ខ្មែរប៉ុស្ដិ៍ Close

សារព័ត៌មាន Counter Punch ៖ មេរៀនពីកម្ពុជា ស្តីអំពីរបៀបឆ្លើយតបទៅនឹងវីរុសកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 53
សារព័ត៌មាន Counter Punch ៖ មេរៀនពីកម្ពុជា ស្តីអំពីរបៀបឆ្លើយតបទៅនឹងវីរុសកូវីដ-១៩ ទីក្រុងភ្នំពេញនាពេលរាត្រី

រាប់ចាប់ពីទ្វីបអឺរ៉ុបរហូតដល់អាស៊ីប៉ាស៊ីហ្វិក ក្តីសង្ឃឹមស្តីពីការអាចងើបឡើងវិញចេញពីវិបត្តិកាលពី ដើមឆ្នាំនេះ ត្រូវបានពើបប្រទះនឹងការកើនឡើងវីញនូវករណីឆ្លងនិងស្លាប់ ដោយសារវីរុសកូវីដ-១៩ ទម្រង់ Delta ដែលមានសមត្ថភាពចម្លងកាន់តែខ្លាំងជាងមុន។

នៅពេលឥឡូវនេះ បណ្តាប្រទេសដែលធ្លាប់គ្រប់គ្រងបានយ៉ាងល្អលើវីរុសរាតត្បាតកូវីដ-១៩ បាននិងកំពុងជួបនូវការលំបាកក្នុងការទប់ស្កាត់ការរីករាលដាល នៃវីរុសនេះ ខណៈពេលដែលរលកថ្មីៗនៃការឆ្លង បាននិងកំពុងបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេស។

ប៉ុន្តែ «ប្រទេសមួយហាក់ដូចជាកំពុងដើរផ្ទុយពីនិន្នាការពិភពលោកទៅវីញ»។ ប្រទេសកម្ពុជាកំពុងទប់ទល់នឹងរលកទី៤ នៃការរាតត្បាតនៃវីរុសកូវីដ-១៩ និងហាក់ដូចជាកំពុងឈានឆ្ពោះទៅរកដំណាក់កាលនៃការវិវឌ្ឍសេដ្ឋកិច្ចដែលមានលក្ខណៈ ស្រដៀងគ្នាទៅនឹងកម្រិតសេដ្ធកិច្ចដែលកម្ពុជាទទួលបាននៅ មុនពេលកើតមានការ រាតត្បាតនៃវីរុសកូវីដ-១៩។

ថ្វីបើ GDPសម្រាប់មនុស្សម្នាក់ៗនៅកម្ពុជាមានចំនួនស្មើនឹង ១/១០ នៃ GDP សម្រាប់មនុស្សម្នាក់ៗ នៅសហភាពអឺរ៉ុបក៏ដោយ «ក៏កម្ពុជាអាចសម្រេចបាននូវអត្រានៃការចាក់វ៉ាក់សាំងស្រដៀងគ្នាទៅនឹងសហភាពអឺរ៉ុប ជាមួយនឹងអត្រាស្លាប់ទាបជាងរហូតដល់ទៅ ២០ ដង»។

ការតស៊ូប្រយុទ្ធរបស់តំបន់អាស៊ីអាគ្នេយ៍ប្រឆាំងនឹងវីរុសទម្រង់ Delta

តំបន់អាស៊ីអាគ្នេយ៍នៅមិនទាន់មានភាពស៊ាំទៅនឹងវីរុសកូវីដ-១៩ ទម្រង់ថ្មីៗ នៅឡើយទេ។ ប្រទេសថៃបានប្រឈមមុខនឹងការផ្ទុះឡើងនៃករណីឆ្លង ដែលនៅខែមីនាមានចំនួនជាមធ្យមប្រហែល ១៣០ ករណី ប៉ុណ្ណោះក្នុងមួយថ្ងៃៗ ក៏ប៉ុន្តែបានកើនឡើងដល់កម្រិតខ្ពស់បំផុត គឺ ២១០០០ ករណី កាលពីខែសីហា។

នៅក្នុងប្រទេសមីយ៉ាន់ម៉ា វីរុសទម្រង់ Delta បានបន្ថែមសម្ពាធកាន់តែធ្ងន់ធ្ងរ ទៅលើប្រជាជនដែល បាននិងកំពុងប្រឈម មុខនឹងបញ្ហាសេដ្ឋកិច្ច និងវិបត្តិសុខភាពដែល បង្កឡើងដោយការធ្វើរដ្ឋប្រហារយោធាដ៏ហិង្សា។ ប្រទេសនេះមានករណីស្លាប់ដោយសារវីរុសកូវីដ-១៩ ប្រមាណ ១៦៧០០ ករណីរហូតមកដល់បច្ចុប្បន្ននេះ។

ប្រទេសវៀតណាម ដែលពីដំបូងឡើយ បានទទួលនូវការកោតសរសើរចំពោះភាពជោគជ័យនៃការអាចគ្រប់គ្រងបានយ៉ាងល្អលើវីរុសកូវីដ-១៩ តែនៅពេលឥឡូវនេះក៏បាននិងកំពុងប្រឈមមុខនឹងការលំបាកផងដែរ ខណៈ ដែលករណីឆ្លងជា មធ្យមក្នុងមួយថ្ងៃបានកើនដល់ជាង ១២០០០ ករណី នៅក្នុងខែកញ្ញានេះ។

ប្រទេសអ្នកមាននៅ កនុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានភាពល្អប្រសើរជាងនេះបន្តិច។ ប្រទេសអូស្រ្តាលីអាចការពារខ្លួនបានល្អពីការរាតត្បាតដ៏អាក្រក់បំផុត តាមរយៈការដាក់ចេញ នូវវិធានការបិទព្រំដែន ដ៏ចម្រូងចម្រាស ដែលបានធ្វើឱ្យជនជាតិអូស្ត្រាលីជាច្រើនត្រូវជាប់នៅក្រៅប្រទេស និងមិនអាចវិលត្រឡប់មកផ្ទះវិញបាន។

ប៉ុន្តែរដ្ឋាភិបាលរបស់លោក Morrison បានខ្ជះខ្ជាយពេលវេលា តាមរយៈការមិនខិតខំព្យាយាមចាក់វ៉ាក់សាំងជូនប្រជាជនឱ្យបានទាន់ពេលវេលាដែលជាហេតុធ្វើឱ្យប្រទេសនេះបាត់បង់ម្ចាស់ការ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសទម្រង់ Delta ដែលបានធ្វើឱ្យករណីឆ្លងនិងស្លាប់កើនឡើងយ៉ាងគំហ៊ុក។

ក្នុងចំណោមការកើនឡើងដ៏គួរឱ្យព្រួយបារម្ភទាំងនេះ សម្រាប់ពេលបច្ចុប្បន្ននេះ «ប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលអាចទប់ស្កាត់បានយ៉ាងល្អទៅនឹងរលកទី៣ នៃការរាតត្បាតនៃវីរុសកូវីដ-១៩»។

ចាក់វ៉ាក់សាំងហើយបន្តដំណើរទៅមុខទៀត

របាយការណ៍របស់ដៃគូយុទ្ធសាស្ត្រមេគង្គ (Mekong Strategic Partners) ដែលមាន ចំណងជើងថា «ការលាតត្រដាងនូវភាពជោគជ័យនៃការចាក់វ៉ាក់សាំងរបស់កម្ពុជា» បានឱ្យដឹងថា «ការចាក់វ៉ាក់សាំងបានឆាប់រហ័សគឺជាមូលហេតុនៅពី ក្រោយភាពជោគជ័យរបស់កម្ពុជា ហើយប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅ លើពិភពលោកដែល បានផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនក៏ដូចជា ដល់កុមារ»។

បច្ចុប្បន្ននេះប្រជាជនកម្ពុជាចំនួន ៥៧% បានទទួលវ៉ាក់សាំងចំនួន ២ដូស ខណៈដែលប្រទេសថៃមានអត្រាចាក់វ៉ាក់សាំងពេញលេញត្រឹមតែ ១៧% និងវៀតណាមមានត្រឹមតែ ៤% ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ នៅក្នុងប្រទេសអូស្រ្តាលី ប្រជាជនតិចជាង ៤០% ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងពេញលេញ ហើយខណៈពេលដែលប្រជាជនអូស្រ្តាលីប្រមាណ ៣៦% ទៀតនៅតែមានភាពស្ទាក់ស្ទើរ ក្នុងការចេញទៅចាក់វ៉ាក់សាំង។ ហើយ វាក៍អាចទៅរួចដែលថា «ប្រទេសអូស្ត្រាលីនឹងមិនអាចវិលត្រឡប់ទៅរកស្ថានភាពជាធម្មតាវិញបាននៅក្នុងពេលឆាប់ៗនេះទេ»។

សមិទ្ធផលនៃការចាក់វ៉ាក់សាំងនៅកម្ពុជាបានធ្វើឱ្យចំនួនករណីស្លាប់ដោយ សារវីរុសកូវីដ-១៩ នៅក្នុងប្រទេសនេះ មានចំនួនតិចជាងបណ្តាប្រទេសអាស៊ានជិតខាង។ អត្រាមរណៈភាពទាបរបស់កម្ពុជាមានន័យស្មើនឹងមនុស្សចំនួន ៣៤០ នាក់អាចនៅបន្តរស់រានមានជីវិតជារៀងរាល់សប្តាហ៍បើ ប្រៀបធៀបទៅនឹង បណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់»។

នេះគឺភាពជោគជ័យមួយរបស់រដ្ឋាភិបាលក្នុងការប្រើប្រាស់គ្រប់ប្រភេទវ៉ាក់សាំងទាំងអស់ដែលខ្លួនអាចទទួលបានដែលរួមមានទាំងវ៉ាក់សាំង Sinovac, Sinopharm, AstraZeneca,និង Johnson & Johnson។

ខណៈពេលដែលមានមនុស្សតិចជាងមុនបានឆ្លងវីរុសនិងបានធ្លាក់ខ្លួនឈឺដោយសារវីរុសនេះ ប្រព័ន្ធថែទាំសុខភាពរបស់កម្ពុជាបានស្ថិតក្រោមសំពាធតិចតួចប៉ុណ្ណោះ និងអាចផ្តោតអារម្មណ៍លើការគ្រប់គ្រងជំងឺដទៃទៀត ដែលតែងតែផ្ទុះឡើង នៅក្នុងរដូវភ្លៀងធ្លាក់។

ការបោះជំហានទៅ មុខបន្តិចម្តងៗរបស់កម្ពុជាពីការបិទខ្ទប់និងការចាប់ផ្តើមបើក ដំណើរការអាជីវកម្មឡើងវិញ បាននិងកំពុងធ្វើឱ្យកម្ពុជាស្ថិត នៅលើមាគ៌ាឆ្ពោះទៅរកការវិលត្រឡប់ទៅរកជីវភាពជាធម្មតាតាមបែបគន្លងថ្មី (New Normal)។

ប្រទេសកម្ពុជាក៏កំពុងស្ថិតនៅលើមាគ៌ាឆ្ពោះទៅរកការបើក សេដ្ឋកិច្ចរបស់ខ្លួនឡើងវិញផងដែរ ចំពោះការវិនិយោគពីបរទេស និងការធ្វើទេសចរណ៍ពីសំណាក់អន្តរជាតិ។ វីរុសរាតត្បាតនេះបានបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍, សំណង់ និងផលិតកម្ម ជាពិសេសបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ។

ប៉ុន្តែ ការព្យាករណ៍ សម្រាប់ឆ្នាំ ២០២២ បានបង្ហាញថា «កម្ពុជាអាចទទួលបានកំណើនពី ៥% ទៅ ៦%» ខណៈដែលកម្មករនិងបុគ្គលិក ដែលបានចាក់វ៉ាក់សាំងរួច ក៏បាននិងកំពុងវិលត្រឡប់ទៅកាន់រោងចក្រ, ការិយាល័យ និងការដ្ឋានសំណង់របស់ពួកគេជាបណ្តើរៗផងដែរ។

ទាំងអស់នេះគឺជាដំណឹងដ៏ល្អសម្រាប់ប្រជាជនកម្ពុជានិងអ្នកតស៊ូមតិអំពីវ៉ាក់សាំង ក៏ប៉ុន្តែវាក៏បាននាំមកនូវផលប៉ះពាល់មួយចំនួនផងដែរ។

ការចាក់វ៉ាក់សាំងនឹងផ្តល់នូវសេរីភាព

ភាពជោគជ័យរបស់កម្ពុជាក្នុងការទប់ស្កាត់ វីរុសទម្រង់ Delta បានផ្តល់ក្តីសង្ឃឹមដល់ប្រទេសដទៃទៀតដែលកំពុងជួបប្រទះនឹងការលំបាកក្នុងការទប់ស្កាត់ការរីករាលដាល នៃវីរុសនេះ។

តើមានអ្វីដែល យើងអាចរៀនបានពីវិធីសាស្ត្រឆ្លើយតប ទៅនឹងវីរុសរាតត្បាតរបស់ព្រះរាជាណាចក្រនេះ?

  • ទី1 «ការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ពិតជាបានជួយសង្គ្រោះជីវិតមនុស្ស»។ ការសង្ស័យអំពីវ៉ាក់សាំងនៅក្នុងប្រទេសអ្នកមានបាននិងកំពុងធ្វើឱ្យមនុស្ស ជាច្រើនត្រូវស្លាប់បាត់បង់ជីវិត និងបានបន្តពន្យារពេលការយកឈ្នះលើវីរុសកូវីដ-១៩ ហើយការបិទព្រំដែននឹងមិនមានប្រសិទ្ធិភាពដូចគ្នាទៅនឹងការចាក់វ៉ាក់សាំងនោះទេដែល នេះគឺជាមេរៀនដ៏ឈឺចាប់មួយដែលអូស្ត្រាលីទទួលបាន។
  • ទី2 «ការចាក់វ៉ាក់សាំងបាននាំមកនូវលទ្ធផលជាវិជ្ជមាន ដែលធ្វើឱ្យបុគ្គលិកថែទាំសុខភាពអាចផ្តោតអារម្មណ៍បានល្អលើការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ»។
  • ទី3 «បញ្ហាសំខាន់គឺការពាក់ម៉ាស់និងការ លាងសម្អាតដៃដែល បានរួមចំណែកដល់ការជួយសង្គ្រោះសុខុមាលភាពនិងជីវភាពរស់នៅរបស់ប្រជាជន និងដែលអាចអនុញ្ញាតឱ្យម្ចាស់អាជីវកម្មបើកដំណើរការភោជនីយដ្ឋាន, បារ និងការដ្ឋានសំណង់ឡើងវិញ ហើយមនុស្សក៏អាចវិលចូលធ្វើការវិញបានផងដែរ»។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជានៅមិនទាន់រួច ផុតពីបញ្ហានៅឡើយទេ ខណៈដែលការកើនឡើងនូវករណីឆ្លងថ្មីៗ និងបញ្ហាប្រឈមជាបន្តបន្ទាប់ បានបន្តកើតមានដោយសារវីរុសកូវីដ-១៩ទម្រង់ថ្មីៗ។

ប៉ុន្តែភាពជោគជ័យនៃការចាក់វ៉ាក់សាំង របស់កម្ពុជានៅតែធ្វើឱ្យកម្ពុជាស្ថិតនៅលើទីតាំងដែលមានប្រៀបជាងបណ្តាប្រទេសជិតខាង។

ការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ នឹងមិនបញ្ចប់នៅក្នុងពេលឆាប់ៗនេះទេ។ ហេតុដូច្នេះហើយ យើងនឹងត្រូវប្រើប្រាស់រាល់គ្រប់បទពិសោធន៍ដែល យើងមានដើម្បីគ្រប់គ្រងលើវីរុសនេះឱ្យបាន៕

អត្ថបទទាក់ទង