ខ្មែរប៉ុស្ដិ៍ Close

ថាមវន្តអំណាចនៅអាស៊ីអាគ្នេយ៍ មិនដូចនៅក្នុងរឿង «Game of Thrones» នោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 67
ថាមវន្តអំណាចនៅអាស៊ីអាគ្នេយ៍ មិនដូចនៅក្នុងរឿង «Game of Thrones» នោះទេ ថាមវន្តអំណាចនៅអាស៊ីអាគ្នេយ៍ មិនដូចនៅក្នុងរឿង «Game of Thrones» នោះទេ

នៅក្នុងតំបន់អាស៊ី ដែលកំពុងរីកចម្រើន ជាពិសេសគឺនៅភាគអាគ្នេយ៍ ប្រទេសមហាអំណាចទាំង ២ គឺអាមេរិកនិងចិន កំពុងតែព្យាយាមពង្រឹងឥទ្ធិពលរបស់ពួកគេរៀងៗខ្លួន។ កាលពីជាង ១០ ឆ្នាំមុន អតីតរដ្ឋមន្ត្រីការ បរទេសអាមេរិក លោកស្រី Hillary Clinton បានអំពាវនាវឱ្យមាន «ការងាកឆ្ពោះមករកតំបន់អាស៊ី – Pivot to Asia» ដែលជាការសង្កត់ធ្ងន់ទៅលើការផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងចំពោះតំបន់នេះ ទន្ទឹមនឹងការកើនឡើងនៃឥទ្ធិពលរបស់ចិន។

នៅពេលនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអាស៊ានដែលទើបនឹងទទួលបានការតែងតាំងពីព្រឹទ្ធសភា ក៏មានទស្សនៈយល់ឃើញបែបនេះដែរ ដោយក្នុងនោះលោកបានធ្វើការរំឮកប្រាប់ដល់តំបន់អាស៊ីអាគ្នេយ៍ថា «អាមេរិកពិតជាចង់រក្សាឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់នេះ»។ ឯកអគ្គរដ្ឋទូត Yohannes Abraham បាននិយាយថា «អាមេរិកនឹងស្ថិតនៅជាមួយតំបន់អាស៊ីអាគ្នេយ៍ ហើយយើងបានប្តេជ្ញាថានឹងបន្តធ្វើជាដៃគូដែលគួរឱ្យទុកចិត្តនិងមានភាពយូរអង្វែង»។

ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រដ្ឋបាល Joe Biden ចំពោះតំបន់អាស៊ីអាគ្នេយ៍តាមរយៈកិច្ចការដ៏សំខាន់ចំនួន ២។ កិច្ចការទាំងនោះរួមមានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកលើកទី១ និងដំណើរទស្សនកិច្ចរបស់លោក Biden មកកាន់ទីក្រុងភ្នំពេញ កាលពីខែវិច្ឆិកាឆ្នាំមុន ដែលបាននាំមកនូវការចាប់ផ្តើមនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយបណ្តាមេដឹកនាំអាស៊ាន។

អនុប្រធានាធិបតីសហរដ្ឋអាមេរិក Kamala Harris (ស្តាំ) ទទួលសម្បថចូលកាន់តំណែងរបស់លោក Yohannes Abraham ដើម្បីធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអាស៊ាន នៅក្នុងពិធីមួយ នៅអគារការិយាល័យប្រតិបត្តិ Eisenhower ក្នុងទីក្រុង Washington, DC ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២។ រូបថត៖ Saul Loeb/ AFP

កាលពីខែមុន វិទ្យាស្ថាន Lowy របស់អូស្ត្រាលីបានបញ្ចេញនូវសន្ទស្សន៍ស្តីអំពីអំណាចនៅក្នុងតំបន់អាស៊ីប្រចាំឆ្នាំរបស់ខ្លួន ដើម្បីចង់ដឹងថា «តើប្រទេសណាដែលមានឥទ្ធិពលបំផុតនៅតំបន់អាស៊ី»។ សន្ទស្សន៍ខាងលើ បានចាត់ថ្នាក់ប្រទេសនីមួយៗដោយផ្អែកទៅលើ «អំណាចដ៏ទូលំទូលាយ» តាមរយៈកត្តាជាច្រើន ដោយរាប់ចាប់តាំងពីសមត្ថភាពសេដ្ឋកិច្ច រហូតដល់ទំនាក់ទំនងសេដ្ឋកិច្ច និងរាប់ចាប់តាំងពីសមត្ថភាពយោធា រហូតដល់ឥទ្ធិពលវប្បធម៌។

សន្ទស្សន៍របស់វិទ្យាស្ថាន Lowy គឺជាបញ្ជីប្រៀបធៀបដ៏ធំមួយដែលបានកំណត់ថា «ប្រទេសណាមានឥទ្ធិពលបំផុតនៅអាស៊ី» ហើយវាក៏បានបង្ហាញផងដែរថា «តើបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានចាត់វិធានការទប់ទល់នឹងបញ្ហាបានល្អកម្រិតណា»។ ចាប់តាំងពីឆ្នាំ ២០១៨ មក សន្ទស្សន៍នេះតែងតែបានបង្ហាញថា «អាមេរិកនៅតែបន្តនាំមុខគេនៅតំបន់អាស៊ី ហើយប្រទេសចិនតែងតែស្ថិតនៅលេខរៀងទី២»។

ការប្រកួតប្រជែងគ្នារវាងប្រទេសទាំង ២ ទំនងជានៅតែបន្តកើតមាន ក៏ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ «តាមរយៈសន្ទស្សន៍របស់វិទ្យាស្ថាន Lowy អំណាចរួមរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ទទួល បានចំណាត់ថ្នាក់ខ្ពស់ជាងអាមេរិក ឬចិនទៅទៀត»។ តំបន់អាស៊ីអាគ្នេយ៍កំពុងមានជំហរល្អបំផុត ដែលអាចវ៉ាដាច់មហាអំណាចទាំង២ និងអាចដើរតួនាទីជាស្ពានរបស់តំបន់ ដែលពោរពេញទៅដោយភាពចម្រុះ និងភាពរីកចម្រើន។

ការវិភាគរបស់វិទ្យាស្ថាន Lowy បានចាត់ទុកសមត្ថភាពរបស់តំបន់អាស៊ីអាគ្នេយ៍ជា «ថាមវន្តការទូត» ដែលសូម្បីតែប្រទេសតូចៗក៏មានសក្តានុពលក្នុងការអនុវត្តឥទ្ធិពលរបស់ពួកគេដែរ។ ជាមួយនឹងចំនួនប្រជាជនសរុបជាង ៦៧៥ លាននាក់, សេដ្ឋកិច្ចទំហំ ៣ ទ្រីលានដុល្លារ បូករួមនឹងកំណើនរួមដែលត្រូវបានគេព្យាករថា នឹងមានចំនួន ៥,៣% នៅឆ្នាំ ២០២៣ តំបន់អាស៊ីអាគ្នេយ៍គឺមិនត្រឹមតែជាក្រុមអ្នកនយោបាយថ្មីប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានកម្លាំងពីធម្មជាតិផងដែរ ដែលអាចនឹងកំណត់គោលដៅថ្មីសម្រាប់តំបន់។

ទោះជាយ៉ាងណាក៏ដោយ ការពង្រីកសក្តានុពលរបស់តំបន់នៅក្នុងឆាកពិភពលោកអាចរងនូវបញ្ហាប្រឈមជាច្រើន។ កត្តាទាំងនេះភាគច្រើនគឺដោយសារតែកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ដែលរួមមានទាំងភាពតានតឹងផ្នែកនយោបាយនៅក្នុងការបោះឆ្នោតជាច្រើន, ការរំខាននៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ផលវិបាកនៃព្រឹត្តិការណ៍ «Tech Winter» និងការកើនឡើងនៃអត្រាអតិផរណានៅទូទាំងពិភពលោក។

ការរកឃើញដ៏សំខាន់របស់សន្ទស្សន៍នេះបានបង្ហាញថា «ជាងពាក់កណ្តាលនៃរដ្ឋជាសមាជិកអាស៊ាន ត្រូវបានចាត់ទុកជាមហាអំណាចកណ្តាល»។ «ទន្ទឹមនឹងនេះដែរ ប្រទេសកម្ពុជា, ប្រ៊ុយណេ និងឡាវ បានទទួលនូវការកើនឡើងប្រចាំឆ្នាំយ៉ាងធំនៅក្នុងសន្ទស្សន៍នេះ» បើទោះបីជាពួកគេមិនសូវមានឥទ្ធិពលអ្វីជាដុំកំភួនក៏ដោយ។

ចំណាត់ថ្នាក់ថាមវ័ន្តរបស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ធៀបនឹងចំណាត់ថ្នាក់ពីមុន។ តារាង៖ Raafi Seiff ដែលផ្ដល់ឱ្យ Southeast Asia Globe

អាស៊ានបានចាប់កំណើតតាំងពីឆ្នាំ ១៩៦៧ និងបានបង្រួបបង្រួមគុណតម្លៃនៅក្រោមសសរស្តម្ភនៃវិបុលភាពសេដ្ឋកិច្ច, សន្តិសុខនយោបាយ និងសង្គម-វប្បធម៌។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នករិះគន់អាចចាត់ទុកអាស៊ានជាស្ថាប័ន «ទន់ខ្សោយ និងមិនមានឥទ្ធិពល» ហើយវាក៏បានក្លាយជាលក្ខណៈសម្គាល់របស់អាស៊ានផងដែរ ដោយសារតែប្លុកនេះបានបន្តផ្តល់អាទិភាពដល់ការមូលមតិគ្នា និងតែងតែគេចវេះពីបញ្ហារសើបៗ។

រឿងនេះបានកើតឡើងក៏ព្រោះតែវាមិនមានមធ្យោបាយជាក់លាក់ណាមួយ ដើម្បីជំរុញឱ្យសមាជិកអាស៊ាននីមួយៗបង្ហាញនូវការទទួលខុសត្រូវ។ ទោះបីជាស្ថាប័ន, គណៈកម្មាធិការ ឬយន្តការនានាអាចត្រូវបានបង្កើតឡើងក៏ដោយ ក៏ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងបែបនេះនឹងក្លាយជារឿងឥតប្រយោជន៍ ព្រោះតែកង្វះឆន្ទៈនយោបាយពីសំណាក់រដ្ឋជាសមាជិក។

ជាងនេះទៅទៀត ការតស៊ូដើម្បីផលប្រយោជន៍របស់ប្លុកក្នុងតំបន់គឺជារឿងពិបាក ដោយសារតែស្ថានការណ៍នយោបាយនៅទូទាំងតំបន់កំពុងមានការប្រែប្រួល។ ប្រទេសមីយ៉ាន់ម៉ានឹងមិនអាចបញ្ចប់សង្គ្រាមស៊ីវិលរបស់ខ្លួននៅក្នុងពេលឆាប់ៗនេះទេ ខណៈដែលហ្វីលីពីនក៏បានប្រគល់សោរវិមាន Malacanang ត្រឡប់ទៅឱ្យរាជវង្ស Marcos វិញ ហើយគណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌូណេស៊ី (KPU) ក៏កំពុងរៀបចំសំណុំរឿង ដើម្បីប្រឆាំងនឹងការសម្រេចរបស់ចៅក្រមដែលអាចនាំមកនូវការពន្យារពេលការបោះឆ្នោតសកល។

រឿងរ៉ាវទាំងអស់នេះបានកើតឡើងស្របគ្នាទៅនឹងការពិតដែលថា «ប្រទេសជាសមាជិកអាស៊ាននីមួយៗ មានកម្លាំងសេដ្ឋកិច្ចខុសៗពីគ្នា»។ ទស្សនៈយល់ឃើញបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកំណត់ទិសដៅរបស់តំបន់អាស៊ីអាគ្នេយ៍ ហើយបើទោះបីជាអាមេរិកអាចយកឈ្នះលើចិននៅក្នុងសន្ទស្សន៍អំណាចរបស់វិទ្យាស្ថាន Lowy ក៏ដោយ ក៏ការស្ទង់មតិនៅពេលថ្មីៗនេះដែលត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន ISEAS-Yusof Ishak បានបង្ហាញថា «ប្រជាជនអាស៊ីអាគ្នេយ៍បានចាត់ទុកចិនជាមហាអំណាចសេដ្ឋកិច្ច និងនយោបាយដែលមានឥទ្ធិពលបំផុតនៅក្នុងតំបន់»។

ការសិក្សារបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានបង្ហាញថា «សិង្ហបុរីនិងម៉ាឡេស៊ីមានទស្សនៈគាំទ្រចំពោះប្រទេសចិនជាងអាមេរិក» ក៏ប៉ុន្តែនៅចុងបញ្ចប់ ប្រជាជនអាស៊ីអាគ្នេយ៍នៅតែមានការព្រួយបារម្ភខ្លាំងអំពីភាពគ្មានប្រសិទ្ធភាពរបស់អាស៊ាន និងគំនិតដែលថា «អាស៊ានអាចនឹងក្លាយជាសង្វៀននៃការប្រកួតប្រជែងអំណាចដ៏ធំ»។

នៅក្នុងរឿងភាគដ៏ពេញនិយមមួយគឺរឿង «Game of Thrones» ពិភពប្រឌិតដែលតួអង្គកំពុងរស់នៅត្រូវបានជាប់គាំងនៅក្នុងជម្លោះរវាងបក្ខពួកដែលប្រកួតប្រជែងដណ្តើមរាជបល្ល័ង្កយ៉ាងបង្ហូរឈាម។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាឥទ្ធិពលត្រូវបានធ្វើឡើងដោយសម្ងាត់ ហើយភាពស្ទាក់ស្ទើរក្នុងការជ្រើសរើសយកភាគីណាមួយត្រូវបានបង្ហាញយ៉ាងច្បាស់ ដោយសារ «ប្រទេសនីមួយៗកំពុងជាប់រវល់ប្រយុទ្ធទប់ទល់នឹងបញ្ហារបស់ខ្លួនរៀងៗខ្លួន»។

នៅក្នុងសុន្ទរកថារបស់លោកទៅកាន់ពិភពលោក ឯកអគ្គរដ្ឋទូតលោក Abraham បានបន្ទរអំពីអារម្មណ៍របស់លោក Biden ថា «អនាគតនៅពេលខាងមុខនឹងត្រូវបានកំណត់ដោយតំបន់អាស៊ីអាគ្នេយ៍» ក៏ប៉ុន្តែគេ នៅតែចោទជាសំណួរថា «តើវានឹងត្រូវបានកំណត់ដោយនរណា និងសម្រាប់នរណា?»

ប្រសិនបើតំបន់អាស៊ីអាគ្នេយ៍អាចធានាបាននូវស្ថិរភាព និងអាចធ្វើជាគំរូសម្រាប់អភិបាលកិច្ចដ៏ល្អ អាស៊ានដែលរឹងមាំនឹងអាចមានសក្តានុពលក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធនៃអំណាចដែលមានស្រាប់ និងអាចធ្វើឱ្យអាមេរិកនិងចិនកាន់តែត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីអាចដណ្តើមយកជ័យជម្នះបាន៕

Southeast Asia Globe

អត្ថបទទាក់ទង