ជំនួយគ្រឿងបរិក្ខារពេទ្យរបស់កម្ពុជា ត្រូវបានប្រគល់ជូនមីយ៉ាន់ម៉ា រួចហើយនាព្រឹកនេះ
នៅព្រឹកទី១៩ ខែសីហា ឆ្នាំ២០២១នេះ នៅអាកាសយានដ្ឋានអន្តរជាតិ ណៃពិដោ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់គ្រឿងបរិក្ខារពេទ្យដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩។
គ្រឿងបរិក្ខារដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឧបត្ថម្ភទៅមីយ៉ាន់ម៉ានេះ រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០គ្រឿង។
ក្រៅពីការផ្តល់ជាជំនួយបរិក្ខារពេទ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឧបត្ថម្ភថវិកាប្រមាណ ២០ម៉ឺនដុល្លារ ជូនប្រទេសមីយ៉ាន់ម៉ាផងដែរ។
គួរជម្រាបថា នាពេលកន្លងទៅ កម្ពុជា ក៏បានផ្តល់ថវិកាប្រមាណ ១០ម៉ឺនដុល្លារ តាមរយៈសហគមន៍អាស៊ាន ជូនមីយ៉ាន់ម៉ាផងដែរ។
ក្នុងលិខិតផ្ញើជូននាយឧត្តមសេនីយ៍ មីង អោងឡាំង មេដឹកនាំមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តែងការជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ កម្ពុជា និងមីយ៉ាន់ម៉ា នឹងយកឈ្នះលើជំងឺរាតត្បាតសកលកូវីដ-១៩ទាំងស្រុង៕