ខ្មែរប៉ុស្ដិ៍ Close

សហគមន៍តំបន់ការពារធម្មជាតិអូរគគីរ ស្រុកកូនមុំ ខេត្តរតនគីរីបានតម្លើងស្លាកសញ្ញាអប់រំការអភិរក្សធនធានធម្មជាតិ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 89
សហគមន៍តំបន់ការពារធម្មជាតិអូរគគីរ ស្រុកកូនមុំ ខេត្តរតនគីរីបានតម្លើងស្លាកសញ្ញាអប់រំការអភិរក្សធនធានធម្មជាតិ សហគមន៍តំបន់ការពារធម្មជាតិអូរគគីរ ស្រុកកូនមុំ ខេត្តរតនគីរីបានតម្លើងស្លាកសញ្ញាអប់រំការអភិរក្សធនធានធម្មជាតិ

ភ្នំពេញ៖ លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជាឱ្យដឹងថា គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ អូរគគីរនៅស្រុកកូនមុំខេត្តរតនគីរីបានតម្លើងស្លាក សញ្ញា នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិរបស់ខ្លួនកាលពី ពេលថ្មីៗនេះ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ការពារ និងអ្នកមកពីខាងក្រៅដែលមកអាស្រ័យផលនៅទីនោះបានឃើញស្លាកសញ្ញា ហាមឃាត់ ក៏ដូចជា សារអប់រំ ដែលទាក់ទងទៅនឹងការអភិរក្សធនធានធម្មជាតិជីវៈចម្រុះឱ្យនៅគង់វង្សបាន។

ការតម្លើងស្លាកសញ្ញាទាំងនេះ បន្ទាប់ពីពួកគាត់បានមើលឃើញពីផលប៉ះពាល់ផ្ទាល់ ដូចជា ការកាប់រុករានទន្រ្ទានយកដី និងការកាប់ព្រៃ និងបរបាញ់សត្វព្រៃ ដោយខុសច្បាប់ ទើបសហគមន៍បានសរសេរស្លាកសញ្ញា ការ ហាមកាប់បំផ្លាញព្រៃឈើ ហាមបរបាញ់ និងដាក់អន្ទាក់សត្វ និងហាមដុតព្រៃជាដើម ដើម្បីអប់រំផ្សព្វផ្សាយទប់ស្កាត់បទល្មើស នៅក្នុងតំបន់ការពារ។

ជាមួយគ្នានោះដែរ ប្រជាសហគមន៍ក៏បានចុះល្បាតជាប្រចាំខែ និងបានកត់ត្រាសត្វព្រៃបានសរុបចំនួន៤៧ប្រភេទ មានដូចជាត្រសេះ ដំរីនិងស្វាព្រាហ្មណ៍។

លោកនាយកកម្មវិធីអង្គការជីវិត សត្វស្លាបប្រចាំកម្ពុជា បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ត្រូវបន្តចូលរួមសហការទាំងអស់គ្នា ដើម្បីការពារនិងអភិរក្សសត្វព្រៃ និងធនធានធម្មជាតិជីវៈចម្រុះ ឱ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ ៕

អត្ថបទទាក់ទង