សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺផ្តោតការយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋជាសំខាន់គ្រប់កាលៈទេសៈ
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ អ្នកលឿង-ថ្នល់ទទឹង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានគិតពីសុខមាលភាពប្រជាពលរដ្ឋជារឿងសំខាន់នៅគ្រប់កាលៈទេសៈ។ ទាក់ទិនបញ្ហានេះ សម្តេចតេជោ បានជំរុញឱ្យមន្ត្រីអាជ្ញាធរ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើសុខភាពរបស់ប្រជាពលរដ្ឋក្នុងរដូវរងារនះ ដោយរហ័សចែកអាវរងារជូនប្រជាពលរដ្ឋ ជាពិសេសលោកតា លោកយាយ ជាមនុស្សចាស់ ជៀសវាងមានភាពរងារ អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដោយប្រការណាមួយ ដោយសាររដូវរងារ ហើយមិនបានដឹង មិនបានជួយទាន់ពេលវេលា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នេះជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយផ្តោតទៅលើសុខទុក្ខប្រជាពលរដ្ឋជាសំខាន់ ហើយដូចជាកម្មវិធីសង្គម ដែលផ្តល់អំណោយឧបត្ថម្ភជូនដល់គ្រួសារចំនួន ៧០ម៉ឺនគ្រសារ គឺនៅបន្តអនុវត្កកម្មវិធីជំនួយមួយនេះដដែល ទោះបីប្រទេសកម្ពុជា ជួបនឹងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ តែរាជរដ្ឋាភិបាលនៅបន្តផ្តល់ជំនួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋដដែល និងនៅមានកម្មវិធីអនុគ្រោះពន្ធផងដែរ៕