ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន៖ «គ្មានការចរចារវាង ហ៊ុន សែន-សម រង្ស៊ី, មាស នី បើឆ្កួត ឆ្កួតតែឯងទៅ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែកញ្ញា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 67
លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន៖ «គ្មានការចរចារវាង ហ៊ុន សែន-សម រង្ស៊ី, មាស នី បើឆ្កួត ឆ្កួតតែឯងទៅ» លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន៖ «គ្មានការចរចារវាង ហ៊ុន សែន-សម រង្ស៊ី, មាស នី បើឆ្កួត ឆ្កួតតែឯងទៅ»

ក្នុងបទសម្ភាសន៍ដោយផ្ទាល់ និងផ្តាច់មុខជាមួយនាយកប្រតិបត្តិ Fresh News លោក លឹម ជាវុត្ថា នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងក្លា និងធ្ងន់ៗចំពោះអ្នកវិភាគ មាស នី ដែលចង់ឃើញមានការចរចាគ្នារវាងរូបលោក ជាមួយទណ្ឌិត សម រង្ស៊ី និងបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប ដើម្បីបញ្ចប់បញ្ហានយោបាយនៅកម្ពុជា។ លោក បានបញ្ជាក់យ៉ាងច្បាស់ៗថា គ្មានការចរចាណាមួយរវាងលោក និងទណ្ឌិត សម រង្ស៊ី នោះឡើយ ហើយកម្ពុជាក៏គ្មានវិបត្តិនយោបាយដូចការវិភាគរបស់លោក មាស នី នោះឡើយ។

ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីលោក មាស នី តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយ បានបង្ហាញការចង់ឃើញចរចារវាងលោក ហ៊ុន សែន និងទណ្ឌិត សម រង្ស៊ី ដើម្បីឈានទៅដោះស្រាយបញ្ហានៅក្នុងប្រទេសកម្ពុជា ក្នុងពេលសម្តេចធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុបនាអំឡុងខែនេះ ឬខែក្រោយនោះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជាមួយសម្តីដាច់ណាត់ និងធ្ងន់ៗយ៉ាងដូច្នេះថា «គ្មានការចរចាណាមួយរវាងខ្ញុំ ជាមួយនឹងទណ្ឌិត សម រង្ស៊ី នោះឡើយក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំទៅក្រៅប្រទេសទាំងអា មេរិក និងនៅអឺរ៉ុប។ ខ្ញុំសូមប្រាប់ថា កម្ពុជាគ្មានវិបត្តិនយោបាយដូចការវិភាគឆ្កួតលេលាដូច មាស នី នោះឡើយ មានតែអ្នកនយោបាយអនុវត្តន៍ទោសតាមច្បាប់របស់កម្ពុជាតែប៉ុណ្ណោះ»

លោកនាយករដ្ឋមន្ត្រី ក៏បានផ្តាំទៅ លោក មាស នី ឲ្យឈប់ធ្វើការវិភាគទៅទៀតបើមិនយល់ពីបញ្ហានយោ​បាយទេនោះ។ លោក បានផ្តាំយ៉ាងដូច្នេះ «មាស នី បើឆ្កួត ឆ្កួតតែឯងទៅ កុំមកនាំគេឆ្កួតជាមួយ។ បើ មាស នី ឯងល្ងង់មិនយល់ផ្នែកនយោបាយទេ កុំមកធ្វើជាអ្នកវិភាគបន្តទៅទៀត»

សូមបញ្ជាក់ថា ក្នុងមួយរយៈពេលចងក្រោយនេះ ស្ថាន​ការណ៍នយោបាយនៅកម្ពុជាត្រូវបានគេមើលឃើញមានភាពល្អប្រសើរ បន្ទាប់ពីអ្នកនយោបាយ សកម្មជននយោបាយ និងសកម្មជនដីធ្លីផង ត្រូវបានលោក ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រខ្មែរ សុំព្រះរាជទានលើកលែងទោសជាបន្តបន្ទាប់។ ការទូលថ្វាយសុំព្រះរាជទានលើកលែងទោសបានធ្វើឡើងបន្ទាប់ពីអ្នកទោសទាំងនោះ បានទទួលស្គាល់ទោសកំហុសរបស់ខ្លួន និងបានសុំការយោគយល់អធ្យាស្រ័យពីលោក ហ៊ុន សែន។ ការទូលថ្វាយសុំព្រះរាជទានលើកលែងទោសនេះ ត្រូវបានគេព័ណ៌នាថា ធ្វើឡើងក្រោមស្មារតីនៃការបង្រួបបង្រួមជាតិ ដូចអ្វីដែលលោក ហ៊ុន សែន ធ្លាប់បានធ្វើជាមួយខ្មែរគ្រប់ភាគី ជាពិសេសជាមួយក្រុមខ្មែរ​ក្រហមកាលពី២០ឆ្នាំមុន ដើម្បីនាំមកនូវសុខសន្តិភាព និងភាពសុខដុមក្នុងសង្គមកម្ពុជា ពោលមិនមែនជាការធ្វើឡើងតាមគំនាប និងសម្ពាធពីបរទេសណាមួយនោះឡើយ។

បើទោះបីជាយ៉ាងណា លោក ហ៊ុន សែន ធ្លាប់បានបញ្ជា​ក់ហើយថា នឹងគ្មានការលើកលែងទោសសម្រាប់ លោក កឹម សុខា និងទណ្ឌិត សម រង្ស៊ី អ្នកនយោបាយមានរហស្សនាមជនកំសាក ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេសនោះឡើយ។

នៅក្នុងខែកញ្ញា និងខែតុលាខាងមុខនេះលោក ហ៊ុន សែន នឹងមានភារកិច្ចជាច្រើនចេញទៅចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋ​អាមេរិក និងកិច្ចប្រជុំមួយចំនួនទៀតអឺរ៉ុបផងដែរ។ តាមរយៈកិច្ចប្រជុំទាំងនេះ ជាពេលដែលលោកនឹងបង្ហាញមុខរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី និងជាការស្វែងរកកិច្ចសហការ ដើម្បីកិច្ចអភិវឌ្ឍន៍នៅកម្ពុជាបន្តទៅទៀតផងដែរ។ តែលោក បានអះអាងហើយថា នឹងគ្មានរបៀបវារៈចរចារឿងនយោបាយណាមួយជាមួយក្រុមក្បត់ជាតិ ក្នុងអំឡុងទៅកាន់ក្រៅប្រទេសនោះឡើយ៕

លោក មាស នី

ប្រភព​ Fresh News

អត្ថបទទាក់ទង