លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើដល់សិល្បករ សិល្បការិនី ក្លាយជាសកម្មជនអប់រំប្រឆាំងនឹងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងជំងឺកូរ៉ូណា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកចង់ឲ្យសិល្បករ សិល្បការិនីរបស់យើងទាំងអស់ដែលនៅទីនេះ ទាំងនិស្សិត សិស្សដែលចូលរួមក្លាយទៅជាសកម្មជនដើម្បីអប់រំពលរដ្ឋរបស់យើង ក្រុមគ្រួសាររបស់យើងដើម្បីប្រយុទ្ធប្រឆាំង នឹងមេរោគ Covid-19 ឬហៅថា កូរ៉ូណាថ្មីធ្វើយ៉ាងណាយើងខិតខំការពារជំងឺនេះ ដែលមកដល់ម៉ោងនេះ ពុំទាន់មានវត្តមានជំងឺនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ និងជួបជុំសំណេះសំណាលពិសាបាយសាមគ្គីជាមួយសិល្បករ សិល្បការិនី រួមជាមួយពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសផងដែរ ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ស្នើឲ្យសិល្បករ សិល្បការិនីទាំងអស់ត្រូវចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលបំផុសឲ្យមានការភ័យខ្លាច ហើយលោកសង្ឃឹមថា សិល្បករ សិល្បការិនីរបស់យើងគ្រប់ទម្រង់នឹងក្លាយទៅជាសកម្មជននៃការប្រយុទ្ធប្រឆាំងនៃព័ត៌មានក្លែងក្លាយ ទាក់ទងទៅនឹងជំងឺដ៏កាចសាហាវនេះផងដែរ៕