្រទេសធំៗនៅតាមដងទន្លេមេគង្គផងដែរ តាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់និងផ្លូវដ៏ធំរបស់ខ្លួន។ វាមិនមានលទ្ធផលជាក់ស្តែងណាមួយ ដែលកើតចេញពីកិច្ចពិភាក្សា Track 1.5 កាលពីខែមីនា ឬការចុះនូវកិច្ចព្រមព្រៀងអ្វីនោះទេ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចប្រជុំនេះបានជួយពង្រឹងរលកនៃកិច្ចការការទូតក្រៅឆាក។

អ្នកវិភាគថៃ Kavi Chongkittavorn បានកត់សម្គាល់ថា «ការជួបជុំនៅទីក្រុងបាងកក គឺជាជំហានដ៏រឹងមាំដំបូងសម្រាប់ព្រឹត្តិការណ៍សន្ទនាក្រៅផ្លូវការបន្ថែមទៀត។ វាគឺជារឿងចាំបាច់ណាស់សម្រាប់គណៈប្រតិភូ មកពីមីយ៉ាន់ម៉ាក្នុងការស្តាប់នូវទស្សនៈរបស់បណ្ដាប្រទេសផ្សេងទៀតដែលមានអនាគតរួមគ្នាជាមួយខ្លួន»។ ប៉ុន្តែអាមេរិកនិងបណ្តារដ្ឋលោកខាងលិចផ្សេងទៀតកំពុងមានទស្សនៈផ្ទុយពីនេះ។

ពួកគេកំពុងស្នើឱ្យអាស៊ានបន្តធ្វើឱ្យរបបយោធាមីយ៉ាន់ម៉ាកាន់តែឯកោ និងបង្កើនសម្ពាធលើបណ្តាប្រទេសជួរមុខ ដូចជាថៃជាដើម ដើម្បីឱ្យជួយសម្រួលដល់ការផ្ដល់ជំនួយឆ្លងកាត់ព្រំដែនទៅកាន់តំបន់ដែលដែលកំពុងតស៊ូ។ ជាងនេះទៅទៀត រដ្ឋបាលអាមេរិកកំពុងតែបង្កើនការផ្ដល់ជំនួយតាមរយៈការអនុម័តច្បាប់កាលពីខែធ្នូ ឆ្នាំ ២០២២ ដោយសភាអាមេរិកដែលបានអនុម័តគាំទ្រដល់កងកម្លាំងតស៊ូរបស់មីយ៉ាន់ម៉ា បូករួមទាំងការផ្តល់ជំនួយ (មិនមែនអាវុធធុនធ្ងន់)ដល់ក្រុមប្រដាប់អាវុធទៀតផង។

សម្រាប់​អាស៊ាន ការ​រំពឹង​ទុក​ដែលថា «ប្លុកនេះនឹង​ត្រូវ​ជាប់គាំងដោយសាររដ្ឋ​បរាជ័យមួយ» ដូចអ្វី​ដែល​លោក Chollet បាន​ពណ៌នា​អំពី​មីយ៉ាន់ម៉ា នឹងនៅ​តែ​ជាក្តី​សុបិន​អាក្រក់​ដ៏ធំ​បំផុត​របស់ប្លុកនេះ៕

Fulcrum

អត្ថបទទាក់ទង