សំណេរអត្ថន័យដ៏ជ្រាលជ្រៅបំផុតរបស់សម្តេចតេជោ ហ៊ុន សែន រៀបរាប់រម្លឹកអំពីគុណបំណាច់ជាច្រើនរបស់លោក ឡេ ឌឹកអាញ់ នៅលើសៀវភៅក្រាំងមាស
នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងជាការជូនដំណើរជាលើកចុងក្រោយដល់សព លោក ឡេ ដឹកអាញ់ (Le Duc Anh) អតីតប្រធានាធិបតី និងជាអតីតមេទ័ពវៀតណាម ដែលបានជួយកម្ពុជា ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញសរសេរលើសៀវភៅក្រាំងមាស នៃការចូលរួមមរណទុក្ខ ជូនចំពោះរដ្ឋ រដ្ឋាភិបាល គ្រូសារសព និងប្រជាជនវៀតណាម ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត។
សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ខ្ញុំ និងគណៈប្រតិភូបក្ស រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា បានមកជូនដំណើរអ៊ុជាលើកចុងក្រោយ ដែលគ្មានពេលនឹងបានជួបវិញ។ តាំងពីបានជួបគ្នាលើកដំបូង នាដើមឆ្នាំ១៩៧៨ នៅមន្ទីរពេទ្យថុងញិត ក្រុងហូជីមិញ រហូតមកដល់ពេលនេះ រូបអ៊ុផ្ទាល់រួមជាមួយកងទ័ព និងប្រជាជនវៀតណាម បានជួយដល់ប្រជាជនកម្ពុជាច្រើនណាស់»។
សម្តេចបានរៀបរាប់បន្តថា «កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកសាងឡើងក្រោមការជួយឧបត្ថម្ភផ្ទាល់ពីសំណាក់លោកអ៊ុ ដែលពេលនោះ លោកអ៊ុ ជាមេបញ្ជាការយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម។ ការរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ការទប់ស្កាត់ការវិលត្រឡប់ នៃរបបប្រល័យពូជសាសន៍ ការកសាងកម្ពុជាឡើងវិញ ពិសេសការរីកធំធាត់ នៃកងទ័ពកម្ពុជា ។ល។ សុទ្ធតែមានការរួមចំណែករបស់លោកអ៊ុ។ ក្នុងពេលបំពេញភារកិច្ចនៅកម្ពុជា លោកអ៊ុបានតំណាងឲ្យបក្ស រដ្ឋាភិបាល និងកងទ័ពស្ម័គ្រចិត្តវៀតណាម អនុវត្តបានយ៉ាងពេញលេញ នូវគោលការណ៍ គោរពឯករាជ្យ អធិបតេយ្យភាពកម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់ នូវការជ្រើសរើសរបស់ប្រជាជនកម្ពុជា នូវប្រព័ន្ធនយោបាយ សេដ្ឋកិច្ចសង្គមរបស់កម្ពុជា»។
សម្តេចតេជោ បានបន្តថា «ក្នុងពេលបំពេញមុខងារជាប្រធានរដ្ឋវៀតណាម លោកអ៊ុជាមនុស្សម្នាក់ ដែលបានរួមជាមួយបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ជំរុញនូវទំនាក់ទំនងលើគ្រប់វិស័យ រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ឲ្យរីកចម្រើនយ៉ាងឆាប់រហ័ស។ តាំងពីពេលស្គាល់គ្នារហូតមកដល់ពេលបែកគ្នា លោកអ៊ុ តែងយកចិត្តទុកដាក់ដល់រូបខ្ញុំ ភរិយា និងកូនៗ របស់ខ្ញុំ ដូចឪពុក និងកូន ជីតានិងចៅ»។
សម្តេចបានបន្ថែមទៀតថា «ខ្ញុំនៅចាំបានថា នៅក្នុងគ្រាដែល ខ្ញុំលំបាកបំផុត ពេលកងសាងកងទ័ពដំបូង លោកអ៊ុបានផ្តល់នូវការឧបត្ថម្ភគ្រប់យ៉ាង ដើម្បីឲ្យកងទ័ពកម្ពុជា បានរីកធំធាត់យ៉ាងឆាប់រហ័ស។ លោកអ៊ុមិនពិសារបារីទេ តែលោកអ៊ុមិនភ្លេចផ្ញើបារីឲ្យខ្ញុំ ដោយសាអ៊ុដឹងថា ខ្ញុំជាអ្នកជក់បារីច្រើន។ លោកអ៊ុតែងផ្តល់យោបល់ឲ្យខ្ញុំថែសុខភាព។ ក្នុងឋានៈជាអ្នកនយោបាយមួយរូប និងជាមេបញ្ជាការកងទ័ពមួយរូប ខ្ញុំបានចាត់ទុកលោកអ៊ុ ជាអ្នកកំពូលយុទ្ធសាស្រ្តលើផ្នែកយោធា និងនយោបាយ ដែលខ្ញុំពុំទាន់ជួបមនុស្សផ្សេងទៀត នៅតាមប្រទេសនានានៅឡើយ។ សូមគោរពលា និងជូនដំណើរ លោកអ៊ុ ដោយក្តៅអាឡោះអាល័យជាមួយនឹងទុក្ខដ៏ក្រៀមក្រំបំផុត»។
សូមបញ្ជាក់ថា លោក ឡេ ដឹកអាញ់ បានទទួលមរណភាពក្នុងអាយុ៩៩ឆ្នាំ កាលពីវេលាយប់ ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ដោយសាររោគាពាធ។ លោក Duc Anh បានចំណាយពេលភាគច្រើន ក្នុងមួយជីវិតរបស់លោក នៅឯភាគខាងត្បូងប្រទេសវៀតណាម ជាទីដែលរូបលោកបានចូលរួមក្នុងសង្រ្គាម របស់បក្សកុម្មុយនិស្តវៀតណាម ប្រឆាំងនឹងអាមេរិក។
លោក Duc Anh បានកាន់មុខតំណែងជាប្រធានាធិបតីវៀតណាម ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៧ ដោយនៅឆ្នាំ១៩៩៥ លោកបានក្លាយជាប្រមុខរដ្ឋវៀតណាមដំបូងគេ ដែលបានឈានជើងជាន់លើទឹកដីអាមេរិក ក្រោយសម័យសង្រ្គាមវៀតណាម នៅពេលដែល រូបលោកធ្វើដំណើរទៅចូលរួមគម្រប់ខួប ៥០ឆ្នាំ របស់អង្គការសហប្រជាជាតិនៅញូយ៉ក។
លោក Le Duc Anh ទទួលបានការអប់រំនៅក្នុងអតីតសហភាពសូវៀត (រុស្ស៊ីបច្ចុប្បន្ន) និងពិការភ្នែកមួយចំហៀង និងធ្លាប់បានកាន់តួនាទីយោធាខុសគ្នាៗក្នុងអំឡុង សង្រ្គាមវៀតណាម ហើយលោក ក៏ត្រូវបាន ប្រទេសវៀតណាមចាត់ទុកជាបុគ្គលមួយរូប ដែលបានជួយរំដោះទីក្រុង សៃហ្គន (Saigon – ទីក្រុងហូជីមិញបច្ចុប្បន្ន) នៅក្នុងប្រតិបត្តិការវាយ និងផ្តួលរំលំរដ្ឋាភិបាលវៀតណាមខាងត្បូង ដែលគាំទ្រដោយអាមេរិក៕
ប្រភព៖ Fresh News