ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា ដែលបញ្ចប់អាណត្តិ និងអនុព័ន្ធយោធាថ្មី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកវរនាវីឯក Ivan Stadchenko អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជាជួបសំដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសសកម្មការងារ និងអមដោយវត្តមានរបស់លោកវរនាវីឯក Vitaly Luchshev អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា ដែលទទួលការតែងតាំងថ្មី ដើម្បីណែនាំខ្លួន និងពិភាក្សាការងារ។
ក្នុងជំនួបនេះ អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីដែលបញ្ចប់អាណត្តិ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ដែលតែងបានជួយគាំទ្រ និងបង្កលក្ខណៈដល់ការបំពេញបេសកកម្មការទូតយោធារបស់លោកទទួលបានជោគជ័យ ជាពិសេសការសម្របសម្រួលផ្តល់លទ្ធភាពលើកិច្ចសហការនានាជាមួយបណ្តាស្ថាប័ន-កងឯកភាព ចំណុះកងទ័ពជើងគោក។
ទន្ទឹមគ្នានេះ លោកក៏បានសម្តែងនូវការគោរពកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពស្របទៅតាមដំណាក់កាលវិវត្តនៃសភាពការណ៍ និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់កងទ័ពជើងគោកនៅក្នុងកិច្ចការដ៏មានសារៈសំខាន់ចាំបាច់ចំពោះមុខនេះ។
ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះលោកវរនាវីឯក Ivan Stadchenko ដែលបានខិតខំប្រឹងប្រែងបំពេញបេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យក្នុងអាណត្តិការងារកន្លងមក ដោយសម្រេចបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ និងពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរឹតចំណងមិត្តភាព និងទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការល្អរវាងយោធា និងយោធា។
ឯកឧត្តម ក៏បានយកឱកាសនេះសម្តែងនូវការអរគុណចំពោះប្រទេសរុស្ស៊ី ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកសាងស្តា និងអភិវឌ្ឍប្រទេសកម្ពុជាក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ១៩៨០ ជាពិសេសជំនួយលើការអភិវឌ្ឍធនធានមនុស្សទាំងក្នុងស្ថាប័នស៊ីវិល និងយោធា ហើយដែលជំនួយក្នុងវិស័យនេះ ក៏បានបន្តមកដល់សព្វថ្ងៃនេះផងដែរ។
លោកវរនាវីឯក Vitaly Luchshev អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីថ្មីប្រចាំនៅកម្ពុជា បានសម្តែងនូវការរីករាយ ដែលបានទទួលការតែងតាំងឱ្យមកបំពេញការងារនៅកម្ពុជា និងបានជម្រាបជូនថា ជាមួយនឹងបទពិសោធន៍ដែលលោកមានជាច្រើនឆ្នាំនៅក្នុងតំបន់អាស៊ាន លោកនឹងខិតខំប្រឹងប្រែងសម្របសម្រួលបន្តអនុវត្តទិសដៅកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ជាចុងក្រោយ ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានផ្តាំផ្ញើនូវការថ្លែងអំណរគុណចំពោះ ឯកឧត្តម Vladimir Putin ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ដែលកាលពីខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ដែលបានផ្តល់នូវគ្រឿងឥស្សរិយយស “ថ្នាក់មិត្តភាព-Order of Friendship” ជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសក៍ដ៏ឆ្នើមក្នុងការជំរុញ និងពូនជ្រំទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន៕
ប្រភព៖ AKP