ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ប្រាក់រង្វាន់ ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាសពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 51

នៅព្រឹកថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន ពិតជា សប្បាយរីករាយ និងអបអរសាទរចំពោះជ័យលាភី កីឡាការីនី អ៊ុក ស្រីមុំ និងលោកគ្រូបង្វឹក ដែលបានខិតខំរហូតទទួលបានមេដាយមាសជូនជាតិមាតុភូមិនាពេលនេះ។ សម្តេចតេជោ បានចាត់ទុកការដណ្តើមបានមេដាយមាសពិភពលោក របស់កីឡាការិនី អ៊ុក ស្រីមុំ ក៏ដូចជាកីឡាករ កីឡាការិនីដទៃទៀត គឺជាកិត្តិយសរបស់ជាតិទាំងមូល។ ការចេញទៅប្រកួតរបស់កីឡាករ កីឡាការិនី គឺជាការតំណាងឱ្យប្រជាពលរដ្ឋខ្មែរទាំងមូល ដូច្នេះហើយសម្តេចតែងតែទូន្មាន និងអប់រំ ដល់កីឡាករ កីឡាការិនី ពេលចេញប្រកួតម្តងៗ ត្រូវតែរក្សាភាពថ្លៃថ្នូរ និងគោរទៅតាមលក្ខខន្តិកៈការប្រកួតរបស់គេ។ សម្តេចតេជោថ្លែងថា វិស័យកីឡាកំពុងដើរតាមកន្លង នៃព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដោយព្រះអង្គបានយកព្រះទ័យទុកដាក់ខ្ពស់លើវិស័យកីឡា រហូតឈានទៅសាងសង់ពហុកីឡដ្ឋានអូរឡាំពិកសព្វថ្ងៃនេះ។ សម្តេចតេជោ​ បានថ្លែងថា វិស័យកីឡា មិនប្រកាន់ប្រទេសតូច ធំ ឬប្រទេសមាន ក្រ និង ប្រជាជនតិច ឬច្រើននោះទេ សំខាន់ស្ថិតនៅត្រង់សមត្ថភាពនៃការប្រកួត និងការហ្វឹកហាត់។

ទាក់ទងនឹងបញ្ហាជំងឺកូវីដ-១៩ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្រាប់អ្នកផ្ទុកមេរោគកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង គឺមិនអនុញ្ញាតឱ្យសម្រាកព្យាបាលជំងឺនៅតាមផ្ទះឡើយ នៅក្របខ័ណ្ឌទូទាំងប្រទេស។ ហើយករណីនេះ ក៏មិនអនុញ្ញាតឱ្យមានការធ្វើអន្តរាគមន៍ណាមួយដើម្បីបានសម្រាកព្យាបាលនៅតាមផ្ទះនោះទេ។

ទាក់ទងនឹងដំណើរទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ មករាខាងមុខនេះ សម្តេចតេជោបានថ្លែងថា ដំណើររបស់សម្តេចទៅមីយ៉ាន់ម៉ា នឹងមិនជជែកលើសពីកុងសង់ស៊ីសទាំង៥ចំណុច ដែលបានដាក់ចេញក្នុងកិច្ចប្រជុំនៅឥណ្ឌូណេស៊ីនាពេលកន្លងមកនោះទេ។ សម្តេចបានថ្លែងថា ប្រសិនបើមីយ៉ាន់ម៉ា អាចមានដំណើរការប្រជាធិបតេយ្យ គឺជាគុណសម្បត្តិនៃការប្រឹងប្រែងរបស់បណ្តារដ្ឋជាសមាជិកអាស៊ាន។ បញ្ហារបស់មីយ៉ាន់ម៉ា មិនមែនជារឿងសាមញ្ញនោះទេ ដូច្នេះត្រូវរកដំណោះស្រាយពិសេស ទើបអាចដោះស្រាយបាន។

នៅក្នុងថ្ងៃនេះ សម្រាប់ប្រាក់រង្វាន់ដែលត្រូវផ្ដល់ជូនកីឡាការិនី អ៊ុក ស្រីមុំ មានថវិការបស់ក្រសួងអប់រំ ចំនួន៤០លានរៀល និងថវិការបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ចំនួន១ម៉ឺនដុល្លារ និងគ្រូបង្វឹកទទួលបានថវិការបស់ក្រសួងអប់រំចំនួន៤០លានរៀល និងថវិការបស់សម្ដេច និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ចំនួន៥ពាន់ដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងអគុណចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី ម្នាក់ៗ និងអរគុណដល់សួងអប់រំយុវជន និងកីឡា សហព័ន្ធកីឡា គ្រូបង្វឹកទាំងអស់ ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការជំរុញវិស័យកីឡាជាតិអោយកាន់តែរីកចម្រើន។ សម្ដេចតេជោក៏បានជូនពរអោយក្មួយៗ កីឡាករ កីឡាការិនីទាំងអស់ សូមទទួលបានជោគជ័យថ្មីៗជាបន្តបន្ទាប់ទៀត៕

អត្ថបទទាក់ទង