ខ្មែរប៉ុស្ដិ៍ Close

កសិករខេត្តសៀមរាបជ្រើសរើសការដាំដំណាំកសិកម្មតាមបែបប្រព័ន្ធដំណក់ទឹក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 35
កសិករខេត្តសៀមរាបជ្រើសរើសការដាំដំណាំកសិកម្មតាមបែបប្រព័ន្ធដំណក់ទឹក កសិករខេត្តសៀមរាបជ្រើសរើសការដាំដំណាំកសិកម្មតាមបែបប្រព័ន្ធដំណក់ទឹក

កសិករក្នុងខេត្តសៀមរាបជ្រើសរើសការដាំដំណាំកសិកម្មតាមបែបប្រព័ន្ធដំណក់ទឹកអាចរកប្រាក់ចំណូលបានគួរសម តាមរយៈដំណាំរីកលូតលាស់ល្អ ទទួលបានទិន្នផលច្រើនហើយលក់បានតម្លៃថ្លៃ។

ទោះបីស្ថិតក្នុងវិបត្តិសាកលនៃជំងឺកូវីដ-១៩ ប្រជាកសិករនៅខេត្តសៀមរាបនៅតែបន្តសកម្មភាពដាំដំណាំកសិកម្ម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ស្របទៅនឹងយន្តការ​ជំរុញលើកទឹកចិត្ត​​ពីសំណាក់ក្រសួងកសិកម្ម។ជាក់ស្តែងកសិករភាគច្រើនរស់នៅក្នុងស្រុកជីក្រែងនៃខេត្តសៀមរាបកំពុងប្រមូលផលដំណាំត្រសក់ស្រូវទុំ ដើម្បីលក់ទៅកាន់ទីផ្សារ ដោយអនុវត្តការងារ​ដំាដុះ​តាមបែបទំនើប។

លោកទា ចក់ អាយុ៤១ឆ្នាំ រស់នៅភូមិតាព្រហ្ម ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប បានប្រាប់អ្នក យកព័ត៌មានវិទ្យុជាតិកម្ពុជាថាលោកចាប់ផ្តើមប្រកបមុខរបរដាំបន្លែលក់ បន្តពីឪពុកម្តាយមកជាយូរយាណាស់មកហើយ ដោយដំបូងឡើយការដាំដុះជាលក្ខណៈធម្មជាតិបែបបុរាណ មិនមានបច្ចេកទេសអ្វីឡើយ ប៉ុន្តែដោយសង្កេតឃើញថា​​បច្ចេកវិទ្យាចេះ​តែមានភាពជឿនលឿន ការដំាដុះដំណាំកសិកម្មក៏មានភាពវិវឌ្ឍនរីកចម្រើនឥតឈប់ឈរ ទើបលោកសម្រេចចិត្តសាកល្បងជ្រើសរើសការដាំដុះតាមបែបប្រព័ន្ធដំណក់ទឹក រហូតទទួលបានជោគជ័យដូចសព្វថ្ងៃ។

លោកបន្តថា ការដាំដុះដំណាំតាមបែបវិទ្យាសាស្ត្រ មានភាពងាយស្រួល ឆាប់ទទួលបានទិន្នផល មិនប៉ះពាល់ដល់ដំណាំ និងទទួលបានទិន្នផលខ្ពស់ជាការដាំដុះតាមបែបបុរាណ។

លោកបន្តថា បច្ចុប្បន្ននេះលោកកំពុងដាំដុះដំណាំមួយចំនួនមានដូចជា៖ល្ពៅ ត្រសក់ទុំ នឹងបន្តរៀបចំការដាំត្រសក់ទ្រើងបន្ថែមទៀត ខណៈដែលដំណំានេះមានតម្រូវការទីផ្សារស្រាប់។

សំឡេង៖ មានបន្លែល្ពៅ ត្រសក់ទុំ ត្រសក់ទ្រើងទើបរៀបរោងទេ គេចូលមកយកដល់ផ្ទះ កាលទីផ្សារដើរល្អ ដល់ឥឡូវទីផ្សារមិនល្អគេយកតែបន្តិចៗទេ និយាយទៅបានជាង១០ម៉ឺនរៀលដែរ ក្នុងមួយថ្ងៃ និយាយរួមការដាំដូចជាមិនមានជួបបញ្ហាអ្វីទេ ព្រោះខ្ញុំដាំយូរណាស់ហើយ បើបញ្ហាតែខាងទីផ្សារទេ។ខ្ញុំដាំខាងប្រព័ន្ធដំណក់ទឹក វាខុសគ្នាត្រង់យើងដាំតាមប្រព័ន្ធដំណក់ទឹក ងាយស្រួលស្មៅយើងយកតែតាមគល់បន្តិចទេ វាអត់ប៉ះពាល់ដល់ដំណាំច្រើន បើយើងដាំទម្លាប់បុរាណ ស្មៅក៏ច្រើន ដំណាំអត់សូវល្អ ទិន្នផលបានខ្ពស់ជាងយើងដាំតាមទម្លាប់បុរាណ។

គួរជម្រាបផងដែរថា ត្រសក់ស្រូវជាប្រភេទដំណាំមួយ ដែលត្រូវបានគេនិយមចូលចិត្តបរិភោគទាំងផ្លែខ្ចី និងផ្លែទុំ ដោយមានផលប្រយោជន៍ច្រើនចំពោះសុខភាព និងមានតម្រូវការទីផ្សារខ្ពស់ ដែលប្រជាកសិករចូលចិត្តដាំដុះ ដើម្បីលក់ទៅកាន់ទីផ្សារ រកប្រាក់ចំណូលផ្គងផ្គង់ជីវភាពគ្រួសារ៕

អត្ថបទទាក់ទង