ក្រសួងទេសចរណ៍ ចេញសេចក្ដីណែនាំស្តីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក
ក្នុងគោលបំណងជួយសម្រួលដល់មូលដ្ឋានអាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ដែលត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ និងដើម្បីចូលរួមបង្ការ និងរក្សាបាននូវសុវត្ថិភាពទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបុគ្គលិកបម្រើការ និងស្របពេលដែលរាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការជាតិចាក់វ៉ាក់សំាងកូវីដ-១៩ និងជំរុញផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទាំងអស់ប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍បានដាក់ចេញនូវ «វិធានសុវត្ថិភាពសម្រាប់អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក» ដោយភ្ជាប់នូវលក្ខខណ្ឌនៃការអនុវត្តមួយចំនួន ឆ្លើយតបទៅនឹងគន្លងប្រក្រតីភាពថ្មី និងស្ថានភាពនាពេលបច្ចុប្បន្ន។
ការបើកដំណើរការអាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែកឡើងវិញនេះនឹងចូលរួមចំណែកផ្តល់ឱកាសការងារដល់បុគ្គលិកនយោជិត និងរួមចំណែកទ្រទ្រង់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលរៀនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងថ្មី។
ក្នុងន័យនេះ ក្រសួងទេសចរណ៍បានណែនាំដល់ម្ចាស់អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែកទាំងអស់ ត្រូវយកចិត្តទុកដាក់រៀបចំការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវខ្លឹមសារប្រកាសលេខ១១៣ ប្រក ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ដូចខាងក្រោម៖
១៖ ត្រូវរៀបចំផែនការកែតម្រូវសម្បទាអាជីវកម្មរបស់ខ្លួនឱ្យស្របនឹងលក្ខខណ្ឌតម្រូវ និងចំណុចណែនាំទាំងឡាយដូចមានកំណត់ក្នុងខ្លឹមសារប្រកាសលេខ១១៣ ប្រក ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ត្រូវចាត់ទុកលក្ខខណ្ឌទាំងនោះជាគោលការណ៍ណែនាំចម្បងសម្រាប់ការអនុវត្តក្នុងដំណាក់កាលនេះ និងត្រូវអនុវត្តឱ្យបានហ្មត់ចត់ និងប្រកបដោយស្មារតីទទួលខុសត្រូវ។
២៖ អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ត្រូវរៀបចំឱ្យមានផែនការសកម្មភាពច្បាស់លាស់ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងត្រូវមានស្មារតីភ្ញាក់រលឹក គិតគូរអំពីបញ្ហាសុវត្ថិភាពភ្ញៀវ សុវត្ថិភាពបុគ្គលិក និងសុវត្ថិភាពសង្គមជាតិជាអាទិភាពចំពោះមុខ ដោយធ្វើការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែកក្នុងបរិបថ (គន្លងប្រក្រតីភាពថ្មី)។
៣៖ អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ត្រូវរៀបចំឱ្យមានការបណ្ដុះបណ្ដាលបុគ្គលិកជាប្រចាំ អំពីខ្លឹមសារវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងបណ្តុះបណ្តាលស្តីពីបដិសណ្ឋារកិច្ចល្អ ការពង្រឹងគុណភាពសេវាកម្ម ការបម្រើសេវាកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ។
៤៖ អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយ ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងត្រូវរៀបចំឱ្យមានការបណ្តុះបណ្តាលស្តីពីវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែកឱ្យបានជាប្រចាំ។
៥៖ អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយនានា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសគាំទ្រដល់គោលនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងសកម្មភាពជាក់ស្តែង ដោយជំរុញឱ្យបុគ្គលិកទាំងអស់រួមទាំងក្រុមគ្រួសាររបស់ពួកគាត់ទៅទទួលយកការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ឱ្យបានគ្រប់គ្នា និងឱ្យបានគ្រប់ចំនួនដូសតាមការកំណត់របស់ក្រសួងសុខាភិបាល។
៦៖ អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ត្រូវអនុវត្តនិងប្រើប្រាស់ឱ្យបានត្រឹមត្រូវនូវគ្រប់ប្រព័ន្ធបច្ចេកវិទ្យាដែលបានដាក់ឱ្យអនុវត្តកន្លងមកដោយរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន ការស្កេន QR Code ទប់ស្កាត់កូវីដ-១៩ និងប្រព័ន្ធ Telegram BOT គ្រប់គ្រងទិន្នន័យភ្ញៀវក្នុងឧស្សាហកម្មទេសចរណ៍ជាដើម៕
ខាងក្រោមនេះជាសេចក្ដីណែនាំស្តីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក៖