ខ្មែរប៉ុស្ដិ៍ Close

សាខាកាកបាទក្រហមខេត្តសៀមរាបជួបពិភាក្សាជាមួយប្រតិភូអឌ្ឍចន្ទក្រហម ម៉ាឡេស៊ី

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧ ព័ត៌មានទូទៅ 84
សាខាកាកបាទក្រហមខេត្តសៀមរាបជួបពិភាក្សាជាមួយប្រតិភូអឌ្ឍចន្ទក្រហម ម៉ាឡេស៊ី សាខាកាកបាទក្រហមខេត្តសៀមរាបជួបពិភាក្សាជាមួយប្រតិភូអឌ្ឍចន្ទក្រហម ម៉ាឡេស៊ី

នៅរសៀលថ្ងៃច័ន្ទ ៨រោច ខែ មគសិរ ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១១ ខែធ្នូ គ.ស២០១៧ លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអនុញ្ញាតឲ្យប្រតិភូអឌ្ឍចន្ទក្រហម ម៉ាឡេស៊ី ដឹកនាំដោយលោក អ៊ិន ម៉ូរ៉ូហ្គេន លេខាធិការកិត្តិយសនៃសមាគមអឌ្ឍចន្ទក្រហម ម៉ាឡេស៊ី រដ្ឋស៊ីឡាំងហ្គ័រ ជួបពិភាក្សាស្វែងយល់ការងារមួយចំនួន នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ។

មានប្រសាសន៍ស្វាគមន៍នាឱកាសនោះ លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាបនាពេលនេះ ដោយបានគូសបញ្ជាក់ថា ដើម្បីបន្តចូលរួមអនុវត្តន៍ឲ្យ សម្រេចបាន យុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០១១-២០២០ នោះ កាកបាទក្រហមកម្ពុជាបានកំណត់នូវ ទស្សនវិស័យ គឺ រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និង ការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះនោះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននិងកំពុងបន្តយកចិត្តទុកដាក់បំពេញការងារមនុស្សធម៌ស្របតាមវិស័យស្នូលទាំង៤ លើការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពសហគមន៍ និង លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា រួមទាំងការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន ។ ក្នុងនោះលោកជំទាវក៏បាន លើកនូវគោលការណ៍គ្រឹះ និង ការអនុវត្តរបស់សាខាកាកបាទក្រហមខេត្តសៀមរាប ដោយ ផ្តោតឆ្ពោះលើការជួយដល់គ្រួសារងាយរងគ្រោះ និង ពង្រឹង បណ្តុះបណ្តាលសមត្ថភាពនៅគ្រប់អនុសាខា អ្នកស្ម័ត្រចិត្ត នៅតាមមូលដ្ឋានផងដែរ ។

លោកជំទាវក៏មានសង្ឃឹមជឿជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូ អឌ្ឍចន្ទ ក្រហម ម៉ាឡេស៊ីនៅខេត្តសៀមរាបនាពេលនេះ យើងនឹងបានផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ដែលធ្វើឲ្យ កិច្ចសហប្រតិបត្តិការ ក្នុងការទំនាក់ទំនងគ្នារវាងសាខាកាកបាទក្រហមខេត្តសៀមរាប និង សមាគមអឌ្ឍចន្ទក្រហម ម៉ាឡេស៊ី រដ្ឋស៊ីឡាំងហ្គ័រ ផងដែរ ។

ក្នុងនោះដែរលោក អ៊ិន ម៉ូរ៉ូហ្គេន ប្រធានគណៈប្រតិភូ ក៏បានសំដែងនូវអំណរគុណ និង កោតសរសើរជាខ្លាំងដល់កាកបាទក្រហមកម្ពុជា ដែលមានកិច្ចសការល្អ លើការអភិវឌ្ឍរីកចម្រើនគួរកត់សម្គាល់ សំខាន់ គឺបានចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៍ល្អៗ ចំពោះដំណើរទស្សនកិច្ចនេះ ។ ក្នុងនោះលោកក៏បានបញ្ជាក់ពីគោលបំណង របស់ ប្រតិភូ ក្នុងដំណើរទស្សនកិច្ចស្វែងយល់នៅទឹកដីប្រវត្តិសាស្ត្រសៀមរាប ដើមី្បគ្រោងចាប់ដៃជាសម្ព័ន្ធមេត្រីភាព ជា មួយសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងវិស័យមនុស្សធម៌ ។ ក្នុងនោះលោកក៏បានលើកនូវគម្រោងមួយ ចំនួន ដោយផ្តោតទៅលើបញ្ហាទឹកស្អាត បរិស្ថានព្រៃឈើ (ការដាំដុះកូនឈើ ) និង ការងារសង្រ្គោះបឋមផងដែរ ។

ក្នុងកិច្ចពិភាក្សានោះ គណៈប្រតិភូក៏បានលើឡើង ពីការបណ្តុះបណ្តាលលើជំនាញការដាំដុះកូនឈើកោងកាង ការ រៀបចំធ្វើទឹកស្អាត ព្រមទាំងជំនាញការសង្រ្គោះបឋមទៀតផង ។ ក្នុងនោះដែរប្រតិភូ មានការកោតសរសើរ ចំពោះ ក្រុមយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា មានស្មារតី យកចិត្តទុកដាក់ខ្ពស់ លើការងារមនុស្សធម៌ ក្នុងការបញ្ចេញនូវ ចំណេះដឹងលើការងារសង្រ្គោះបឋម ប្រកបដោយបច្ចេកទេសខ្ពស់ទៀតផង ។ លោកក៏មានសង្ឃឹម ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និង សមាគមអឌ្ឍចន្ទក្រហម ម៉ាឡេស៊ី រដ្ឋ ស៊ីឡាំងហ្គ័រ និងមានទំនាក់ទំនង សហប្រតិបត្តិការល្អនឹងគ្នា សម្រាប់ទៅពេលអនាគតផងដែរ ។

សូមបញ្ជាក់ផងដែរថា នៅព្រឹកមិញថ្ងៃនេះដែរ គណៈប្រតិភូបានអញ្ជើញទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ អំពីវិជ្ជាសង្គ្រោះបឋម រវាងយុវជនកាកបាទក្រហកម្ពុជា នៃវិទ្យាល័យ ១០ មករា ១៩៧៩ និង យុវជននៃសមាគមអឌ្ឍចន្ទក្រហម ម៉ាឡេស៊ី រដ្ឋស៊ីឡាំងហ្គ័រ នៅវិទ្យាល័យ ១០ មករា ១៩៧៩ ផងដែរ ៕

 

អត្ថបទទាក់ទង