ខ្មែរប៉ុស្ដិ៍ Close

មេរៀនពីប្រទេសកម្ពុជារបស់លោក ហ៊ុន សែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 209
មេរៀនពីប្រទេសកម្ពុជារបស់លោក ហ៊ុន សែន មេរៀនពីប្រទេសកម្ពុជារបស់លោក ហ៊ុន សែន

«កំណត់សំគាល់ :
អត្ថបទនេះសរសេរដោយលោក Kavi Chongkittavorn ដែលជាអ្នក​កាសែត​ជើង​ចាស់​ស្តី​ពី​កិច្ចការ​តំបន់»

ប្រសិនបើអ្នកជំនាញនិងអ្នកប្រាជ្ញផ្នែកទំនាក់ទំនងអន្តរជាតិចង់សិក្សាពីវិធីសាស្ត្រការទូតរបស់រដ្ឋតូចមួយ នៅចំពោះមុខទិដ្ឋភាពភូមិសាស្ត្រនយោបាយដែលពោរពេញទៅដោយការផ្លាស់ប្តូរ ពួកគេគួរតែសិក្សាអំពីករណីរបស់កម្ពុជា។ ជាមួយនិងនាយករដ្ឋមន្ត្រីថ្មី គឺលោក ហ៊ុន ម៉ាណែត សំណួរដ៏សំខាន់នៅពេលនេះគឺ «តើលោកនឹងអាចបន្តនយោបាយពហុប៉ូលរបស់ឪពុកលោកបានដែរឬទេ?»

ថ្វីត្បិតតែជាប្រទេសមួយក្នុងចំណោមប្រទេសចុងក្រោយបង្អស់ ដែលបានចូលរួមជាសមាជិកអាស៊ាន កម្ពុជាបាននិងកំពុងចូលរួមនៅក្នុងល្បែងដ៏ធំមួយ នៅពេលនិយាយដល់ភូមិសាស្ត្រនយោបាយដែលជាល្បែងមួយដែល លោក ហ៊ុន សែន បានដើរយ៉ាងស្ទាត់ជំនាញ។

លោក ឈាង វណ្ណរិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៉ី បាននិយាយថា «គោលនយោបាយការបរទេសរបស់កម្ពុជា បានឆ្លុះបញ្ចាំងអំពីទស្សនៈពិភពលោករបស់លោក ហ៊ុន សែន ដែលមិនបានទទួលរងឥទ្ធិពលពីមហាអំណាច (ដូចជាចិន ឬអាមេរិក) និង/ឬ ការប្រកួតប្រជែងរវាងមហាអំណាច។ ក្នុងនាមជាប្រទេសតូចមួយនិងកំពុងអភិវឌ្ឍ កម្ពុជាក៏ដូចជាសមាជិកដទៃទៀតនៃតំបន់ Global South នឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការចូលរួមផ្នែកការទូតជាមួយគ្រប់មជ្ឈដ្ឋាន»។

អ្នកប្រាជ្ញម្នាក់ទៀត គឺលោក ពូ សុធារៈ បាននិយាយថា «ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ កម្ពុជាត្រូវដោះស្រាយបញ្ហាស្ថិរភាពនៅក្នុងស្រុក ដែលបានបង្ខំឱ្យលោក ហ៊ុន សែន ចាត់វិធានការចាំបាច់មួយចំនួនដើម្បីលុបបំបាត់ការមិនពេញចិត្តរបស់សាធារណជន និងដើម្បីចៀសវាងការបង្កផលប៉ះពាល់ដល់ផលប្រយោជន៍របស់សម្ព័ន្ធមិត្ត»។

ជាក់ស្តែង បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣ ដែលបានបញ្ចប់សង្រ្គាមនៅវៀតណាម ប្រទេសកម្ពុជាបានឆ្លងកាត់ភាពចលាចលជាបន្តបន្ទាប់ទាំងក្នុងនិងក្រៅប្រទេស។ ដោយសារភាពប្រាកដនិយម និងភាពប៉ិនប្រសប់ លោក ហ៊ុន សែន អាចបន្តដឹកនាំប្រទេស និងអាចឆ្លងកាត់បរិយាកាសដែលប្រទេសអរិភាពតែងចង់ផ្តាច់ខ្លួន និងដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា។

នៅក្រោមការដឹកនាំរបស់លោក ប្រទេសកម្ពុជាបានផ្លាស់ប្តូរសម្ព័ន្ធភាពជាមួយមហាអំណាចជាច្រើនដង ក្នុងគោលបំណងរក្សាផលប្រយោជន៍ជាតិ។ ដោយសារការប្ដេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិក្នុងការស្តារប្រទេសដែលបែកបាក់ដោយសារសង្រ្គាមនៅក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ១៩៩១ កម្ពុជាអាចងើបឈរឡើងវិញបានដោយខ្លួនឯង។

បន្ទាប់ពីបានចូលជាសមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៩ កម្ពុជាត្រូវបានទទួលឱ្យចូលរួមនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ ២០០៤។ ឥឡូវនេះកម្ពុជាបានធ្វើសមាហរណកម្មបន្តិចម្តងៗទៅក្នុងសេដ្ឋកិច្ចតំបន់ និងក្នុងសហគមន៍អន្តរជាតិ។ ក្នុងចំណោមមេដឹកនាំអាស៊ាន លោក ហ៊ុន សែន ត្រូវបានគេស្គាល់ថាជា «អ្នកចូលចិត្តនិយាយត្រង់ៗ ចំៗ នៅក្នុងកិច្ចប្រជុំពាក់ព័ន្ធរបស់អាស៊ាន»។

ការសម្រេចចិត្តរបស់លោកក្នុងការគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន មិនត្រឹមតែធ្វើឱ្យបងប្អូនជនរួមជាតិ, អាស៊ាន និងឥណ្ឌូចិន ភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កការភ្ញាក់ផ្អើលដល់រុស្ស៊ីផងដែរ ខណៈដែលសហភាពសូវៀតធ្លាប់បានផ្តល់ជំនួយអភិវឌ្ឍដ៏សប្បុរសដល់កម្ពុជានៅពេលកន្លងមក។ ប៉ុន្តែអ្នកដែលស្គាល់លោក ហ៊ុន សែន ច្បាស់ជាបាន ដឹងថា «រាល់ការសម្រេចចិត្តផ្នែកការទូតរបស់លោក តែងមានជាប់ទាក់ទងនឹងការរស់រានមានជីវិត និងការរក្សផលប្រយោជន៍របស់ជាតិ»។

នេះជាមូលហេតុដែលធ្វើឱ្យការទស្សន៍ទាយថា «លោកនឹងធ្វើអ្វីបន្ទាប់» ក្លាយជារឿងដ៏ពិបាក។ ប៉ុន្តែនៅពេលខាងមុខ គោលនយោបាយការបរទេសរបស់កម្ពុជានឹងបន្តផ្តោតលើប្រទេសដែលមានឥទ្ធិពលបំផុតចំពោះសន្តិសុខសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួន ដែលនោះគឺ «ចិន និងវៀតណាម»។ ប្រទេសទាំងពីរបានបន្តមានឥទ្ធិពលលើជំហរការទូតរបស់កម្ពុជា ដោយសារភាពជិតស្និទ្ធនៃភូមិសាស្ត្រ និងមនោគមវិជ្ជា។

ចិននិងវៀតណាមក៏មានការយល់ឃើញស្រដៀងគ្នាផងដែរចំពោះកម្ពុជាដែលត្រូវបានចាត់ទុកជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ និងជាបងប្អូនដ៏សំខាន់។ អាស្រ័យហេតុនេះ ប្រទេសទាំងពីរត្រូវស្តារឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា។ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន កម្ពុជាអាចរក្សាតុល្យភាពទំនាក់ទំនងរបស់ខ្លួនជាមួយចិននិងវៀតណាមបានយ៉ាងល្អ។

កូនប្រុសរបស់លោកសង្ឃឹមថា នឹងបន្តកេរដំណែលនេះ បូករួមនឹងការកសាងទំនាក់ទំនងថ្មីជាមួយលោកខាងលិច ជាពិសេសអាមេរិកនិងអឺរ៉ុប ដែលបានងាកចេញពីកម្ពុជាដោយសារកំណត់ត្រាសិទ្ធិមនុស្សនិងអភិបាលកិច្ច។ ប្រទេសថៃនឹងក្លាយជាប្រទេសអាទិភាពទី៣ របស់កម្ពុជា បន្ទាប់ពីចិននិងវៀតណាម ដោយសារទំនាក់ទំនងវប្បធម៌និងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។

រយៈពេល ៩ឆ្នាំចុងក្រោយនេះ អាចត្រូវបានចាត់ទុកថាជា «ដំណាក់កាលមាសនៃទំនាក់ទំនងកម្ពុជា-ថៃ» ដោយសារតែអវត្តមាននៃការប៉ះទង្គិចគ្នានៅតាមព្រំដែន និងជម្លោះការទូតដែលធ្លាប់បានកើតឡើងនៅដើមទសវត្សរ៍ឆ្នាំ ២០០០។ ជាងនេះទៅទៀត លោក ហ៊ុន ម៉ាណែត ត្រូវបានគេដឹងថាមានមិត្តភ័ក្តិជាច្រើននៅក្នុងប្រទេសថៃ ដែលមួយចំនួនមានឥទ្ធិពលខ្លាំងលើឆាកនយោបាយ។

បញ្ហាដែលអាចបង្កផលប៉ះពាល់ដល់កេរដំណែលរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា គឺ«ការចរចាដែលកំពុងដំណើរការជុំវិញប្លុកប្រេងនិងឧស្ម័នដែលស្ថិតនៅឈូងសមុទ្រថៃ»។ ប្រសិនបើលោកអាចបញ្ចប់ការជាប់គាំងនៅក្នុងការចរចាជុំវិញការអភិវឌ្ឍរួមគ្នានៃប្លុកនេះ កម្ពុជានឹងទទួលបានកម្លាំងជំរុញដ៏ធំទាក់ទងនឹងការផលិតថាមពល និងការអភិវឌ្ឍសេដ្ឋកិច្ចទាំងមូល។

អាទិភាពបន្ទាប់របស់កម្ពុជាគឺអាស៊ាន ដោយសារប្លុកនេះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធ្វើសមាហរណកម្មកម្ពុជាជាមួយសហគមន៍តំបន់ និងអន្តរជាតិ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហ៊ុន ម៉ាណែត បានត្រៀមលក្ខណៈរួចរាល់ហើយ ដោយក្នុងនោះ លោក ហ៊ុន សែន ធ្លាប់បានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកចុងក្រោយនៅទីក្រុង Labuan Bajo ប្រទេសឥណ្ឌូណេស៊ីថា «កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាកិច្ចប្រជុំលើកចុងក្រោយរបស់លោក»។

ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន កម្ពុជាបានប្រើប្រាស់ប្លុកក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព ដើម្បីការពារប្រទេសពីការគំរាមកំហែង ទន្ទឹមនឹងការលើកកម្ពស់អធិបតេយ្យភាពរបស់កម្ពុជា។ និន្នាការនេះនឹងបន្តស្ថិតនៅក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ដែលត្រូវបានរំពឹងថានឹងបន្តជំរុញតួនាទីរបស់កម្ពុជានៅក្នុងអាស៊ាន ជាពិសេសនៅផ្នែកសន្តិសុខ និងការទូតសេដ្ឋកិច្ច។

កម្ពុជាក្រោមការដឹកនាំរបស់លោកហ៊ុន សែន ក៏បានបង្ហាញចំណាប់អារម្មណ៍លើបញ្ហាពិភពលោកជាច្រើនផងដែរ ទាក់ទងនឹងសន្តិភាពនិងសន្តិសុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការលុបបំបាត់ភាពក្រីក្រ និងគ្រឿងញៀន។ ក្នុងនាមជាប្រជាជាតិមួយ កម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើនពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ដែលដឹកនាំដោយអាស៊ានវនិងកតិកាសញ្ញាពាណិជ្ជកម្មសេរីផ្សេងទៀត។

កម្ពុជាក៏ទទួលបានអត្ថប្រយោជន៍ផងដែរពីគំនិតផ្តួចផ្តើមស្តីពីសមាហរណកម្មអាស៊ានវដែលបានជួយបង្រួមគម្លាតអភិវឌ្ឍនៅក្នុងចំណោមសមាជិកអាស៊ាន។វបើនិយាយដល់បញ្ហាសន្តិសុខ កម្ពុជាបានដឹងយ៉ាងច្បាស់ថា «អាស៊ានមិនគួរស្ថិតនៅក្រោមឥទ្ធិពលរបស់ប្រទេសតែមួយនោះទេ»។វលោក ហ៊ុន ម៉ាណែត នឹងបន្តវិធីសាស្រ្តរបស់ឪពុករបស់លោក ក្នុងការការពារនិងការចូលរួមឡើងវិញជាមួយមហាអំណាច នៅពេលដែលផលប្រយោជន៍ជាតិកំពុងស្ថិតក្នុងហានិភ័យ។

មុនពេលនិយាយដល់ទំនាក់ទំនងរបស់កម្ពុជាជាមួយលោកខាងលិច ទំនាក់ទំនងរបស់កម្ពុជាជាមួយជប៉ុន គួរទទួលបានការកត់សម្គាល់។ នៅមុនឆ្នាំ ២០០០ គ្មានប្រទេសណាមួយផ្តល់ជំនួយអភិវឌ្ឍទ្រង់ទ្រាយធំដល់កម្ពុជាទេ។ ដូច្នេះ ជប៉ុនបានកាន់កាប់កន្លែងពិសេសមួយនៅក្នុងយុទ្ធសាស្ត្រការទូតរបស់កម្ពុជា ហើយនេះអាចជាមូលហេតុដែលជប៉ុនបានក្លាយជាប្រទេសដំបូងគេដែលកម្ពុជាបានអញ្ជើញឱ្យទៅពិនិត្យមូលដ្ឋានទ័ពជើងទឹករាម។

លោក ហ៊ុន ម៉ាណែត ក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន និងបានជួបជាមួយមេដឹកនាំជប៉ុនបច្ចុប្បន្នផងដែរ បូករួមទាំងលោកនាយករដ្ឋមន្ត្រី Fumio Kyshida។ លោកនឹងចូលរួមជាមួយមេដឹកនាំអាស៊ានផ្សេងទៀត នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ជប៉ុន ដើម្បីរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុននៅដើមខែធ្នូនៅទីក្រុងតូក្យូ។

«បញ្ហាប្រឈមដ៏ធំបំផុតរបស់លោក ហ៊ុន ម៉ាណែត គឺការគ្រប់គ្រងទំនាក់ទំនងរបស់កម្ពុជាជាមួយលោកខាងលិច ជាពិសេសអាមេរិក និងអឺរ៉ុបខាងលិច»។ លោកខាងលិចបានបន្តរិះគន់របៀបធ្វើការរបស់លោក ហ៊ុន សែន ក៏ប៉ុន្តែលោក ហ៊ុន ម៉ាណែត អាចនឹងត្រួសត្រាយផ្លូវឡើងវិញសម្រាប់ខ្លួនលោក។ ជាក់ស្តែង អាមេរិកគួរតែជាអាទិភាពកំពូលរបស់លោក ហ៊ុន ម៉ាណែត។

ការពិតដែលថា «លោកបានទទួលការអប់រំនៅលោកខាងលិច» ពិតជាអាចជួយពង្រឹងរូបភាពរបស់លោក ក៏ប៉ុន្តែសកម្មភាពរបស់លោកនៅពេលអនាគតនឹងនៅតែមានសារៈសំខាន់ខ្លាំងជាង។ ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងញូវយ៉កដើម្បីចូលរួមនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅខែកញ្ញា នឹងក្លាយជាឱកាសដ៏ល្អមួយ ដើម្បីណែនាំខ្លួនលោកទៅកាន់សហគមន៍ពិភពលោក និងដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះសន្តិភាពនិងស្ថិរភាពពិភពលោក និងឆន្ទៈក្នុងការចូលរួមនៅក្នុងបញ្ហាពិភពលោកសំខាន់ៗ។

ខណៈពេលដែលស្ថិតនៅទីក្រុងញូវយ៉ក លោកក៏គ្រោងនឹងរៀបចំកិច្ចប្រជុំទ្វេភាគីជាច្រើនផងដែរ ជាមួយសមាជិកនៃអង្គការសហប្រជាជាតិ ដែលអាចផ្តល់ឱ្យលោកនូវឱកាសបន្ថែមទៀតក្នុងការណែនាំខ្លួន។ ការយកបានចិត្តនិងបេះដូងរបស់តំបន់អឺរ៉ុបមិនមែនជារឿងងាយស្រួលនោះទេ ដោយសារតែបញ្ហាដែលអូសបន្លាយជាយូរមកហើយពាក់ព័ន្ធនឹងពាណិជ្ជកម្ម, ការងារ និងសិទ្ធិមនុស្ស។

អឺរ៉ុបថែមទាំងបានដាក់ទណ្ឌកម្មលើកម្ពុជាទៀតផង។ ការបើកចំហរកម្ពុជា និងការបង្កើនទំនុកចិត្តលើបញ្ហាសិទ្ធិ និងនយោបាយរបស់កម្ពុជា នឹងត្រូវការពេលវេលាមួយរយៈ។ ខណៈពេលដែលឪពុករបស់លោកនឹងបន្តមានឥទ្ធិពលដ៏ធំធេងនៅពីក្រោយឆាក វិធានការដ៏ម៉ឺងម៉ាត់ណាមួយដែលអាចឈានទៅរកការអនុញ្ញាតឱ្យមានការបញ្ចេញសំឡេងប្រឆាំងនៅក្រៅប្រទេស អាចនឹងមិនកើតមាននោះទេនៅពេលអនាគត។

«លោក ហ៊ុន សែន ប្រៀបដូចជាអ្នកបើកយន្តហោះដ៏ជំនាញ» ដោយក្នុងនោះ លោកបានស្វែងយល់ដឹងអំពីពេលវេលាដ៏ល្អបំផុតដើម្បីចាកចេញ។ លោក ហ៊ុន ម៉ាណែត បានឡើងកាន់តំណែងនៅក្នុងពេលវេលាដ៏សមស្រប ហើយឪពុករបស់លោកនឹងនៅតែសកម្មនៅពីក្រោយឆាកដើម្បីធានាថា «កម្ពុជានឹងបន្តឈរ និងដើរលើផ្លូវរបស់ខ្លួនសម្រាប់ស្វ័យភាពយុទ្ធសាស្ត្រដែលរកមកបានយ៉ាងលំបាក»៕

Bangkok Post

អត្ថបទទាក់ទង