ខ្មែរប៉ុស្ដិ៍ Close

បេសកកម្មជាប្រវត្តិសាស្ត្រ លើកទី១ របស់នាយករដ្ឋមន្ត្រីវ័យក្មេងកម្ពុជា លើឆាកអន្តរជាតិ បង្ហាញនូវទេពកោសលការទូតដ៏ប៉ិនប្រសប់និងលេចធ្លោរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 68
បេសកកម្មជាប្រវត្តិសាស្ត្រ លើកទី១ របស់នាយករដ្ឋមន្ត្រីវ័យក្មេងកម្ពុជា លើឆាកអន្តរជាតិ បង្ហាញនូវទេពកោសលការទូតដ៏ប៉ិនប្រសប់និងលេចធ្លោរ បេសកកម្មជាប្រវត្តិសាស្ត្រ លើកទី១ របស់នាយករដ្ឋមន្ត្រីវ័យក្មេងកម្ពុជា លើឆាកអន្តរជាតិ បង្ហាញនូវទេពកោសលការទូតដ៏ប៉ិនប្រសប់និងលេចធ្លោរ

ក្នុងដំណើរដ៏ស្វាហាប់ ទឹកមុខញញឹមស្រស់ កាយវិការប្រកបដោយភាពជឿជាក់ និងម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីវ័យក្មេងកម្ពុជា និងអមដំណើរជាមួយការកាន់ដៃយ៉ាងស្អិតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាឧត្តមភរិយា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាជាច្រើនរូប ទៅកាន់សាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ គឺជាបេសកកម្មជាប្រវត្តិសាស្ត្រលើកដំបូង របស់សម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ ហើយនេះក៏ជាព្រឹត្តិការណ៍ក៏សំខាន់មួយផងដែរ ដែលបាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ អ្នកតាមដានស្ថានការណ៍នយោបាយជាតិ និងអន្តរជាតិ ទាំងក្នុងនិងក្រៅប្រទេស។

បន្ទាប់ពីបានទៅដល់រដ្ឋធានី ហ្សាកាតា ភ្លាម នៅរសៀលថ្ងៃដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាប់ផ្តើមជួបជាមួយឥស្សរជនជាន់ខ្ពស់សំខាន់ៗជាបន្តបន្ទាប់ ទាំងទ្វេភាគី និងពហុភាគី ព្រមទាំងបានចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធសំខាន់ៗ ក្នុងក្របខណ្ឌអាស៊ាន និងពិភពលោកផងដែរ។

គេសង្កេតឃើញថា ប្រមុខដឹកនាំវ័យក្មេងរបស់កម្ពុជា ទទួលបានការស្វាគមន៍ដ៏កក់ក្តៅ ពីសំណាក់ឥស្សរជនជាន់ខ្ពស់ ទាំងតំណាងអាស៊ាន គឺឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដែលត្រូវបានគេស្គាល់ថា ជាជនជាតិខ្មែរដំបូងបង្អស់ដែលមានឱកាសកាន់តំណែងជាអគ្គលេខាធិការអាស៊ាន និងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ម្ចាស់ផ្ទះ គឺប្រធានាធិបតីឥណ្ឌូនេស៊ី ឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ព្រមទាំងបណ្តាមេដឹកនាំប្រទេសតំបន់អាស៊ាន និងពិភពលោកជាច្រើនរូប។

ក្នុងនាមពលរដ្ឋកម្ពុជា យើងពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះសម្តេចធិបតី និងឥស្សរជនជាន់ខ្ពស់កម្ពុជា ហើយក៏មានមោទនភាពផងដែរ ចំពោះប្រទេសជាតិរបស់យើង ដែលកំពុងតែមានឈ្មោះ បោះសម្លេង និងត្រូវបានទទួលស្គាល់កាន់តែខ្លាំងឡើងៗទាំងកម្រិតតំបន់ និងអន្តរជាតិ។ វត្តមានរបស់ប្រមុខដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅចូលរួមប្រជុំកំពូលអាស៊ាន គឺមិនបានទៅដោយដៃទទេរនោះឡើយ សម្តេចបានទៅជាមួយនឹងការប្តេជ្ញាចិត្តដ៏ខ្ពស់បំផុត ក្នុងការប្រឹងប្រែងដោយទឹកចិត្តមោះមុត ជឿជាក់ និងរុលទៅមុខជានិច្ច ដើម្បីសម្រេចគោលដៅលើកកិត្តិយសជាតិលើឆាកអន្តរជាតិ និងតំបន់ មានន័យថា សម្តេចធិបតី ហ៊ុន ម៉ាណែត ខិតខំបំពេញភារកិច្ចរបស់ខ្លួនជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្នុងជំហានវិជ្ជមាន នៃដំណើរឆ្ពោះទៅរកភាពរីកចម្រើន និងធ្វើឱ្យកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងភាពស្មើមុខស្មើមាត់ជាមួយនឹងបណ្តាប្រទេសនានា។

យោងតាមសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជូនសារសំខាន់ៗ ទៅកាន់ពិភពលោក ដើម្បីបញ្ជាក់ឡើងវិញអំពីជំហរដ៏រឹងមាំរបស់កម្ពុជាលើឆាកអន្តរជាតិ ក្នុងគ្រាដែលពិភពលោកកំពុងតានតឹង និងនៅក្នុងបរិបទតំបន់មួយដែលប្រកបដោយគ្រោះថ្នាក់ ពោលគឺការប្រកួតប្រជែងគ្នារវាងបណ្តាប្រទេសមហាអំណាច នៅអាស៊ីប៉ាស៊ីហ្វិក សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជាគឺស្រលាញ់សន្តិភាព។ សម្តេចបានគូសបញ្ជាក់ថា សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានឡើយ ហើយសន្តិភាពអាចកើតឡើងបាន លុះត្រាតែមានការស្រុះស្រួលគ្នាដោយសន្តិវិធី និងកិច្ចសន្ទនា ក្រោមស្មារតីនៃនយោបាយឈ្នះ-ឈ្នះ។

ជាការពិត កម្ពុជា ធ្លាប់បានហែលឆ្លងរួចមកហើយ នូវបទពិសោធន៍ដ៏ជូរចត់ក្នុងភ្លើងសង្គ្រាម កម្ពុជាស្ទើរតែរលាយបាត់រូបរាងទាំងស្រុង និងស្ទើរតែមិនមានឈ្មោះក្នុងពិភពលោកទៅហើយ ដោយសារតែសង្គ្រាមរ៉ាំរ៉ៃ និងអូសបន្លាយពេលពីមួយជំនាន់ទៅមួយជំនាន់។ ការស្វែងរកសន្តិភាពឃើញ និងការថែរក្សាសន្តិភាពឱ្យបានគង់វង្សរយៈពេលយូរអង្វែង គឺជារឿងដែលចាំបាច់បំផុតដែលកម្ពុជាបានមើលឃើញ តាមរយៈបទពិសោធន៍ខ្លួនឯងផ្ទាល់តែម្តង។ ពិតណាស់ថា យើងគ្រប់ៗគ្នា គឺមិនអាចនិយាយអំពីសិទ្ធិសេរីភាពបានទេ នៅពេលដែលយើងកំពុងស្ថិតក្នុងសង្គ្រាម យើងក៏មិនអាចស្រមើស្រមៃឃើញដល់ការអភិវឌ្ឍបានដែរ ប្រសិនបើយើងកំពុងរងគ្រោះក្នុងភ្នក់ភ្លើងសង្គ្រាម ហើយសន្តិភាពនេះ ក៏មិនអាចកាត់ផ្តាច់ចេញបានដែរនូវការលះបង់ ពលិកម្មដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព និងការឯកភាពជាតិ ដែលបានត្រួសត្រាយក្នុងដំណើរស្វែងរកសន្តិភាពដ៏លំបាកបំផុត ទម្រាំកម្ពុជា ធានាបាននូវភាពសុខដុមរមនា និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។

ហេតុនេះ ក្នុងឋានៈជាអ្នកបន្តវេនកាន់ចង្កូតនាវាកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី ដែលកំពុងតែឈរលើឆាកអន្តរជាតិ តំណាងប្រជាជនកម្ពុជាទូទាំងប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត មានបំណងប្រាថ្នាដ៏ពិសិដ្ឋបំផុត គឺចង់បានការអភិវឌ្ឍរបស់អាស៊ាន ដែលបច្ចុប្បន្នអាស៊ានគឺជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី៥ ដែលត្រូវតែពង្រឹង តាមរយៈការបន្តសមាហរណកម្មតំបន់ និងតាមរយៈការពង្រីកសមាហរណកម្មទៅក្រៅតំបន់ ទាំងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាមេដឹកនាំដែលមានវ័យក្មេងជាងគេក្នុងចំណោម មេដឹកនាំដែលចូលរួមប្រជុំកំពូលអាស៊ានលើកទី៤៣ នៅរដ្ឋធានីហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ហើយសម្តេចនឹងមានជំនួបទ្វេភាគី និងពហុភាគី ជាមួយមេដឹកនាំប្រទេសសំខាន់ៗជាច្រើនដូចជា ឥណ្ឌូនេស៊ី វៀតណាម ឡាវ ម៉ាឡេស៊ី សឹង្ហបុរី ហ្វឋិលីពីន ចិន កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី នូវែលហ្សេឡង់ ។ល។

ប្រជាពលរដ្ឋកម្ពុជាកំពុងតែទន្ទឹងរង់ចាំ និងសង្ឃឹមយ៉ាងមុតមាំថា សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែតនិងគណៈប្រតិភូកម្ពុជា នឹងនាំមកកាន់មាតុប្រទេសវិញ នូវលទ្ធផលនៃបេសកកម្មជាប្រវត្តិសាស្ត្រនេះ ប្រកបដោយជោគជ័យ និងសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កា ដ៏ច្រើនសម្រាប់បម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕

អត្ថបទទាក់ទង