វ៉ាក់សាំងស៉ីណូហ្វាម ១លានដូសទៀត បានដឹកពីប្រទេសចិន មកដល់កម្ពុជាហើយនាព្រឹកនេះ
វ៉ាក់សាំងស៊ីណូហ្វាម របស់ចិន ចំនួន ១លានដូសបន្ថែមទៀត បានដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១នេះ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា វ៉ាក់សាំងស៉ីណូហ្វាម ដែលបានដឹកមកដល់កម្ពុជាព្រឹកថ្ងៃនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាល។
វ៉ាក់សាំង ជាវិធីសាស្ត្រដ៏ចាំបាច់ និងសំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញការចាក់វ៉ាក់សាំង ជាផែនការយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ តាមរយៈផែនការយុទ្ធសាស្ត្រនេះ សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងគ្រប់វិធីក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង១៦លានដូសហើយ។
នៅក្នុងខែសីហា ខាងមុខនេះ វ៉ាក់សាំង ៤លានដូសទៀត ក៏នឹងដឹកពីចិន មកដល់កម្ពុជាផងដែរ។ វ៉ាក់សាំង ដែលកម្ពុជាទទួលបាន គឺជាការសម្រេចផែនការរបស់កម្ពុជា ដែលរកវ៉ាក់សាំងឱ្យបាន ២០លានដូស ដេីម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ១០លាននាក់។
ចិនបានក្លាយជាប្រទេសដើរតួនាទីដ៏សំខាន់ក្នុងការជួយកម្ពុជាសម្រេចផែនការនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសយកចិន ជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់ វ៉ាក់សាំងផងដែរ។
គិតត្រឹមថ្ងៃទី២០ ខែកក្កដា កម្ពុជាសម្រេចបាននូវការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង ៦លាននាក់រួចហើយ ដែលស្មើនឹងប្រមាណជា ៦៣.៣៤% ធៀបនឹងគោលដៅចំនួន ១០លាននាក់។
ប្រជាពលរដ្ឋកម្ពុជា សុទ្ធតែបានជ្រូតជ្រាបពីគុណតម្លៃវ៉ាក់សាំងក្នុងការជួយដល់សុខភាពរបស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ បានសម្តែងការត្រេកអរ និងបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ ជូនប្រជាពលរដ្ឋខ្មែរដោយមិនគិតថ្លៃ៕