អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្តដុតបំផ្លាញគ្រឿងញៀនប្រមាណជាង៦០គីឡូក្រាម ដែលបង្រ្កាបបានពីបទល្មើសក្នុងខេត្តចំនួន៦

បាត់ដំបង៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្តដុតបំផ្លាញគ្រឿងញៀនប្រមាណជាង៦០គីឡូក្រាម នៃសំណុំរឿងចំនួន១០៩១ ដែលបង្រ្កាបបានពីបទល្មើសក្នុងខេត្តចំនួន៦ ដើម្បីជាសារឆ្លើយតប និងជាសកម្មភាពដែលបង្ហាញឲ្យសារធារណជនទូទៅបានឃើញថា វត្ថុតាងគ្រឿងញៀន ដែលបង្កហានិភ័យ និងនាំឲ្យមានភាពអន្តរាយ ត្រូវបានដុតបំផ្លាញចោលនាឱកាសប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ មិថុនា មកប្រារព្ធនៅថ្ងៃទី២៩ ខែកក្កដា នេះដោយសារបញ្ហាជំងឺកូវីដ-១៩ ។
លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីដុតបំផ្លាញគ្រឿងញៀនប្រមាណជិត៦៣គីឡូក្រាម នៃសំណុំរឿងចំនួន១០៩១ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២១ ដើម្បីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីលានបាល់ទាត់ ស្ថិតនៅភូមិរំចេក សង្កាត់រតន: ក្រុងបាត់ដំបងខេត្តបាត់ដំបង។
ក្នុងពិធីនេះដែរ មានការអញ្ជើញជាគណ:អធិបតីពីលោក ងួន រតន: អភិបាល និងប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង និងលោក នួន សាន អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ព្រមទាំងមានការអញ្ជើញចូលរួមពីស្ថាប័នតុលាការ និងប្រធាន -តំណាងលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តទាំង៦ ។
ក្នុងឱកាសនោះ លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងបានជម្រាបជូនអង្គពិធីទាំងមូលថា គ្រឿងញៀនប្រមាណជិត៦៣គីឡូក្រាម ដែលមន្ត្រីជំនាញបានដុតបំផ្លាញនាពេលនេះ គឺបង្រ្កាបបានពីបទល្មើស កាលពីឆ្នាំ២០២០នៅក្នុងខេត្ត ចំនួន៦ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ពោធិសាត់ និងខេត្តប៉ៃលិន។
ជាមួយគ្នានេះ លោក បានបន្ថែមថា បរិមាណគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នេះប្រសិនបើសមត្ថកិច្ចបង្រ្កាបមិនទាន់ពេលវេលាទេវានឹងពង្វក់ស្មារតីប្រជាពលរដ្ឋស្លូតត្រង់ពិសេសយុវជនឱ្យប្រើប្រាស់ដោយខុសច្បាប់ បណ្តាលឱ្យខូចសុខភាពនិងឈានរហូតដល់ប្រព្រឹត្តបទល្មើសជាអាទិ៍ អំពើឃាតកម្ម និងឧក្រិដ្ឋកម្ម បង្កអសន្តិសុខក្នុងសហគមន៍។
សូមបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ សមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង៣ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង៧ពាន់នាក់ និងចាប់យកគ្រឿងញៀនបានសរុបជាង៨៥០គីឡូក្រាម ៕
ប្រភព៖ information.gov