ខ្មែរប៉ុស្ដិ៍ Close

អាគមនិងបាលីខ្មែរ ជាគ្រូដើម !!!តើមន្តអាគមខ្មែរ មានអ្វីខ្លះ?

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 266

-តើមន្តអាគមខ្មែរ មានអ្វីខ្លះ?

+មន្តអាគមខ្មែរ មានដូចជា៖
១-អាវតេជះ ឬអាវយ័ន្ត៖ ជាអាវដេរពីក្រណាត់ផាឌិបទេសឯក ឬជាតី មានគូរយ័ន្តគាថា បញ្ចុះអក្ខរ:ភាសាបាលី តាមព្រហ្មញ្ញសាសនា និងពុទ្ធសាសនា។
នៅលើតួអាវ ដែលកាត់វៀលក្លៀកនោះមិនសូវចោលអក្សរ ន ខ្វាក់ និងអក្ខរ: ន ម អ ឧ ឥ ស្វា សុ នោះឡើយអាវតេជះ ឬអាវយ័ន្ត គេមិនបោកទឹកទេបើកាន់ក្អែលឡើងខ្មៅរលើបគឺកាន់តែល្អ។

២-កន្សែងយ័ន្ត ៖ ជាកន្សែងផាឌិប ឬជាតី មានគូរយ័ន្តគាថា ដូចអាវតេជះដែរ ជួនកាលមានបញ្ចុះស្នាមបាទជើងមាតាបិតា ឬ ឧបជ្ឈាយាចារ្យ ដែលជាអ្នកមានគុណសម្រាប់បង់ជាប់នឹងក ជួតលើក្បាល។

៣-សាក់ខ្លួន៖ គេប្រើដែកចារជ្រលក់ជាតិហិង្គុល ឬខ្មៅដុសយកទៅសាក់ជាឣក្ខរៈ យ័ន្តគាថា លើទ្រូង, ខ្នង, ដៃ,ស្មា ជាប់ កាន់ជាប់ស្នាមរហូតអស់មួយជីវិត។

៤-កថា៖ គឺជាបន្ទះសំណ ប្រាក់ ស្ពាន់ ឬមាស មានចារយ័ន្តបាលីគាថា បញ្ចុះ ហើយដាស់ឲ្យពូកែស័ក្ដិសិទ្ធិ ។ កថា ត្រូវដោតក្រងជាខ្សែមួយ ខ្សែពីរ ឬខ្សែបីសម្រាប់ក្រវាត់ នៅចង្កេះក៏មាន សម្រាប់ពាក់នៅ ក ក៏មាន។

៥-អាព័ទ្ធ៖ ជាវេទមន្ត ដែលធ្វើឲ្យគង់ស្បែកកាប់មិនមុត ដុតមិនឆេះ។

៦-មហាសំកាំង៖ វេទមន្តសូត្រសែកឲ្យចេញផ្លេកបន្ទោរ ធ្វើឲ្យសត្រូវភាំងស្មារតី ឡប់សតិវង្វេងវង្វាន់។

៧-មន្តសណ្តំ៖ វេទមន្តសូត្រសែកឲ្យខ្មាំងសត្រូវដេកលក់។ចៅពញាភក្ដីសង្គ្រាមហុក ប្រើមន្តសណ្តំ ធ្វើឲ្យទ័ពយួនដេកលក់អស់ ដើម្បីចូលរំដោះព្រះវររាជមាតា របស់ ព្រះបាទជ័យជេដ្ឋា ទី៣ដែលយួនចាប់យកទៅបង្ខាំងក្នុងទូក នៅជ្រោយចង្វា។

៨-ធ្មប់៖ ជាវេទមន្តសូត្រសែកបាចឣង្ករ ចេញជាស្រាំង ឃ្មុំ ឪម៉ាល់ឬកួចស្មៅ ផ្លុំឲ្យកើតជាខ្លា ដំរី ដេញទិច ខាំ ព្រេច បច្ចាមិត្របាន។អ្នកចេះវិជ្ជាធ្មប់ផ្ដើមចេញពីការប្រើអំពើ ធ្វើអ្នកស្រុកឲ្យហើមពោះស្លាប់ក៏ក្លាយទៅជាគ្រូធ្មប់ ល្បីល្បាញ គេខ្លាចរឣា។ ព្រះបាទជាន់ជុំកែវព្រះភ្លើង ដែលចេះធ្មប់ ហ៊ានប្រកាសខ្លួនឯងជាស្ដេច គិតវាយដណ្តើមរាជបល្ល័ង្ក ដោយបានតាំងរាជវាំងនៅខេត្តតាកែវ។

៩-មហារំអិល ឬស្មិល៖ ជាវេទមន្តសូត្រសែកទៅ រអិលខ្លួនដូចលាបខ្លាញ់ ចាប់មិនជាប់ និងមានកម្លាំងខ្លាំងក្លា ដូចជាដំរីសារ។

១០-មេឃច្ឆាយ៖ ជាវិជ្ជាសម្លឹងមើលស្រមោលមេឃ ហើយទាយតាមចំណាំអាចដឹងថា ធ្វើសង្គ្រាមចាញ់ ឬឈ្នះ។ តេជោមាសចេះស្ទាត់សិល្ប៍វិជ្ជាយិតមេឃច្ឆាយនេះ ហើយបន្តបង្រៀនដល់តេជោយ៉តទៀត។

១១-បំបាំងកាយ ៖ ជាវេទមន្តសូត្រសែកទៅខ្មាំងមើលមិនឃើញ។

១២-កូនក្រក៖ កូនក្រក គឺជាទារកក្នុងផ្ទៃម្ដាយ ទើបបានបីខែ ទៅ៥ខែ ហើយត្រូវម្តាយយល់ព្រមប្រគល់ឲ្យ ដោយប្រើវិធីវះកាត់យក។ ទារកប៉ុនកដៃនោះ ត្រូវបានយកទៅឆ្អើរភ្លើងឲ្យក្រៀម ហើយរាយមន្តព័ទ្ធសីមា ឲ្យក្លាយជាកូនក្រក ដើម្បីឲ្យព្រលឹងទារកនោះ វិលវល់តាមជួយយកអាសាអ្នកដែលកាន់កូនក្រក។ ព្រលឹងកូនក្រកត្រូវការការថែរក្សា ថ្នាក់ថ្នម ពីឳពុក ឬម្តាយ។ អ្នកកាន់កូនក្រកបើថែរក្សាថ្នាក់ថ្នមកូនក្រកនោះបានល្អ នឹងត្រូវបានកូនក្រកស្រលាញ់តបវិញ ដោយតាមថែរក្សាអ្នកនោះ ២៤ ម៉ោង លើ២៤ ម៉ោង ៧ ថ្ងៃ ក្នុងមួយសប្តាហ៍ ហើយមានញាណអាចដឹងអ្វីៗមុន ព្រោះព្រលឹងកូនក្រកនោះទៅខ្សឹបប្រាប់។ ប៉ុន្តែប្រសិនបើអ្នកកាន់កូនក្រកមិនបានថែរក្សា ថ្នាក់ថ្នម ឬទុកកូនក្រកនោះចោល កូនក្រក នឹងធ្វើទុក្ខទោសដល់អ្នកនោះវិញ។

១៣-សក់ដាញ់៖ ជាសក់របស់មនុស្សស្រី ឬប្រុស ដែលកណ្ដាញ់ជាប់គ្នា ដូចសំបុកចាប។ សក់នេះ ច្រើនជារបស់រូបមេមត់ ឬមេស្មឹង ដោយម្ចាស់សក់ស្លាប់ ឬកាត់ឲ្យ។ខ្មែរជឿថាសក់ដាញ់នេះ មានឫទ្ធិបារមីពូកែមានខ្មោចអារក្សថែរក្សា។ មានកណ្ដាញ់ មួយប្រភេទទៀត កើតឡើងដោយកម្របំផុត នៅត្រង់រោមយោនីស្ត្រី។ កណ្ដាញ់រោមយោនីនេះពូកែណាស់។ មានរឿងដំណាលថា ប្រពន្ធរបស់ឥស្សរ:ពាក់សក្ដិបីម្នាក់ មានកណ្ដាញ់រោមយោនីនេះ
ពេលចេញច្បាំងនឹងទ័ពបារាំង លោកតែងនាំប្រពន្ធទៅជាមួយដើម្បីការពារខ្លួនគ្រប់គ្រាអាសន្ន។

១៤-អាថ័ន៖ ក្លាយមកពីឣថព្វ ឬឣថ័ព្វន៍ ជាឈ្មោះមន្តអាគមសម្រាប់សូត្រសែកហៅ ឬបណ្ដេញខ្មោចបិសាច។

១៥-ចែកាច់៖ ជាភ្លុកដំរីស្ត មិនធំប៉ុនភ្លុកទេ។ ចែដំរី ដែលវាចាក់កាច់ចោលជាប់នឹងដើមឈើរស់ ជាវត្ថុត្រជាក់ត្រជុំការពារជំងឺ គ្រប់ប្រភេទ។

១៦-ខ្នាយតាន់៖ ជាគ្រឿងអាវុធការពារខ្លួន របស់ជ្រូកព្រៃដែលវាកាច់ចោលនៅទីណាមួយ។ មតិខ្លះថា បើបាញ់យកបានទាំងរស់ រឹតតែពូកែ ជាងខ្នាយដែលរើសបានទៅទៀត។

១៧-កុយ៖ ជាកុយសត្វរមាស ជារបស់កម្រ ល្អបំផុតគឺកុយពុក។

១៨-គជ់៖ វត្ថុជាដុំមូលដូចពក មានសាច់រឹងដូចកែវ កើតមាននៅក្នុងសរីរាង្គកាយ ឬក្នុងក្បាលនៃសត្វទាំងឡាយដូចជា គជ់ខ្យង, គជ់គ្រំ, គជ់ដំរី, គជ់ក្រៀល។ ពូកែជាងគេ គឺគជ់ឃ្មុំ, គជ់ត្មាតភ្លើង កាសក្របី។

១៩-នាងពួន៖ វត្ថុជាដុំមូលដូចពក មានសាច់រឹងដូចកែវ កើតមាននៅក្នុងដើមឈើ។

២០-នប់៖ ជាស្នែងបន្តុបត្រមុលខ្លីហើយធំ របស់សត្វ ក្តាន់,រមាំង, ប្រើស។

២១- ផ្សេងទៀត…។

• មន្តអាគមខ្មែរទាំងអស់នេះ តែងតែដាក់ក្នុង(ទៃគ្រូ)កាន់ជាប់នឹងខ្លួន។ប្រសិនបើមិនចេញទៅណាទេ គេតែងតែតម្កល់ទុកលើហ៊ឹង ដុតទៀនធូបបូជា ជាប្រក្រតីរាល់ថ្ងៃសីល។

• ចំពោះត្រណមមន្តអាគម គឺអាស្រ័យលើគ្រូជាអ្នកកំណត់។ ករណីគ្រូមិនបាន ឬភ្លេចប្រាប់សិស្សអំពីត្រណមផ្សេងៗទេនោះ គឺចាត់ទុកថាសិស្សនោះ គ្មានត្រណមអ្វី ដែលនឹងខុសគ្រូទេ។

• ជាទូទៅ បុព្វបុរសខ្មែរ តែងរៀនរបៀន និងមានជំនឿលើមន្តអាគមទាំងនេះ ស្ទើរតែ ១០០ ភាគរយ ជាពិសេស គឺអង្គព្រះមហាក្សត្រនិងមេទ័ពធំៗ តែម្តងដែលគោរពជំនឿបែបនេះជាងគេ។ យោងតាមព្រះរាជពង្សាវតារវត្តទឹកវិល ឣ្នកដែលខ្លាំងពូកែខាងសិល្ប៍វេទមន្តនៅក្នុងប្រវត្តិសាស្ត្រខ្មែរ មានជាឣាទិ៍ តេជោ មាស, តេជោយ៉ត,ស្ដេចកន, ស្ដេចកែវព្រះភ្លើង, ព្រះរាមបាទី, ស្ដេចបាលីកងចក្រ,ស្ដេចសំរ៉ែ, ព្រះរាមទ្រាំង, បល្ល័ង្កពេជ្រ, បល្ល័ង្ករ័ត្ន, ភក្ដីសង្គ្រាមហុកជាដើម៕
• រូបខាងក្រោមនេះគ្រាន់តែជារូបភាពខ្លះៗ របស់មន្តអាគមខ្មែរ នឹង វត្ថុស័ក្តសិទ្ធិ តែប៉ុណ្ណោះ ។សូមជួយចែកចាយបន្ត ដើម្បីថែរក្សាមរតកអរូបីយ៍របស់ដូនតាយើង ៕៚

សូមអភ័យទោស ចំពោះកាចំលងអត្ថបទមន្តអាគមខ្មែរ By Serey Sey Kh(ក្នុងគោលបំណងចែករំលែក)
ដោយ មន្តអាគមខ្មែរ
By Serey Sey Kh