ខ្មែរប៉ុស្ដិ៍ Close

អ.វ.ត.ក បើកសវនាការលើបណ្តឹងសាទុក្ខរបស់ ខៀវ សំផន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 36
អ.វ.ត.ក បើកសវនាការលើបណ្តឹងសាទុក្ខរបស់ ខៀវ សំផន អ.វ.ត.ក បើកសវនាការលើបណ្តឹងសាទុក្ខរបស់ ខៀវ សំផន

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក បានបើកសវនាការលើបណ្តឹងសាទុក្ខរបស់ ខៀវ សំផន ដើម្បីពិចារណាលើអង្គហេតុ និងទឡ្ហីករណ៍ ក្រោយពីមេដឹកនាំរបបខ្មែរក្រហមរូបនេះ បដិសេធចំពោះការសម្រេចនូវសាលក្រមកាលពីឆ្នាំ២០១៨ ដែលផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

សវនាការនៅព្រឹកថ្ងៃទី១៦ ខែសីហា នេះ មានវត្តមានរបស់ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ដោយផ្តោតឡើងលើប្រធានបទសំខាន់ៗរួមមាន៖ ១- ភាពត្រឹមត្រូវនៃកិច្ចដំណើរការនីតិវិធី, ២- ភាពត្រឹមត្រូវនៃយុត្តាធិការ, ៣- បទឧក្រិដ្ឋដែល ខៀវ សំផន ត្រូវសម្រេចដាក់ពិរុទ្ធភាព, និង៤-វគ្គបិទសវនាការរួមបញ្ចូលបទបង្ហាញសង្ខេបបដិសេធរបស់មេធាវីការពារក្តី ព្រមទាំងឱកាសសម្រាប់ខៀវ សំផន ថ្លែងទៅកាន់អង្គជំនុំជម្រះដោយ ផ្ទាល់នៅក្នុងអំឡុងពេលសវនាការលើបណ្តឹងសាទុក្ខ។

លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរ ក្រហម បានថ្លែងថា ថ្ងៃនេះជាថ្ងៃដ៏មានសារសំខាន់បំផុតសម្រាប់យុត្តិធម៌អន្តរជាតិ សម្រាប់មនុស្សជាតិ ជាពិសេសសម្រាប់ជនរងគ្រោះនៃរបបខ្មែរក្រហម អ.វ.ត.ក បានបើកសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំ រឿង ០០២/០២ ប្រឆាំងនឹងខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យតែម្នាក់គត់ ដែលនៅរស់រានមានជីវិត ដើម្បីឈានទៅការបញ្ជាក់ចុងក្រោយថា ខៀវ សំផន នឹងមានពិរុទ្ធភាពដូចអ្វីដែលអង្គជំនុំជម្រះសាលាដំបូងនៃអ.វ.ត.ក រកឃើញ និងសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមដែរឬទេ។

គួររំឭកថា សាលក្រមក្នុងសំណុំរឿង០០២/០២ ត្រូវបានអង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក ប្រកាសនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតប្រឆាំងនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ដែលបានប្រព្រឹត្តឡើងនៅតាមទីកន្លែងនានានៅក្នុងប្រទេសកម្ពុជា អំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យគ្រប់គ្រងប្រទេសពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។

សវនាការលើបណ្តឹងសាទុក្ខសំណុំរឿង ០០២/០២ ជាផ្នែកចុងក្រោយនៃសំណុំរឿង ០០២ ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម ៤ រូប។ ជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ បច្ចុប្បន្នមានអាយុ ៩១ ឆ្នាំ។ ជនជាប់ចោទជាអតីតមេដឹកនាំខ្មែរក្រហម ៣ រូបទៀតបានស្លាប់បាត់បង់ជីវិត ក្នុងនោះ ទី១-នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជន ស្លាប់នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ក្នុងអំឡុងពេលនៃដំណើរការបណ្តឹងសាទុក្ខក្នុងសំណុំ រឿង ០០២/០២ ដែលគាត់ត្រូវបានអង្គជំនុំជម្រះសាលាដំបូងសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ទី២-អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសស្លាប់នៅខែមីនា ឆ្នាំ២០១៣ និង អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ស្លាប់នៅឆ្នាំ២០១៥។

អង្គជំនុំជម្រះតុលាការកំពូល នៃ អ.វ.ត.ក រំពឹងថា នឹងប្រកាសសាលដីកាស្ថាពររបស់ខ្លួនលើសំណុំរឿង ០០២/០២ ឆ្នាំ២០២២ខាងមុខ ក្រោយបើកសវនាការលើបណ្តឹងសាទុក្ខ៕ AKP

អត្ថបទទាក់ទង