ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវនាវដល់វិស័យឯកជនចិន ចូលរួមវិនិយោគឱ្យបានពេញលេញលើគ្រប់ខ្សែច្រវាក់ផលិតកម្ម កែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 61
រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវនាវដល់វិស័យឯកជនចិន ចូលរួមវិនិយោគឱ្យបានពេញលេញលើគ្រប់ខ្សែច្រវាក់ផលិតកម្ម កែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវនាវដល់វិស័យឯកជនចិន ចូលរួមវិនិយោគឱ្យបានពេញលេញលើគ្រប់ខ្សែច្រវាក់ផលិតកម្ម កែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវ នាវដល់វិស័យឯកជនចិនចូលរួមវិនិយោគឱ្យបានពេញ លេញលើគ្រប់ខ្សែច្រវាក់ផលិតកម្ម កែច្នៃ និងហេដ្ឋា រចនាសម្ព័ន្ធគាំទ្រ ធ្វើយ៉ាង ណាច្បាមយកកាលានុវត្តភាព ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិត កម្មកសិកម្ម ហើយសង្ឃឹមថា កសិផលកម្ពុជា នឹងមាន ឱកាសបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរ លើស្តង់ដារគុណ ភាព សុវត្ថិភាព និងការប្រកួតប្រជែង ។

ការអំពាវនាវបែបនេះ របស់លោក វេង សាខុន បានធ្វើឡើងនាឱកាសដែលលោកបានអនុញ្ញាតឱ្យនាយកក្រុមហ៊ុន ហ័រឡុងតូជឺជីទួន (ខេមបូឌា) ឯ.ក និងសហការីចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគលើវិស័យកសិកម្ម និងបង្កើតវិទ្យាស្ថានស្រាវជ្រាវដំណាំត្រូពិច នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម លោករដ្ឋមន្ត្រីបានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រតិភូ និងគាំទ្រចំពោះកម្មវត្ថុវិនិយោគលើវិស័យកសិកម្ម ស្របពេលដែលវិស័យមួយនេះ បាននិងកំពុងត្រូវការអភិវឌ្ឍលើអនុវិស័យសំខាន់ៗ មួយចំនួនដូចជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការងារស្រាវជ្រាវ និងការកែច្នៃកសិផល។ល។ ឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ លើសពីនេះ វិស័យកែច្នៃកសិផលនឹងត្រូវបានលើកកម្ពស់ មានតម្លៃផ្នែកសេដ្ឋកិច្ច ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជាពិសេសស្រូបយកពលកម្មក្នុងស្រុក និងបង្កើនប្រាក់ចំ ណូល។ល។

នាឱកាសនោះ លោកនាយកក្រុមហ៊ុន បានលើកឡើងថា កសិកម្មកម្ពុជាមានសក្តានុពល ប៉ុន្តែបញ្ហានៅត្រង់ថាមិនទាន់បានប្រើបច្ចេកវិទ្យាដើម្បីបង្កើនផលិតភាពផលិត កម្ម ការងារស្រាវជ្រាវ និងកែច្នៃ ហេតុដូច្នេះហើយក្រុមហ៊ុនបានអញ្ជើញវិទ្យាស្ថានសំខាន់ៗចំនួនបី មកធ្វើការសិក្សាស្រាវជ្រាវទាក់ទងដំណាំឈើហូបផ្លែតំបន់ត្រូពិច ដែលវិទ្យាស្ថានទាំងបីនោះគឺ៖ ១- វិទ្យាស្ថានស្រាវជ្រាវដំណាំអនុតំបន់ត្រូ ពិចខាងត្បូង ២- វិទ្យាស្ថានស្រាវជ្រាវ និងកែច្នៃផលិត ផលកសិកម្ម និងទី៣- Chinese Academy of Tropical Agricultural Science។ ចំពោះករណីនេះ លោកនាយកក្រុមហ៊ុនបានស្នើក្រសួងជួយពិនិត្យពិចារណាទីតាំងដីសម្រាប់ធ្វើការរៀបចំសាងសង់វិទ្យាស្ថាន។ លោកបញ្ជាក់បន្ថែមថា ក្រោយពេលស្ថានភាពជំងឺឆ្លងកូវីដ-១៩ បានល្អប្រសើរ ដំណើរការសកម្មភាពវិនិយោគនឹងចាប់ផ្តើមជាជំហានៗតាមផែនការដែលបានគ្រោងទុក ហើយក្រុមហ៊ុនក៏បានសុំការណែនាំពីលោករដ្ឋមន្រ្តីផងដែរ ទាក់ទងនឹងគម្រោងវិនិយោគនេះ។

បន្ទាប់ពីបានទទួលព័ត៌មានដោយសង្ខេបពីលោកនាយកក្រុមហ៊ុនរួចមក លោករដ្ឋមន្ត្រី បានសំដែងនូវកិច្ចស្វាគមន៍ និងគាំទ្រចំពោះកម្មវត្ថុវិនិយោគលើវិស័យកសិកម្មរបស់ក្រុមហ៊ុននាពេលអនាគត ។ លោកដ្ឋមន្ត្រីសន្យាថា នឹងផ្តល់កិច្ចសហការដោយមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការរបស់ក្រសួងជាស្ថាប័នអនុវត្តផ្ទាល់ ធ្វើយ៉ាង ណាឱ្យគម្រោងវិនិយោគ និងការបង្កើតវិទ្យាស្ថានស្រាវជ្រាវវិស័យកសិកម្មចម្រុះ ដោយឡែកដំណាំត្រូពិច និងការកែច្នៃកសិផលទទួលបានជោគជ័យ ដែលទាមទារចាំបាច់ត្រូវប្រើបច្ចេកវិទ្យា និងធនធានមនុស្ស ហើយពិតណាស់កិច្ចការនេះក៏ចាំបាច់ត្រូវមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធមន្រ្តីជំនាញទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ជាពិសេសប្រជាកសិករ ធ្វើយ៉ាងណាឱ្យពួកគេអាចទទួលយកបច្ចេកវិទ្យា សមស្របយកទៅអនុវត្តទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល។

លោកបានស្នើឱ្យក្រុមហ៊ុនសហការរៀបចំឯកសារពាក់ព័ន្ធ ជាមួយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអគ្គនាយកដ្ឋានកសិកម្ម មុនឈានទៅធ្វើការចុះហត្ថលេខាអនុស្សរណ:នៃការយោគយល់គ្នា៕