ខ្មែរប៉ុស្ដិ៍ Close

អង្គការសុខភាពពិភពលោកនិយាយថា មិនទាន់មាននរណាម្នាក់ស្លាប់ដោយសារវីរុសបម្លែងខ្លួនថ្មី Omicron នៅឡើយទេ បើទោះជាមានការរកឃើញនៅក្នុងប្រទេសចំនួន ៣៨ ហើយក៏ដោយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 43
អង្គការសុខភាពពិភពលោកនិយាយថា មិនទាន់មាននរណាម្នាក់ស្លាប់ដោយសារវីរុសបម្លែងខ្លួនថ្មី Omicron នៅឡើយទេ បើទោះជាមានការរកឃើញនៅក្នុងប្រទេសចំនួន ៣៨ ហើយក៏ដោយ អង្គការសុខភាពពិភពលោកនិយាយថា មិនទាន់មាននរណាម្នាក់ស្លាប់ដោយសារវីរុសបម្លែងខ្លួនថ្មី Omicron នៅឡើយទេ បើទោះជាមានការរកឃើញនៅក្នុងប្រទេសចំនួន ៣៨ ហើយក៏ដោយ

អង្គការសុខភាពពិភពលោកបានបង្ហាញឱ្យដឹងថា គ្មាននរណាម្នាក់បានស្លាប់ដោយសារវីរុសបម្លែងខ្លួនថ្មី Omicron នៅឡើយទេ បើទោះបីជាមានការរកឃើញនៅក្នុងប្រទេសចំនួន ៣៨ ហើយក៏ដោយ ។

សហរដ្ឋអាមេរិក និងអូស្ត្រាលីបានក្លាយជាប្រទេសចុងក្រោយគេ ដែលបានបញ្ជាក់ពីការរកឃើញករណីឆ្លងក្នុងស្រុកនៃវីរុសបម្លែងខ្លួនថ្មីនេះ ខណៈពេលដែលវីរុសទម្រង់ Omicron បានរុញតួរលេខនៃករណីឆ្លង កូវីដ-១៩ សរុបរបស់អាហ្វ្រិកខាងត្បូងឱ្យកើនលើស ៣លានករណីហើយ។

ប្រទេសឥណ្ឌាបានបញ្ជាក់ពីការរកឃើញករណីឆ្លងវីរុសបម្លែងខ្លួនថ្មី Omicron ទី៣ របស់ខ្លួន កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២១ ហើយក៏មានការរកឃើញមួយចំនួនផងដែរ នៅក្នុងប្រទេសស្រីលង្កា, កូរ៉េខាងត្បូង និងម៉ាឡេស៊ី។

អង្គការសុខភាពពិភពលោកបានព្រមានថា គេត្រូវការពេលជាច្រើនសប្តាហ៍ដើម្បីអាចកំណត់ថា តើមេរោគបម្លែងខ្លួនថ្មីនេះអាចចម្លងបានលឿនកម្រិតណា និងថា តើវានឹងបណ្តាលឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរជាងមេរោគមុនៗឬទេ ក៏ដូចជាថា តើរបៀបព្យាបាល និងវ៉ាក់សាំងអាចមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគបម្លែងខ្លួនថ្មីនេះក្នុងកម្រិតណា។

នាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក លោក Michael Ryan បាននិយាយថា «យើងនឹងទទួលបាននូវចម្លើយដែលមនុស្សគ្រប់គ្នាត្រូវការក្នុងពេលឆាប់ៗនេះ» ។

អង្គការសុខភាពពិភពលោកបានឱ្យដឹងកាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១ ថា ខ្លួននៅតែមិនទាន់ឃើញមានរបាយការណ៍ពីការស្លាប់ដែលទាក់ទងទៅនឹងវីរុសបម្លែងខ្លួនថ្មី Omicron នៅឡើយ ប៉ុន្តែការរីករាលដាលនៃវីរុសទម្រង់ថ្មីនេះ បានព្រមានរួចទៅហើយថា វីរុសថ្មីនេះអាចបណ្តាលឱ្យមានការឆ្លងរីករាលដាលច្រើនជាងពាក់កណ្តាលនៃករណីឆ្លងកូវីដ-១៩ សរុបនៅទ្វីបអឺរ៉ុបនារយៈពេលប៉ុន្មានខែទៀត។

ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Kristalina Georgieva បាននិយាយកាលពីថ្ងៃសុក្រថា វីរុសបម្លែងខ្លួនថ្មីនេះក៏អាចពន្យឺតការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសកលផងដែរ ពោលគឺវាដូចគ្នាទៅនឹងវីរុសបម្លែងខ្លួន Delta ដែរ ។

លោកស្រីបាននិយាយថា «សូម្បីតែនៅមុនពេលដែលវីរុសបម្លែងខ្លួនថ្មីនេះបានមកដល់ យើងមានការព្រួយបារម្ភរួចទៅហើយថា ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលដែលកំពុងតែដំណើរការទៅហើយនោះ ហាក់បីដូចជាកំពុងបាត់បង់សន្ទុះ»។ លោកស្រីបន្តថា «វីរុសបម្លែងខ្លួនថ្មីណាមួយដែលអាចបង្កការឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស អាចនឹងធ្វើអោយទំនុកចិត្តនៃការងើបឡើងវិញធ្លាក់ចុះ»។

រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស លោក Sajid Javid ដែលបានជួបជាមួយលោកអគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២១ ដោយបានពិពណ៌នាការជួបប្រជុំនោះថា «ជាកិច្ចប្រជុំដែលប្រកបដោយផ្លែផ្កា» ។ លោក Sajid បានសរសេរសារនៅលើបណ្ដាញ Twitter ថា «កិច្ចប្រជុំប្រកបដោយផ្លែផ្កាជាមួយលោក Tedros និងក្រុមរបស់លោក ដើម្បីចែករំលែកការពីការរកឃើញរបស់យើងជុំវិញវីរុសបម្លែងខ្លួនថ្មី Omicron» ។ «យើងបន្តធ្វើការជាមួយអង្គការសុខភាពពិភពលោក នៅលើសន្ធិសញ្ញាជាសកលរបស់យើង ដើម្បីត្រៀមខ្លួន ក៏ដូចជាឆ្លើយតបទៅនឹងជំងឺរាតត្បាតនានានៅពេលអនាគត ព្រមទាំងទៅលើការកសាងបណ្តាញតាមដានជាសកល»។

អ្នកជំនាញនានាបាននិយាយថា រដ្ឋចំនួន៦ ទៀតរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ពីការឆ្លងនៃវីរុសបម្លែងខ្លួនថ្មីនេះកាលពីថ្ងៃទី ៣ ខែធ្នូ ក៏ប៉ុន្តែវីរុសបម្លែងខ្លួន Delta ទំនងជានៅតែជាការគំរាមកំហែងធំជាងគេនៅពេលដែលរដូវរងាចូលមកដល់ ដែលប្រជាជនអាមេរិកនឹងជួបប្រមូលផ្តុំគ្នាក្នុងថ្ងៃឈប់សម្រាករបស់ពួកគេ។ កាលពីថ្ងៃសុក្រ រដ្ឋ New Jersey, Maryland, Missouri, Nebraska, Pennsylvania និងរដ្ឋ Utah របស់អាមេរិកបានរាយការណ៍ពីការរកឃើញករណីដំបូងនៃវីរុសបម្លែងខ្លួនថ្មី Omicron នេះ។

រដ្ឋ Missouri កំពុងរង់ចាំការបញ្ជាក់របស់មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លង (CDC) ចំពោះករណីដែលពាក់ព័ន្ធនឹងពលរដ្ឋម្នាក់ រស់នៅវិថី St. Louis ដែលទើបតែបានធ្វើដំណើរនៅផ្ទៃក្នុងសហរដ្ឋអាមេរិក។

នៅថ្ងៃទី ៤ ខែធ្នូ វីរុសបម្លែងខ្លួនថ្មីនេះបានរីករាលដាលនៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីមានការរកឃើញចំនួន ១៣ ករណី តាមរយៈផែនការធ្វើតេស្តដើម្បីបើកសេដ្ឋកិច្ចឡើងវិញជាចង្កោមៗនៅទីក្រុងស៊ីដនី ហើយ ១ ករណីទៀតត្រូវបានសង្ស័យនៅថា កើតមាននៅក្នុងរដ្ឋ Queensland ។

អាជ្ញាធរសហព័ន្ធអូស្ត្រាលី បន្តប្រកាន់ខ្ជាប់នូវផែនការដើម្បីបើកសេដ្ឋកិច្ចឡើងវិញ ដោយសង្ឃឹមថា វីរុសបម្លែងខ្លូនថ្មីនេះនឹងមិនធ្ងន់ធ្ងរដូចប្រភេទមុនៗនោះទេ ក៏ប៉ុន្តែរដ្ឋាភិបាលរដ្ឋ និងដែនដីមួយចំនួន បានចាត់វិធានការរឹតបន្តឹងការគ្រប់គ្រងនៅតាមព្រំដែនក្នុងស្រុករបស់ពួកគេ។

ប្រទេសអូស្ត្រាលីបានរាយការណ៍ពីការរកឃើញករណីវិជ្ជមាននៃវីរុសបម្លែងខ្លូនថ្មី Omicron លើកដំបូងកាលពីថ្ងៃសុក្រ នៅឯសាលារៀនមួយកន្លែងក្នុងទីក្រុងស៊ីដនី ហើយអាជ្ញាធរអូស្ត្រាលីកំពុងធ្វើការស៊ើបអង្កេតពីប្រភពចម្លងនេះ។

លោក Kerry Chant ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋ New South Wales បាននិយាយថា ករណីវិជ្ជមាននៃវីរុសបម្លែងខ្លួនថ្មី Omicron នឹងត្រូវបានរកឃើញបន្ថែមទៀតនៅចុងសប្តាហ៍នេះ នៅពេលដែលលទ្ធផលតេស្តផ្សេងៗទៀតបានបង្ហាញឡើង។

ទន្ទឹមនឹងនេះដែរ នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២១ ប្រទេសឥណ្ឌាបានរាយការណ៍ពីករណីឆ្លងទី៣ នៃវីរុសបម្លែងខ្លួនថ្មីនេះ ស្របពេលដែលករណីឆ្លងកូវីដ-១៩ សរុបរបស់ប្រទេសនេះ បានកើនឡើងជិតដល់ ៣៥ លានករណី។

មន្ត្រីនៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា បាននិយាយថា អ្នកជំងឺដែលមានវិជ្ជមានវីរុសបម្លែងខ្លួនថ្មី Omicron នោះ គឺជាបុរសអាយុ ៧២ ឆ្នាំម្នាក់ មានដើមកំណើតឥណ្ឌា ដែលបានទៅរស់នៅក្នុងប្រទេស Zimbabwe អស់ជាច្រើនទសវត្សរ៍មកហើយ ហើយបានត្រឡប់មកវិញកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា។

ប្រទេសឥណ្ឌាបានរាយការណ៍ករណីកូវីដ-១៩ ថ្មីចំនួន ៨,៦០៣ ករណី កាលពីថ្ងៃសៅរ៍ដែលធ្វើឱ្យចំនួនឆ្លងសរុបកើនឡើងដល់ ៣៤.៦ លាន ឯករណីស្លាប់វិញ មានចំនួន ៤១៥ ករណី ដែលធ្វើឱ្យករណីស្លាប់សរុបកើនដល់ ៤៧០,៥៣០ ករណី។

កាលពីខែមុន លោកនាយករដ្ឋមន្ត្រី Narendra Modi បានស្នើឱ្យមន្ត្រីរបស់លោកយកចិត្តទុកដាក់តាមដានប្រទេសដែលត្រូវបានសម្គាល់ថាមានហានិភ័យ បន្ទាប់ពីអង្គការសុខភាពពិភពលោកបានប្រកាសថា វីរុសបម្លែងខ្លួនថ្មីនេះ ជាវីរុស «ដ៏គួរឱ្យព្រួយបារម្ភ»។

ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូង (KDCA) បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសនេះបានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ ថ្មីប្រចាំថ្ងៃចំនួន ៥,៣៥២ ករណី និងអ្នកស្លាប់ចំនួន ៧០ នាក់ ស្របពេលដែលវីរុសបម្លែងខ្លួនថ្មី Omicron នៅទូទាំងប្រទេសត្រូវបានរកឃើញចំនួន ៩ ករណី។

កាលពីថ្ងៃសុក្រ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសថា ប្រជាជនកូរ៉េខាងត្បូងដែលទៅញ៉ាំអាហារនៅភោជនីយដ្ឋាន, រោងកុន និងទៅលេងកំសាន្តនៅទីកន្លែងសាធារណៈផ្សេងទៀត នឹងតម្រូវឱ្យបង្ហាញកាតចាក់វ៉ាក់សាំង។

វិធានការនេះក៏នឹងកាត់បន្ថយចំនួនមនុស្សដែលជួបជុំគ្នាលក្ខណៈឯកជន ពី ១០ នាក់ មកនៅត្រឹម ៦ នាក់ នៅតំបន់ទីប្រជុំជនក្រុងសេអ៊ូល និងពី ១២ នាក់មកនៅត្រឹម ៨ នាក់ សម្រាប់អ្នកដែលរស់នៅក្រៅក្រុង ដោយនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃចន្ទស្អែកនេះទៅ។

ទីភ្នាក់ងារ KDCA បាននិយាយថា: អត្រានៃអ្នកដែលចូលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យដោយសារកូវីដ-១៩ កំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយបើគិតត្រឹមថ្ងៃសុក្រ ចំនួនអ្នកជំងឺដែលមានអការៈធ្ងន់ធ្ងរ មានចំនួន ៧៥២ នាក់។

ប្រទេសកូរ៉េខាងត្បូងក៏បានបញ្ជាក់ពីការរកឃើញករណីឆ្លងនៃវីរុបម្លែងខ្លួនថ្មី Omicron ចំនួន ៣ ករណីបន្ថែមទៀតផងដែរ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៩ ករណី បន្ទាប់ពីគូស្នេហ៍មួយគូដែលបានចាក់វ៉ាក់សាំងពេញលេញរួចហើយ បានធ្វើតេស្តរកឃើញវិជ្ជមានវីរុសនេះ បន្ទាប់ពីពួកគេបានធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ាវិញកាលពីសប្តាហ៍មុន៕ Daily Mail

អត្ថបទទាក់ទង