កាកបាទក្រហមកម្ពុជាឧបត្ថម្ភ៥ម៉ឺនដុល្លារ និងសម្ភារមួយចំនួនដល់មន្ទីរពេទ្យកុមារអង្គរ
កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានយកថវិកាចំនួន៥ម៉ឺនដុល្លារ ព្រមទាំងសម្ភារសុខាភិបាលមួយចំនួន ជូនដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងខ្វះខាតជំនួយព្យាបាលកុមារ។
មានប្រសាសន៍ក្នុងពិធីដែលរៀបចំនៅមន្ទីរពេទ្យកុមារអង្គរ លោកស្រី ពុំ ច័ន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា មានមតិផ្ដាំផ្ញើពីប្រធានកាកកាទក្រហមកម្ពុជា សម្ដេច ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទូទៅ ពិសេសកុមារ។ លោកស្រីបន្ថែមថា ថវិកា រួមនិងសម្ភារដែលប្រគល់ជូននៅពេលនេះ គឺជាជំនួយមួយផ្នែកសម្រាប់ជួយសម្រាលបន្ទុកនៃការខ្វះខាតបន្ទាន់ ពិសេសករណីថ្មីៗនៃការរកឃើញអ្នកជំងឺកូវីដ-១៩ ក្នុងមន្ទីរពេទ្យកុមារអង្គរ។
បន្ថែមពីនេះ លោកស្រី ពុំ ច័ន្ទីនី ក៏បានផ្តាំផ្ញើទៅអាណាព្យាបាលដែលនាំកូនមកព្យាបាលក្នុងមន្ទីរពេទ្យកុមារអង្គរ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ព្រោះថាមេរោគមានគ្រប់កន្លែង ត្រូវអនុវត្ត៣ការពារ ៣កុំ ឱ្យខ្ជាប់ខ្ជួនទាំងអស់គ្នា។
នាយកមន្ទីរពេទ្យកុមារអង្គរ លោក ងួន ច័ន្ទភាក្រ្ដា បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ដែលជានិចច្ចកាលតែងឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងបុព្វហេតុមនុស្សធម៌សម្រាប់កុមារកម្ពុជា។ លោកវេជ្ជបណ្ឌិត បានរំលឹកថាពីករណីផ្ទុះជំងឺកូវីដ-១៩ ចំនួន២ករណីក្នុងមន្ទីរពេទ្យនេះ ដែលករណីទី១ លើទារកអាយុ៨ខែ និងករណីទី២ កុមារអាយុ១ឆ្នាំជាង មកពីខេត្តកំពង់ធំ និងខេត្តព្រះវិហារ។ បច្ចុប្បន្ន នៅសល់អ្នកជំងឺ១នាក់ទៀត កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ឯម្នាក់ទៀតបានជាសះស្បើយត្រឡប់ទៅផ្ទះវិញហើយ។
សូមរំលឹកថា នេះជាឆ្នាំទី៣ហើយ ដែលកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ដែលចាប់ពីឆ្នាំ២០១៩មក ថវិកាឧបត្ថម្ភសរុបចំនួន ១២ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕