ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញប្រារព្ឋពិធីទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៨ ក្រោមប្រធានបទ៖ “ទេសចរណ៍ និងនិន្នាការផ្លាស់ប្តូរទៅរក ប្រព័ន្ធឌីជីថល”

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 51
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញប្រារព្ឋពិធីទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៨ ក្រោមប្រធានបទ៖ “ទេសចរណ៍ និងនិន្នាការផ្លាស់ប្តូរទៅរក ប្រព័ន្ធឌីជីថល” រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញប្រារព្ឋពិធីទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៨ ក្រោមប្រធានបទ៖ “ទេសចរណ៍ និងនិន្នាការផ្លាស់ប្តូរទៅរក ប្រព័ន្ធឌីជីថល”

នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០១៨ ត្រូវបានប្រារព្ធឡើងនៅខេត្តព្រះសីហនុ ក្រោមប្រធានបទ៖ “ទេសចរណ៍ និងនិន្នាការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល”។ ពិធីនេះត្រូវបាន ប្រារព្ឋទ្បើង ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅសណ្ឋាគារព្រីនស៍ ថែម ខេត្តព្រះសីហនុ ដែលជាខេត្តមានសក្តានុពលយ៉ាងធំធេង ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចលើគ្រប់វិស័យ។

ជាមួយគ្នានេះដែរ ខេត្តព្រះសីហនុ ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុក និងប្រកាសប្រែក្លាយ ខេត្តព្រះសីហនុទៅជា “តំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង” ស្របតាមគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជាឆ្នាំ ២០១៥-២០២៥ ។ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗ ទទួល បាន ២,៣៧៣ ដុល្លា អាមេរិក ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ច ៧.៩% និងកាត់បន្ថយអត្រាភាពក្រីក្រចុះមកត្រឹម ១១.៧២%។

វិស័យទេសចរណ៍ខេត្តព្រះសីហនុ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ និងជំរុញវិស័យសេដ្ឋកិច្ច ឱ្យកាន់តែមានភាពរីកចម្រើន ឈានឡើងជាលំដាប់។ ដោយឡែកចំពោះសេវាកម្មសម្បទាទេសចរណ៍វិញ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ទាំងសណ្ឋាគារកំរិតជាតិ និងកំរិតអន្តជាតិ ដែលបច្ចុប្បន្ននេះ ខេត្តមានមូលដ្ឋានអាជីវកម្មសរុប ចំនួន៨៧០ទីតាំង កើនឡើង៨៣ទីតាំង ស្មើនឹង ១០.៥៥% បើប្រៀប ធៀបនឹង ៩ខែ ក្នុងឆ្នាំ២០១៧ ខេត្តមានសណ្ឋាគារត្រឹមតែចំនួន ៨៨ ផ្ទះសំណាក់ចំនួន ៣១១ បឹងហ្គាឡូ ១០ ភោជនីយដ្ឋាន និងអាហារដ្ឋាន ២៩១ និងបណ្តាមូលដ្ឋានអាជីវកម្មផ្សេងៗទៀតជាច្រើនកន្លែង។

ជាមួយភាពរីកចម្រើននៃវិស័យទេសចរណ៍នេះ រដ្ឋបាលខេត្ត ក៏បានកំពុង យកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការសំអាតបរិស្ថាន។ ជាពិសេស បានចូលរួមអនុវត្តនូវយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍”កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ” ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ ចូលរួម ចលនាប្រឡងប្រណាំង” ឆ្នេរខ្សាច់កម្សាន្តស្អាត និងទស្សនទាន “ទេស ចរណ៍បៃតង”។

ព្រមជាមួយនេះគ្នានេះដែរ រដ្ឋបាលខេត្ត នឹងបន្តខិតខំប្រឹងប្រែងបង្កើត រមណីយដ្ឋានថ្មីៗ កែលម្អឆ្នេរខ្សាច់កម្សាន្ត កែលម្អសោភ័ណភាពទីក្រុង ដាំដើមឈើក្នុងទីក្រុង និងបង្កើតសកម្មភាពទេសចរណ៍ដទៃៗទៀត ឱ្យកាន់តែមានភាពទាក់ទាញសម្រាប់បំពេញតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនា និងសំរាកលំហែរ នៅខេត្តព្រះសីហនុ។
លើសពីនេះ រដ្ឋបាលខេត្ត ក៏នៅតែជួបនូវបញ្ហាប្រឈមធំៗមួយចំនួន ដូចជា បញ្ហាសំណល់រឹង(សំរាម) សំណល់រាវហូរចូលសមុទ្រ និងបញ្ហាផ្លូវដែល កំពុងរងការខូចខាតជាដើម។

លោក យន្ត មីន បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ បានត្រូវការការគាំទ្របន្ថែមទៀតពីរដ្ឋាភិបាលព្រោះបញ្ហាអស់នេះ ត្រូវ ការធនធានហិរញ្ញវត្ថុធំធេងពេក។ តែយ៉ាងណា លោក យន្ត មីន បង្ហាញ ជំហរថានឹងខិតខំអោយអស់ពីលទ្ធភាពដើម្បីធ្វើអោយខេត្តព្រះសីហនុ កាន់តែមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិថែមទៀត៕

អត្ថបទទាក់ទង