ខ្មែរប៉ុស្ដិ៍ Close

ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់ការអង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២០

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 67
ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់ការអង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២០ ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់ការអង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២០

នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក​ ឆាយ​ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់ការអង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកស្រី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ​ លោក Antonio Schiavone តំណាងអង្គការស្បៀង​ និងកសិកម្ម (FAO)ប្រចាំកម្ពុជា​ លោក Benjamin Lamberet អ្នកជំនាញការអង្គការស្បៀងនិងកសិកម្ម (FAO) ព្រមទាំងសិក្ខាកាមជាគ្រូបង្គោលដែលអញ្ជើញមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីនៃក្រសួងផែនការ អញ្ជើញចូលរួម។

ថ្លែងក្នុងពិធីបើកវគ្គ លោក​ ឆាយ​ ថន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងក្នុងការអនុវត្តការងារអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២១ ពីសំណាក់អង្គការស្បៀងនិងកសិកម្ម(FAO) នៃសហប្រជាជាតិ​ មូលនិធិម៊ីលីដាបៀលហ្គេត​ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឈន៍(USAID) និងដៃគូអភិវឌ្ឍដទៃទៀតក្រោមកិច្ចសហ-ប្រតិបត្តិការគាំទ្រ ផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានអនុវត្តការងារអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ២០១៩ ដែលបានប្រជុំផ្សព្វផ្សាយជូនអ្នកប្រើប្រាស់ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក ដោយសម្រេចបានលទ្ធផលជោគជ័យ ទទួលបាននូវប្រភពទិន្នន័យដែលមានគុណភាព ប្រសិទ្ធភាព-ខ្ពស់ និងការវិភាគរបាយការណ៍លទ្ធផលទិន្នន័យអង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២០ សម្រាប់ផ្សព្វផ្សាយជូនអ្នកប្រើប្រាស់នាពេលដ៏ខ្លីខាងមុខបន្ថែមទៀត។ ទន្ទឹមនេះដែរ យើងនៅតែមានការរអាក់រអួលមួយរយៈពេល ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលនាំឱ្យមានការពន្យាពេល នៃការអនុវត្តការងារអង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២១។ ទោះបីជាយ៉ាងណា យើងនៅតែខិតខំប្រឹងប្រែងទាំងអស់គ្នា ដោយបានសហការល្អជាមួយដៃគូអភិវឌ្ឍអង្គការស្បៀង​ និងកសិកម្ម(FAO) និងដៃគូអភិវឌ្ឍដទៃទៀត ដើម្បីអនុវត្តការងារអង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់ សម្រាប់បំពេញសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យកសិកម្ម ចូលរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាពប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរទ្បើងថែមទៀត ជាពិសេសសេដ្ឋកិច្ចគ្រួសារកសិកម្ម និងការអភិវឌ្ឍប្រទេសជាតិ។

លោក​ ឆាយ​ ថន បានមានប្រសាសន៍បន្តថា ផ្អែកលើស្មារតីនៃកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនិងអង្គការស្បៀងនិងកសិកម្ម(FAO)នៃសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ដទៃទៀត តាមរយៈកិច្ចព្រមព្រៀងចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ កម្ពុជានឹងអនុវត្តកម្មវិធីការងារអង្កេតកសិកម្មកម្ពុជា សម្រាប់ឆ្នាំ២០១៩ ដល់ ឆ្នាំ២០២២។ ទន្ទឹមនេះដែរ ភាគីដៃគូអភិវឌ្ឍគឺកាន់តែមានការចាប់អារម្មណ៍ច្រើន ពីដៃគូអភិវឌ្ឍ ទិន្នន័យកសិកម្ម ៥០ x ២០៣០ ក្នុងការគាំទ្រកម្មវិធីអនុវត្តអង្កេតកសិកម្មនៅកម្ពុជា ដូចជាធនាគារពិភពលោក (The World Bank) មូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍកសិកម្ម (IFAD) អង្គការស្បៀងនិងកសិកម្ម (FAO), USAID ដែលបានចូលរួមគាំទ្របន្តអនុវត្តសកម្មភាពការងារអង្កេតកសិកម្មនេះ ចាប់ពីឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៦។

លោក បានបញ្ជាក់ថា ដោយមានអ្នកជំនាញការពីអង្គការ FAO គឺលោក Benjamin Lamberet និងមន្រ្តីសម្របសម្រួលកម្មវិធីដែលមានបទពិសោធន៍លើការងារអង្កេតកសិកម្ម និងប្រើប្រាស់កម្មវិធីអង្កេត តាមម៉ាស៊ីន Tablet និងមន្រ្តី ជាសិក្ខាកាម ជាគ្រូបង្គោល និងមន្រ្តីជំនាញផ្នែកទិន្នន័យស្ថិតិ ពីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាក្រសួងសាមីជំនាញវិស័យកសិកម្ម ខ្ញុំសង្ឈឹមយ៉ាងមុតម៉ាំថា សិក្ខាកាមជាគ្រូបង្គោលទាំងអស់ ដែលបានទទួលការបណ្តុះបណ្តាលនៅវគ្គនេះ នឹងចូលរួមត្រងត្រាប់ដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការសិក្សា ដើម្បីអាចបង្ហាត់បង្រៀនបន្ត ផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ ឱ្យដល់មន្រ្តីសម្ភាសន៍នៅទូទាំង២៥រាជធានី ខេត្ត សម្រាប់ចុះអនុវត្តជាក់ស្តែង លើការងារសម្ភាសន៍ស្រង់ទិន្នន័យកសិកម្មនៅកម្ពុជា ឱ្យមានប្រសិទ្ធភាព និងគុណភាពទិន្នន័យកាន់តែល្អប្រសើរទ្បើង៕

អត្ថបទទាក់ទង