ខ្មែរប៉ុស្ដិ៍ Close

ស្ពានដែកបាឡេក្រាលឈើ ១ខ្សែ ប្រវែង២៤ម៉ែត្រ ស្ថិតក្នុងឃុំភ្នំត្បែងមួយ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 28
ស្ពានដែកបាឡេក្រាលឈើ ១ខ្សែ ប្រវែង២៤ម៉ែត្រ ស្ថិតក្នុងឃុំភ្នំត្បែងមួយ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានដែកបាឡេក្រាលឈើ ១ខ្សែ ប្រវែង២៤ម៉ែត្រ ស្ថិតក្នុងឃុំភ្នំត្បែងមួយ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ស្ពានដែកបាឡេ ១ខ្សែ ដែលមានប្រវែង២៤ម៉ែត្រ ក្រាលឈើ ឆ្លងអូរតានុប ដែលតភ្ជាប់ភូមិចំនួន២ គឺភូមិក្បាលខ្លា និងភូមិក្រពើប្រាំ ស្ថិតក្នុងឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មីខេត្តព្រះវិហារ ដែលបានសាងសង់រួចហើយ ត្រូវបានសម្ភោធនិងកាត់ខ្សែបូ ដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកសង្គមថ្មី និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីដែលជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំង៣ ប្រធាន អនុប្រធានមន្ទីរបណ្តាអង្គភាពនានាចំណុះឲ្យរដ្ឋបាលខេត្តព្រះវិហារ និងលោកអភិបាលស្រុក និងអាជ្ញាធរដែនដីផងដែរ។

លោក មាស សុភា បានលើកឡើងថា ស្ពានដែកបាឡេដែលសម្ភោធ និងកាត់ខ្សែបូដាក់ឲ្យបងប្អូនប្រជាពលរដ្ឋក្នុងឃុំភ្នំត្បែងមួយប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាស្ពានទី២ហើយដែលប្រជាពលរដ្ឋក្នុងស្រុកសង្គមថ្មីទទួលបាន និងប្រើប្រាស់ក្នុងការដឹកកសិផលឆ្លងកាត់នោះ។

លោកបានបន្តទៀតថា ស្ពានថ្នល់វាជាសរសៃឈាមដ៏មានសារសំខាន់បំផុតដែលបម្រើការឲ្យសេដ្ឋកិច្ចជាចម្បង គឺមានផ្លូវ មាន ស្ពាន មានក្តីសង្ឃឹមដ៏ធំបំផុតឈានទៅកាត់បន្ថយបាននូវភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋនៅតាមជនបទ។ លោកសង្កត់ធ្ងន់ថា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចតេជោហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតែងតែយកអាទិភាពផ្លូវថ្លល់និងស្ពានចាត់ទុកជាសរសៃឈាមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិសព្វថ្ងៃនេះ។

ជាមួយគ្នានោះដែរ បើតាមការបញ្ជាក់ពីលោក សំ លាងទ្រី បានលើកឡើងថាស្ពានដែកបាឡេក្រាលឈើដែលមានបណ្តោយ ២៤ម៉ែត្រ និងទទឹង ៤.២០ម៉ែត្រ ដែលសម្ភោធដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់នាពេលនេះ គឺគ្រោងដែកស្ពានបាឡេខាងលើ ឧបត្ថម្ភដោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនឹងដឹកជញ្ជូន ដោយឡែកសសរ និងកម្រាល ដែលជាឈើក្រាលស្ពានវិញ ឧបត្ថមដោយលោក មាស សុភា និងលោក ប្រាក់ សុវណ្ណ ដោយឡែកចំពោះកម្លាំងពលកម្មនិងក្រុមបច្ចេកទេសដែលសាងសង់ស្ពាននេះ ជាកម្លាំងរបស់មន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តព្រះវិហារ បូករួមនិងកម្លាំងមន្ត្រីនគរបាលប៉ុស្តរដ្ឋបាលឃុំភ្នំត្បែងមួយនេះផងដែរ។

លោក សំ លាងទ្រី បានបញ្ជាក់បន្ថែមទៀតថា ចំពោះស្ពាន១ខ្សែខាងលើនេះគឺសាងសង់ដោយមិនបានប្រើប្រាស់ថវិកាជាតិនោះឡើយ។

ជាចុងក្រោយលោក ជុំ ពួយ អភិបាលនៃគណៈអភិបាលស្រុកសង្គមថ្មី ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ ក៏ដូចប្រធានក្រុមការងាររាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត ដែលបានជួយសាងសង់ស្ពាន ១ខ្សែថ្មីបន្ថែមទៀតនាពេលនេះជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកសង្គមថ្មីសម្រាប់ប្រើប្រាស់ជាសាធារណ ហើយលោកអភិបាលស្រុកក៏បានលើកឡើងថានេះជាស្ពានទី២ហើយដែលប្រជាពលរដ្ឋក្នុងស្រុកសង្គមថ្មីទទួលបានពីថ្នាក់ដឹកនាំសាងសង់ជូនដល់ពួកគាត់នោះ៕

ប្រភព៖ វិទ្យុជាតិកម្ពុជា

អត្ថបទទាក់ទង