អាជ្ញាធរ និងគ្រូពេទ្យ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជួយសង្គ្រោះស្រ្តីម្នាក់ឆ្លងទន្លេតាមដងផ្លូវ
ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពបួរ និងអាជ្ញាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានជួយសម្រាលកូនដល់ស្រ្តីម្នាក់ នៅតាមដងផ្លូវ ប្រកបដោយសុវត្ថិភាព ទាំងម្តាយនិងទារក កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីផ្ទះរបស់ស្រ្តីនោះបានរងគ្រោះដោយជំនន់ទឹកភ្លៀង មិនអាចទៅពេទ្យរួច។
លោក នូវ រិទ្ធី អភិបាលរងស្រុកភ្នំព្រឹក បានឱ្យដឹងថា ស្រ្តីខាងលើនេះបានឈឺពោះឆ្លងទន្លេ ខណៈផ្លូវថ្នល់ចូលផ្ទះរបស់គាត់បានលិចលង់ដោយជំនន់ទឹកភ្លៀង មិនអាចធ្វើដំណើរនិងជិះឆ្លងកាត់ ដោយឡានម៉ូតូបាន។ ស្រ្តីខាងលើនេះ ត្រូវបានសហគមន៍ និងអាជ្ញាធរបញ្ជូនតាមទូកឆ្លងកាត់ទឹកជំនន់ដែលកួចខ្លាំង នៅចំណុចភូមិដំណាក់បេង ឃុំភ្នំព្រឹក បញ្ជូនឡើងទៅទីទួលសុវត្ថិភាព។ ដោយឈឺពោះខ្លាំងទ្រាំលែងបាន ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព បានជួយសម្រាលកូនដល់ស្រ្តីខាងលើនៅលើដងផ្លូវតែម្តង។
អ្នកស្រី កង សុផា សមាជិកក្រុមប្រឹក្សាឃុំបួរ ទទួលបន្ទុកស្រ្តីនិងកុមារ បានឱ្យដឹងថា ស្រ្តីខាងលើ ឈ្មោះ ឃី ចំប៉ី អាយុ ២៤ឆ្នាំ មានប្តីឈ្មោះ ណាត់ ស៊ីណា អាយុ៣៧ឆ្នាំ រស់នៅភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ដែលមានមុខរបរ ជាកម្មករ។ អ្នកស្រីបញ្ជាក់ថា ស្រ្តីខាងលើដែលឆ្លងទន្លេតាមផ្លូវនេះ បានកូនប្រុស ដែលជាកំណើតកូនទីពីរ។
បច្ចុប្បន្ននេះ ទាំងម្តាយនិងទារក ខាងលើត្រូវបានអាជ្ញាធរនិងក្រុមគ្រូពេទ្យបញ្ជូនទៅកាន់មណ្ឌលសុខភាពបួរ ដើម្បីសម្រាកព្យាបាលថែទាំ នៅទីនោះដោយសុខភាពទាំងម្តាយនិងកូនល្អប្រសើរធម្មតា។
សូមបញ្ជាក់ថា ភ្លៀងធ្លាក់ជាច្រើនថ្ងៃ ចាប់ពីថ្ងៃទី១៤ កក្កដា រហូតមក បានជន់លិចឃុំចំនួនបួន នៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលរួមមានឃុំពេជ្រចិន្តា ឃុំភ្នំព្រឹក ខុះបារាំងធ្លាក់ និងឃុំបួរ។ ជំនន់ទឹកភ្លៀងនេះបាន ប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាង ៦៥៦ខ្នង ក្នុងនោះលិចលង់ទាំងស្រុង ៧៤ខ្នង និងខូចខាតផ្លូវថ្នល់ និងផលដំណាំជាច្រើនផងដែរ៕