ខ្មែរប៉ុស្ដិ៍ Close

ក្រុមអ្នកអភិរក្សបានរកឃើញសំបុកសត្វត្រយងចង្កំកសចំនួន១០ សំបុកនៅដែនជម្រកសត្វព្រៃលំផាត់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 48
ក្រុមអ្នកអភិរក្សបានរកឃើញសំបុកសត្វត្រយងចង្កំកសចំនួន១០ សំបុកនៅដែនជម្រកសត្វព្រៃលំផាត់ ក្រុមអ្នកអភិរក្សបានរកឃើញសំបុកសត្វត្រយងចង្កំកសចំនួន១០ សំបុកនៅដែនជម្រកសត្វព្រៃលំផាត់

ក្រុមការងារអង្គការជីវិតសត្វស្លាបអន្តរជាតិគម្រោងលំផាត់ បានរកឃើញសំបុកសត្វត្រយងចង្កំកសចំនួន១០សំបុក នៅដែនជម្រកសត្វព្រៃលំផាត់នៅខេត្តរតនគីរី ដែលនេះជាសញ្ញាបញ្ជាក់ពីវត្តមានសត្វស្លាបដ៏កម្ររបស់កម្ពុជាមានឡើងវិញ។

លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជា បានប្រាប់ឱ្យដឹងថា នៅក្នុងរដូវបន្តពូជឆ្នាំ ២០២០-២០២១នេះ ក្រុមអ្នកជំនាញត្រួតពិនិត្យតាម ដានសត្វព្រៃ របស់អង្គការជីវិតសត្វស្លាបអន្តរជាតិកម្ពុជា ដែលរួមមានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី បានរកឃើញនូវសំបុកសត្វត្រយងចង្កំកសបានចំនួន១០សំបុក ដោយក្នុងនោះចំនួន៦សំបុកត្រូវបានរកឃើញថា ញាស់ដោយជោគជ័យ ដែលមានកូនសរុបចំនួន៨ក្បាល។ ដោយឡែកចំនួន៤សំបុកទៀតត្រូវបានរកឃើញថាបរាជ័យដោយសារការរំខានពីមនុស្ស ភ្លើងឆេះព្រៃ និងសត្វព្រៃដ៏ទៃទៀត។

លោកបានបញ្ជាក់ថា បើប្រៀបធៀបជាមួយរដូវបន្តពូជឆ្នាំ២០១៩-២០២០យើងឃើញថា មានស្ថានភាពថេរពោលគឺក្រុមការងាររបស់អង្គការជីវិតសត្វស្លាបបានរកឃើញសំបុកត្រយងចង្កំកសកាលពីឆ្នាំទៅសរុបមានចំនួន ១០សំបុក និងចំនួនសំបុកជោគជ័យ៦សំបុកដូចគ្នា ប៉ុន្តែចំនួនកូនដែលជោគជ័យមាន ការថយចុះពី១២ក្បាលកាល ពីឆ្នមនៅ មកនៅត្រឹមចំនួន៨ ក្បាល។

លោកបន្តថា ផ្អែកតាមលទ្ធ ផលនេះគឺទាមទារឱ្យមានការចូលរួមការពារសត្វត្រយងចង្កំកសទាំងអស់គ្នា ដើម្បីចៀសផុតពីការផុតពូជនៅប្រទេសកម្ពុជាយើងនាពេលខាងមុខ។

«កន្លងមកយើងបានចែកការងារជាបីធំទី១ធ្វើការអភិរក្សនិងអង្កេតតាមដានស្តារទីជម្រករបស់សត្វត្រយងជាដើម។ទី២យើងត្រូវគាំទ្រទៅដល់ឧទ្យានុរក្សក្នុងការ ល្បាតនិងអនុវត្តន៍ច្បាប់ឱ្យមានប្រសិទ្ធភាពនិងទី៣យើងត្រូវធ្វើការជាមួយសហគមន៍បង្កើនជីវភាពសហគមន៍ឬក៏ចងក្រងសហគមន៍ឱ្យគាត់មានលទ្ធភាពក្នុងសហគមន៍ចូលរួមក្នុងការគ្រប់គ្រងធន ធានធម្មជាតិនិងអភិរក្សសត្វជិតផុតពូជទាំងអស់គ្នា។អ៊ីចឹងផែនការទាំងបីនេះ យើងកំពុងធ្វើរយៈពេលវែងដើម្បីធានាថាសត្វជិតផុតពូជដូចជាត្រយងជាដើមនេះនៅមានវត្តមាននៅទីតាំងបន្តទៅទៀត»។

លោកបានបន្ថែមថា សត្វត្រយចង្កំកស គឺជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោកផងដែរ ដោយពួកវាមានរស់នៅតែក្នុងប្រទេសកម្ពុជា ឡាវ និងឥណ្ឌូណេស៊ីប៉ុណ្ណោះ ហើយចំនួននៅសេសសល់របស់វាភាគច្រើនរស់នៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា សត្វត្រយងចង្កំកស ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទសត្វ រងគ្រោះជិតផុត ពូជបំផុតនៅលើសាកល លោក ហើយបច្ចុប្បន្នត្រូវបានគេប៉ាន់ប្រមាណថាមានតិចជាង១ពាន់ក្បាលនៅលើពិភពលោក៕

អត្ថបទទាក់ទង