អគ្គលេខាធិការ UN បញ្ជាក់ថា អង្គការសហប្រជាជាតិមានការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកិច្ចសហប្រតិបត្តិការរវាង UN ជាមួយកម្ពុជា
អគ្គលេខាធិការ UN បញ្ជាក់ថា អង្គការសហប្រជាជាតិមានការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកិច្ចសហប្រតិបត្តិការរវាង UN ជាមួយកម្ពុជា
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ។
នៅក្នុងជំនួបនេះ លេខាធិការ UN បានមានប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងកម្ពុជា ក៏ដូចជារវាងអង្គការសហប្រជាជាតិ ជាមួយអាស៊ាន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ លោកបានបន្តថា អង្គការសហប្រជាជាតិមានការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ ជាមួយកម្ពុជា ក៏ដូចជារវាងអង្គការសហប្រជាជាតិនិងជាមួយអាស៊ាន។
នាឱកាសនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកសំណើរចំនួន៣ស្នើទៅកាន់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលទទួលបាននូវការឯកភាពពីលោកអគ្គលេខាធិការUN ក្នុងនោគឺ៖
- ១-ពាក់ព័ន្ធទៅនឹងការិយាល័យអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជា ដែលគ្រោងនឹងចប់កិច្ចព្រមព្រៀងនៅចុងឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យបន្តរយៈពេល២ឆ្នាំទៀត ហើយនៅក្នុងខែតុលាខាងមុខ គឺនៅពេលដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងហ្សឺណែវនោះ នឹងមានការចុះហត្ថលេខារវាង លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា ជាមួយនិងតំណាងស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា កម្ពុជាពិតជាមានឆន្ទះពេញលេញក្នុងការបន្តធ្វើការងារ ជាមួយអង្គការសហប្រជាជាតិ (UN) ស្តីពីសិទ្ធមនុស្ស។
- ទី២-លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ស្តីពីសាលាក្តីខ្មែរក្រហមនៅកម្ពុជា។ លោកមានបានមានប្រសាសន៍បន្តថា កម្ពុជានឹងបន្តសកម្មភាពទាំងនោះ ដូចអ្វីដែលកម្ពុជាធ្លាប់បានធ្វើ និងអនុវត្តន៍ពីពេលមុនៗ។ គឺមានន័យថា អង្គការសហប្រជាជាតិបានស្នើឲ្យកម្ពុជាបន្តបង់ថវិកាលើការចំណាយរបស់មន្រ្តីបុគ្គលិកកម្ពុជា ដែលធ្វើការនៅសាលាក្តីខ្មែរក្រហម និង
- ទី៣-រាជរដ្ឋាភិបាលកម្ពុជានឹងបន្តចូលរួមឲ្យកាន់តែសំរេចបានថែមទៀតលើបេសកកម្មនៃការថែរក្សាសន្តិភាពរបស់ UN ថាតើប្រទេសណាទៀតដែលត្រូវការកងទ័ពមួកខៀវរបស់កម្ពុជា ក្នុងការចូលរួមបំពេញបេសកកម្មមនុស្សធម៌នៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។
លោកអគ្គលេខាធិការ UN បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបន្តអាណត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជារយៈពេល២ឆ្នាំបន្តទៀត។ លើចំណុចទី ២ និងទី៣ គឺលោកអគ្គលេខាធិការមានប្រសាសន៍ថា កម្ពុជាពិតជាមានឆន្ទ:ពិតប្រាកដ ក្នុងការជួយដល់អង្គការសហប្រជាជាតិ ពិសេសវត្តមានកងទ័ពមួកខៀវដែលពោរពេញទៅដោយវិន័យ និងមានសមត្ថភាពពេញលេញក្នុងសកម្មភាពមនុស្សធម៌ និងថែរក្សាសន្តិភាពក្រោមឆ័ត្ររបស់ អង្គការសហប្រជាជាតិ៕




