ខ្មែរប៉ុស្ដិ៍ Close

រយៈពេល៥ថ្ងៃ ខេត្តបាត់ដំបង ទទួលបានចំណូល ប្រមាណជាង៦លានដុល្លារអាមេរិកពីភ្ញៀវទេសចរ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ កំសាន្ដ & ប្លែកៗ 39
រយៈពេល៥ថ្ងៃ ខេត្តបាត់ដំបង ទទួលបានចំណូល ប្រមាណជាង៦លានដុល្លារអាមេរិកពីភ្ញៀវទេសចរ រយៈពេល៥ថ្ងៃ ខេត្តបាត់ដំបង ទទួលបានចំណូល ប្រមាណជាង៦លានដុល្លារអាមេរិកពីភ្ញៀវទេសចរ

រយៈពេល៥ថ្ងៃ នៃការឈប់សម្រាកសងជំនួសថ្ងៃ បុណ្យចូលឆ្នាំប្រពៃណីជាតិ ខេត្តបាត់ដំបង ទទួលបានចំណូល ប្រមាណជាង៦លានដុល្លារអាមេរិក ពីភ្ញៀវទេចរជាតិនិងអន្តរជាតិ ខណៈដែលអ្នកមក លេងកម្សាន្ត ជាង១៣ម៉ឺននាក់ ។ លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃឈប់សម្រាក សងជំនួសថ្ងៃចូលឆ្នាំខ្មែរនេះ នៅខេត្តបាត់ដំបង ទទួលបានភ្ញៀទេសចរណ៍សរុបចំនួន ១៣៣៣៤៩នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ចំនួន១៣២៥២៤នាក់និងភ្ញៀវទេសចរអន្តរជាតិ ចំនួន៨២៥នាក់ ដែលទទួលបាន ចំណូលសរុប ៦ ៦៩២ ២០០ដុល្លារ។ លោក បន្តថា គោលដៅទេសចរណ៍ សំខាន់ៗ ដែលភ្ញៀវចូលចិត្តទៅលេងកម្សាន្ត មានដូចជា៖ រមណីយដ្ឋានប្រាសាទបាណន់,ភ្នំសំពៅ,ប្រាសាទឯកភ្នំ,ប្រាសាទបាសែត, អាងកំពីងពួយ,ទឹកធ្លាក់ចំការស្វាយ,ស្ទឹងថ្មដាចំការធុរេន,ទឹកធ្លាក់៥៣ភ្នំព្រឹក,នគរជុំភ្នំព្រឹក,ភ្នំកំពូល,ចំការទុរេនអូរតង,ស្ទឹងថ្វាក,ទឹកធ្លាក់អូរជាំ,ល្អាងភ្នំប្រាំពីរ,ផ្ទះផ្កា,មណ្ឌលកម្សាន្តឡូរីជើងភ្នំបាណន់ជាដើម។

«សំឡេង៖ យ៉ាងណាមិញខេត្តបាត់ដំបងក៏ទទួលផលបានច្រើនដែរពីការស្នាក់នៅក៏ដូចជាម្ហូបអាហារ ហើយនៅតាមតំបន់ផ្សេងៗគឺទទួលបានច្រើន ដោយសារតែកន្លងទៅ សេដ្ឋកិច្ចរបស់យើងបានជួបនឹងវិបត្តិ អ៊ីចឹងការធ្វើដំណើររយៈពេល៥ថ្ងៃនេះធ្វើអោយ លំហូរនៃភ្ញៀវទេសចរ ក្នុងថ្ងៃឈប់សម្រាកនេះ ខេត្តបាត់ដំបងមានចំនួនច្រើនគួរឲ្យកត់សំគាល់ ព្រមទាំងមានការចំណាយខ្ពស់ពីភ្ញៀវទេសចរ ទៅលើការចាយវាយផ្សេងៗ ដូចជាការធ្វើដំណើរ ការស្នាក់នៅ ម្ហូប អាហារ និងការចូលទស្សនាអីផ្សេងៗ អ៊ីចឹងចំណូលទាំងអស់គឺចូលដល់ប្រជាជនភាគច្រើន ជាពិសេសគឺនៅស្រុកបាណន់និងស្រុកសំឡូត ដែលទទួលបានផលច្រើនជាងគេ។ »

លោកប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានបញ្ជាក់ ថា រយៈពេល៥ថ្ងៃ កន្លងទៅនេះមិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ។ក្នុងនោះមន្ទីរទេសចរណ៍ បានសហការជាមួយមន្ទីរសុខាភិបាល និងអាជ្ញាធរពាក់ពន្ធ័ចុះផ្សព្វផ្សាយនិងធ្វើការណែនាំទៅដល់ម្ចាស់រមណីយដ្ឋាន ព្រមទាំងភ្ញៀវទេសចរ ដែលទៅកម្សាន្ត ត្រូវឱ្យអនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាឲ្យបាននូវសន្តិសុខនិងសុវត្ថិភាពជូនដល់ភ្ញៀវទេសចរ ដែលបានចូលទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍ទាំងនោះបានយ៉ាងល្អប្រសើរថែមទៀតផង៕