ខ្មែរប៉ុស្ដិ៍ Close

កាកបាទក្រហមកម្ពុជា-ជប៉ុន បើកវគ្គបំប៉នគ្រូបង្ហាត់វិជ្ជាសង្រ្គោះបឋម ជូនដល់សិក្ខាកាមជាគ្រូបង្គោលមកពីសាខា ២៥រាជធានី/ខេត្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1224
កាកបាទក្រហមកម្ពុជា-ជប៉ុន បើកវគ្គបំប៉នគ្រូបង្ហាត់វិជ្ជាសង្រ្គោះបឋម ជូនដល់សិក្ខាកាមជាគ្រូបង្គោលមកពីសាខា ២៥រាជធានី/ខេត្ត កាកបាទក្រហមកម្ពុជា-ជប៉ុន បើកវគ្គបំប៉នគ្រូបង្ហាត់វិជ្ជាសង្រ្គោះបឋម ជូនដល់សិក្ខាកាមជាគ្រូបង្គោលមកពីសាខា ២៥រាជធានី/ខេត្ត

នៅសណ្ឋាគារស្តារីអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នគ្រូបង្ហាត់វិជ្ជាសង្គ្រោះបឋម ដែលរៀបចំឡើងដោយកាកបាទក្រហមកម្ពុជា ក្រោមកិច្ចសហការ ជាមួយកាកបាទក្រហមជប៉ុន ជូនដល់សិក្ខាកាមជាគ្រូបង្គោល មកពី២៥រាជធានី ខេត្ត មានចំនួន៤៧នាក់ចូលរួម ។

លោកស្រីនាយិការង នាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា បានបញ្ជាក់ឱ្យដឹងថា វគ្គបំប៉ននេះនឹងដំណើរការរយៈពេល៣ថ្ងៃ ចាប់ទី០១ដល់០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការសហការរវាង កាកបាទក្រហមកម្ពុជា និងកាកបាទក្រហមជប៉ុន ក្នុងគោលបំណង កែតម្រូវ ពិនិត្យបច្ចេកទេស និងបង្កើនសមត្ថភាពគ្រូបង្គោលវិជ្ជាសង្គ្រោះ បឋមបន្ថែមទៀតតាមសាខានីមួយៗ ទាំង២៥សាខារាជធានី/ខេត្ត។

មានចំណាប់អារម្មណ៍នោះដែរ លោកស្រីតំណាងកាកបាទក្រហមជប៉ុន ក៏បានធ្វើការបញ្ជាក់ថា វិជ្ជាសង្រ្គោះបឋមគឺ ជាកត្តាដ៏សំខាន់បំផុត នៅតាមបណ្តាប្រទេសនីមួយៗលើកសកលលោកក្នុងការសង្រ្គោះអាយុជីវិតដល់ជន រងគ្រោះនូវឧប្បទ្ទវហេតុផ្សេងៗ។ វគ្គបំប៉ននេះក៏ជាការ ចែករំលែកនូវបទពិសោធន៍បច្ចេកទេសពីគ្នាទៅវិញទៅមកផងដែរ។

ជាមួយគ្នានេះដែរ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង បានលើក ឡើងថា ទោះបីយើងទាំងអស់គ្នាស្ថិតក្នុងយុគសម័យបច្ចេកវិទ្យាទំនើបក្តី ក៏ការសង្រ្គោះដោយមនុស្សដែលមានចំណេះដឹងអាចជួយដល់ជនរងគ្រោះគ្រប់ប្រភេទ ក្នុងនោះគ្រោះមហន្តរាយដោយធម្មជាតិ ដោយមនុស្ស ពិសេសគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងស្ទើរតែរាល់ថ្ងៃនោះ នៅតែមានសារៈសំខាន់ និងជាគន្លឹះក្នុងការជួយដល់អាយុជីវិតមនុស្ស ជាតិដដែល ហើយការងារនេះស្របតាមគោលការណ៍ គ្រឹះនៃចលនា អន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលសមាគមជាតិ ជាសមា ជិកទាំងអស់តែងបានប្រកាន់ខ្ជាប់ក្នុងបេសកកម្មមនុស្សធម៌របស់ខ្លួន ។

លោកស្រី ក៏បានរំលឹកផងដែរ នៃវគ្គ បំប៉នគ្រូបង្ហាត់វិជ្ជាសង្រ្គោះបឋម ដោយកាកបាទក្រហមកម្ពុជា រួមសហការជាមួយកាកបាទក្រហមជប៉ុន បានបើក ដំណើរពីរវគ្គមកហើយ ក្នុងគោលបំណងព្រឹងសមត្ថភាព ជំនួយការគ្រួបង្គោល ឲ្យក្លាយជាគ្រូបង្ហាត់វិជ្ជាសង្រ្គោះបឋម របស់សាខា រាជធានី ខេត្តទាំង២៥ បានយកទៅអនុវត្តន៍ជាក់ស្តែង។

លោកស្រី បានបន្តទៀតថា តាមរយៈការផ្តល់ចំណេះដឹងនេះ គឺបានធ្វើ ការបណ្តុះបណ្តាលដល់អ្នកស្ម័ត្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និង តាមគ្រឹះស្ថានសិក្សាដើមី្បធ្វើការចែករំលែកបន្តដល់ប្រជាពលរដ្ឋតាមសហគមន៍ និង ផ្តល់នូវបទពិសោធន៍ ដើមី្បញ៉ាំងឱ្យបេសកកម្មមនុស្សធម៌ នេះ មានប្រសិទ្ធភាព ក្នុងបរិបទនៃសកលភាវូបនីយកម្ម។

ក្នុងនោះលោកស្រី ក៏បានធ្វើការផ្តាំផ្ញើដល់ សិក្ខាកាមទាំងអស់ឱ្យខិតខំ យកចិត្តទុកដាក់សិក្សារៀនសូត្រក្នុងរយៈពេល៣ថ្ងៃនេះ ដើមី្បទទួល បាននូវចំណេះដឹង និងបទពិសោធន៍ បច្ចេកទេសថ្មីៗ យកទៅធ្វើការផ្សព្វ ផ្សាយ និង អនុវត្តបន្តនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបទៅដោយ ប្រសិទ្ធភាពខ្ពស់៕

អត្ថបទទាក់ទង