សម្តេចតេជោ ហ៊ុន សែន ព្រមានចំពោះអ្នកវិភាគនិងអ្នកធ្វើអត្ថាធិប្បាយល្ងង់ខ្លៅមួយចំនួនថា កុំលើកយកកិច្ចព្រមព្រៀងសន្តិភាពក្រុងបារីសមកដាក់សម្ពាធលើកម្ពុជា
សម្តេចតេជោ ហ៊ុន សែន បានព្រមានចំពោះអ្នកវិភាគ និងអ្នកធ្វើអត្ថាធិប្បាយល្ងង់ខ្លៅមួយចំនួនថា កុំលើកយកកិច្ចព្រមព្រៀងសន្តិភាពក្រុងបារីសមកដាក់សម្ពាធលើកម្ពុជា នៅពេលដែលកម្ពុជានឹងក្លាយជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខឱ្យសោះ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សូមអ្នកវិភាគនិងអ្នកអត្ថាធិប្បាយខ្លះនោះកុំប្រមាថចោទប្រកាន់ថា ស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាលថាបានរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសក្នុងការប្តូររដ្ឋធម្មនុញ្ញពី២ភាគ៣មក៥០+១ ឱ្យសោះ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «វាជាការបំភ្លៃខាងផ្លូវច្បាប់ដែលស្ថាប័នមានសមត្ថកិច្ចត្រូវតែចាត់វិធានការច្បាប់។ កុំតាំងខ្លួនជាត្រីបកលើក្តារអុកអាស៊ានឱ្យសោះ។ ទោះបីជាត្រូវចំណាយសេះឬទូកក៏ត្រូវតែប្តូរដែរត្រូវស៊ីត្រីបកចោល បើចង់ដឹងសាកមើលត្រពាំងផ្លុង។ គេមិនអាចយកសិទ្ធិអំណាចរបស់អាស៊ានមកលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ»៕