ខ្មែរប៉ុស្ដិ៍ Close

ដំណឹងល្អ! អាហារូបករណ៍​សម្រាប់​សិស្ស​កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 15
ដំណឹងល្អ! អាហារូបករណ៍​សម្រាប់​សិស្ស​កម្ពុជា ដំណឹងល្អ! អាហារូបករណ៍​សម្រាប់​សិស្ស​កម្ពុជា

កាល​ពី​ម្សិលមិញ​ក្រុមហ៊ុន​ពហុ​សាជីវកម្ម​ឈានមុខ​គេ​នៅ​ក្នុង​តំបន់​អាស៊ាន SCG បាន​ប្រកាស​​​បន្ថែម​​​​អាហារូបករណ៍​ដល់​សិស្ស-និស្សិត​កម្ពុជា ជា​កម្មវិធី​​មាន​ឈ្មោះ​ថា “​អេសស៊ីជី ចែក​រំលែក​ក្តី​សុបិន” ស្រប​ពេល​ដែល​ខ្លួន​​នៅតែ​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​​​ក្នុង​ការ​ផ្ដល់​ឱកាស​អប់រំ​កាន់តែ​ប្រសើរ​ដល់​សិស្ស-និស្សិត​រស់​នៅ​តាម​សហគមន៍ ដែល​មាន​ចិត្ត​មោះមុត​ចង់​បន្ត​ការសិក្សា​។


នាយក​ក្រុម​ហ៊ុន​ប្រចាំ​​កម្ពុជា​លោក ស៊ុម​វ៉ាង ម៉ាន​ភី​ម៉ុន​ឆាយ បានឲ្យ​ដឹង​ថា​៖ “​SCG មាន​ការ​តាំងចិត្ត​ក្នុង​ការ​ផ្ដល់​ប្រយោជន៍​ដល់​ស​ង្គ​ម​ដែល​ខ្លួន​កំពុង​ធ្វើ​ប្រតិបត្តិការ និង​ជឿជាក់​ថា​ការ​អប់​រំ​គឺជា​គន្លឹះ​សំ​ខាន់​សម្រាប់​ភាព​រីកចម្រើន​ប្រកប​ដោយ​និរន្តរភាព​ដល់​កម្ពុជា។ យើង​មាន​មោទនភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​បន្ត​កម្មវិធី​អាហារូបករណ៍ ដើម្បី​ជួយ​គាំទ្រ​ដល់​សិស្ស​-​និស្សិត ដែល​រៀន​ពូកែ ចេះ​ដឹងគុណ​គ្រួសារ និង​មាន​ទឹកចិត្ត​មោះមុត​​ដើម្បី​សិក្សា ព្រម​ទាំង​ចេះ​គិត​គូ​​ររួម​ចំ​ណែ​ក​ជួយ​ដល់​សង្គម​វិញ”។
(លោក ស៊ុម​វ៉ាង ម៉ាន​ភី​ម៉ុន​ឆាយ នាយក​ក្រុម​ហ៊ុន​ SCG ប្រចាំ​​កម្ពុជា​)

លោក​បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​ការ​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ថ្នាក់​វិទ្យាល័យ​ចំនួន ២៥០ នាក់​ ឆ្នាំ​នេះ​ក្រុមហ៊ុនSCG ​​នឹង​​បន្ថែម​អាហារូបករណ៍​ចំនួន ១០ កន្លែង​ទៀត សម្រាប់​សិស្ស​ពូកែ​ក្នុង​កម្មវិធី​ដដែល​ឲ្យ​បន្ត​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​។ ការ​គាំទ្រ​ទំនុកបម្រុង​ផ្សេងៗ​នឹង​ត្រូវ​ផ្ដល់​ដល់​និស្សិត​ទាំង​នោះ​រហូត​​ពួកគេ​បញ្ចប់​ការសិក្សា​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ក្រុម​ហ៊ុន​​ក៏​​ប្ដេជ្ញា​​បន្ត​សកម្មភាព​​នេះ​នៅ​ឆ្នាំ​ក្រោយៗ​ដែរ។

(ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួន ណា​រ៉ុន)

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុន រដ្ឋ​ម​ន្ត្រី​ក្រសួង​អប់រំ យុវ​ជន និង​កីឡា បាន​កោត​ស​សើរ​ចំពោះសកម្មភាព​នេះ​ថា៖ “ការ​ផ្ដល់​អាហារូបករណ៍​​​នេះ​ គឺ​បាន​ជួយ​កាត់បន្ថយ​នូ​វ​ចំ​ណាយ​របស់​សិស្សានុសិស្ស ហើយ​អាច​ឲ្យ​គាត់​បញ្ចប់​ការសិក្សា​បាន។ នេះ​ជា​គំនិត​​ផ្ដួចផ្ដើម​មួយ​សំ​ខាន់ ហើយ​ក៏​មាន​ប្រយោជន៍​ដល់​សិស្ស​ទាំងអស់ ព្រោះ​​​ការ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​រៀន​នៅ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នេះ​ អាច​ឲ្យ​គាត់​ទទួល​បាន​នូវ​​កម្រិត​អប់រំ​​កាន់​តែ​ខ្ពស់ ហើយ​អាច​រៀន​ចប់ មាន​ការងារ​ធ្វើ និង​ទទួល​ប្រាក់បៀវត្សរ៍​សម​រម្យ​ដើម្បី​ជួយ​ដល់​គ្រួសារ​”​។

កម្មវិធី​អាហារូបករណ៍ “​អេស​ស៊ីជី ចែក​រំលែក​ក្តី​សុបិ​ន​” បាន​ដំណើរ​ការ​ចាប់​តាំង​ពី​ឆ្នាំ ២០១៤ ដោយ​​​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ជាង ៨០០ នាក់​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពត និង​កណ្ដាល និង​ជាង ៦ ០០០ កន្លែង​ដល់​សិស្ស​ពូកែ​​ក្នុង​តំបន់​អាស៊ាន៕


ប្រភព៖ Sabay