ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តពោធិ៍សាត់ ទទួលអំណោយសប្បុរសធម៌ ពីស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចែកជូនពលរដ្ឋក្រីក្រខ្វះខាត ក្នុងអំឡុងការរីករាលដាលជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 23
អភិបាលខេត្តពោធិ៍សាត់ ទទួលអំណោយសប្បុរសធម៌ ពីស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចែកជូនពលរដ្ឋក្រីក្រខ្វះខាត ក្នុងអំឡុងការរីករាលដាលជំងឺកូវីដ-១៩ អភិបាលខេត្តពោធិ៍សាត់ ទទួលអំណោយសប្បុរសធម៌ ពីស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចែកជូនពលរដ្ឋក្រីក្រខ្វះខាត ក្នុងអំឡុងការរីករាលដាលជំងឺកូវីដ-១៩

ពោធិ៍សាត់៖ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ នៅវេទិកាក្នុងសាលាខេត្ត លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តមួយចំនួន បានទទួលអំណោយសប្បុរសធម៌ ជាអង្ករចំនួន១០តោន ពីស្ថាប័នស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីទុកចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាត ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩។

មានប្រសាសន៍ក្នុងឱកាសនោះលោក ជាវ តាយ បានលើកបញ្ជាក់ថា បញ្ហាការឆ្លងរីករាលដាលជំងឺកូវីដ-១៩ គឺជាបញ្ហាសកល ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអាយុជីវិតប្រជាជន និងសេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្ននៅតាមបណ្ដាប្រទេសក្នុងពិភពលោក បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ ជំងឺដ៏កាចសាហាវនេះ។​ សម្រាប់កម្ពុជាយើង ប្រមុខរាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ជាប្រមុខដឹកនាំ តែងតែបានយកចិត្តទុកដាក់ ជំរុញដាក់ចេញនូវវិធានការនានា ដើម្បីអនុវត្តន៍ ក្នុងការបង្ការទប់ស្កាត់ជំងឺនេះ ពិសេសការជម្រុញចាក់វ៉ាក់សាំងជូនប្រជាជន តាមគោលការណ៍ស្ម័គ្រចិត្ត មិនបង់ថ្លៃ និងមិនរើសអើង សំដៅផ្ដល់ភាពសាំក្នុងសហគមន៍ ដើម្បីដំណើរការបើកប្រទេស និងជំរុញការស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ។

ក្នុងនាមរដ្ឋបាលខេត្ត លោកអភិបាលក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្ថាប័នស្នងការដ្ឋាននគរបាលខេត្ត ដែលជាម្ចាស់អំណោយ​ និងបានចាត់ទុកអំណោយទាំងអស់នេះ ពិតជាសំខាន់ក្នុងស្មារតី និងកាយវិការមនុស្សធម៌ដ៏ប្រពៃ ដើម្បីរួចចំណែកជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

ក្នុងដដែលនោះលោក ជាវ តាយ ក៏បានដឹកនាំអភិបាលរងខេត្ត មន្ទីរជំនាញ និងអភិបាលក្រុងស្រុក ចូលរួមក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងវិធានការការពារ ក្នុងការប្រារព្ធពិធីបុណ្យសព សម្រាប់អ្នកជំងឺកូវីដ-១៩ ដើម្បីការពារមិនឱ្យចម្លងដល់គ្រួសារសព និងអ្នកចូលរួមពិធី តាមរយៈប្រព័ន្ធនិម្មិត Zoom នៅសាលប្រជុំ Video Conference ផងដែរ៕

អត្ថបទទាក់ទង